(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា មាននិស្សិតកម្ពុជាប្រមាណ ៨ពាន់នាក់ បានទទួលការបណ្តុះបណ្តាល និងអប់រំពីប្រទេសរុស្ស៊ី ហើយបច្ចុប្បន្នភាគច្រើន នៃនិស្សិតទាំងអស់នោះ កំពុងកាន់តំណែងខ្ពស់ៗនៅក្នុងរាជរដ្ឋាភិបាលកម្ពុជា។

ការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានធ្វើឡើងក្នុងឱកាសចូលរួមប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ខួប ៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី នៅរាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារអ៉ិនធើខុន។ ពិធីរំលឹកខួបអនុស្សាវរីយ៍នេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា លោក ឌីមីតទ្រី ស្វេតកូវ រួមនិងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និង មន្រ្តីស្ថានទូតរុស្ស៊ីជាច្រើននាក់ផ្សេងទៀត។

លោក ឌីមីតទ្រី ស្វេតកូវ ក៏បានលើកឡើងផងដែរថា ក្នុងចំណោមនិស្សិត ដែលរៀននៅប្រទេសរុស្ស៊ីនេះ មាននិស្សិត ៣រូប កំពុងធ្វើជារដ្ឋមន្រ្តី រួមមានលោក ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក ឌីមីតទ្រី ស្វេតកូវ ក៏បានឲ្យដឹងផងដែរថា បច្ចុប្បន្នមាននិស្សិតកម្ពុជាជាង ២០០នាក់ទៀត កំពុងសិក្សានៅប្រទេសរុស្ស៊ី៕