(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានចែករំលែកចំណេះដឹងផ្នែកច្បាប់ចំនួន៣ចំណុច ពាក់ព័ន្ធករណីសំណុំរឿងលោក កឹម សុខា និងរដ្ឋបរទេស។
លោកអះអាងថា ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ និងសាស្រ្តាចារ្យផ្នែកច្បាប់ និងវិទ្យាសាស្រ្តនយោបាយ និងបានតាមដានដំណើរការសំណុំរឿងនេះ យ៉ាងយកចិត្តទុកដាក់នាពេលកន្លងមក ដូចខាងក្រោម៖
ទី១៖ តាមអ្វីដែលបណ្តាញសារព័ត៌មានបានផ្សព្វផ្សាយព័ត៌មានក្រោយពេលសវនាការនៅពេលចាប់ផ្តើមសវនាការសំណុំរឿងនេះ នាពេលកន្លងមក, យើងឃើញថា មេធាវីរាជរដ្ឋាភិបាលបានស្នើសុំឱ្យតុលាការប្រើអក្សរជាតំណាង នៅពេលដែលមានឯកសារណាពាក់ព័ន្ធដល់រដ្ឋបរទេស។ ករណីនេះ ក៏ធ្លាប់បានអនុវត្តនៅឯអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលយើងស្គាល់ថា សាលាកាត់ក្តីមេដឹកនាំខ្មែរក្រហម។ មេធាវីរាជរដ្ឋាភិបាលក្នុងសំណុំរឿង បានបញ្ជាក់ជាមួយអ្នកសារព័ត៌មាននាពេលនោះថា ការស្នើសុំដូច្នេះ គឺក្នុងគោលបំណងដើម្បីកុំឱ្យប៉ះពាល់ដល់បណ្តារដ្ឋបរទេស ក៏ដូចជាទំនាក់ទំនងរវាងរដ្ឋបរទេស និងព្រះរាជាណាចក្រកម្ពុជា។
ទី២៖ នៅក្នុងសំណុំរឿងនេះ លោក កឹម សុខា ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទឃុបឃិតគ្នាជាមួយបរទេស ឬហៅថា បទសន្និដ្ឋិភាពជាមួយរដ្ឋបរទេស ដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ហើយមូលដ្ឋាននៃភស្តុតាងដ៏សំខាន់ជាងគេក្នុងសំណុំរឿងនេះ គឺជាវីដេអូឃ្លីប ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមបណ្តាញសង្គម ហើយដែលប្រជាពលរដ្ឋបានស្តាប់ដឹងលឺគ្រប់ៗគ្នា។ នៅក្នុងវីដេអូឃ្លីបនេះ, លោក កឹម សុខា បាននិយាយរៀបរាប់ដោយខ្លួនឯង អំពីអំពើឃុបឃិតគ្នាជាមួយបរទេស ដោយរាប់តាំងពីការដែលបរទេសជ្រើសរើសគាត់, បណ្តុះបណ្តាលគាត់ និងរៀបចំផែនការជួយគាត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយយកគំរូតាមបដិវត្តិពណ៌នៅយូហ្គូស្លាវី-ស៊ែរប៊ី ជាដើម។
ជាទិដ្ឋភាពច្បាប់, នេះអាចជាភស្តុតាងសមល្មមគ្រប់គ្រាន់ដែលអាចបង្ហាញអំពីការឃុបឃិតគ្នាជាមួយបរទេស ដែលជាធាតុផ្សំមួយក្នុងបទល្មើសសន្ទិដ្ឋិភាព (ឬឃុបឃិតគ្នា) ជាមួយរដ្ឋបរទេស។ ប្រជាពលរដ្ឋខ្មែរ ដែលបានស្តាប់តែសំដីលោក កឹម សុខា ដែលគាត់និយាយដោយខ្លួនឯងក្នុងវីដេអូឃ្លីប ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ គឺអាចដឹងច្បាស់ថាតើការឃុបឃិតគ្នាជាមួយបរទេសនេះ វាច្បាស់ និងរឹងមាំដូចម្តេច។
ម្យ៉ាងទៀត, ជាទិដ្ឋភាពច្បាប់ និងនីតិវិធីរបស់តុលាការ, សំណុំរឿងនៅតុលាការ តែកាលណាភស្តុតាងមានរឹងមាំគ្រប់គ្រាន់ គឺតុលាការអាចដំណើរការជំនុំជម្រះបានហើយ ដូចជាករណីដែលថា ក្នុងសំណុំរឿងមួយ ដែលមានជនល្មើសច្រើននាក់ ហើយជនល្មើសខ្លះ រត់គេចខ្លួន, ក៏តុលាការនៅតែអាចដំណើរការនីតិវិធីទៅមុខបានដដែល ដោយផ្អែកលើភស្តុតាងដែលមាន បើទោះបីជាជនល្មើសដែលរត់គេចខ្លួន មិនទាន់អាចត្រូវបានចាប់ខ្លួនបានក៏ដោយ។ ករណីបែបនេះ គឺជារឿងធម្មតានៅក្នុងដំណើរការនីតិវិធី ហើយអ្នករៀនច្បាប់បានជ្រៅជ្រះ ដឹងច្បាស់រឿងនេះ ហើយនៅស្រុកគេក៏ដូចគ្នាដែរ។
ទី៣៖ អ្នកចេះច្បាប់អន្តរជាតិ យល់ច្បាស់អំពីអនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីទំនាក់ទំនងការទូតរវាងរដ្ឋ និងរដ្ឋ។ ជាទិដ្ឋភាពច្បាប់, ទូតបរទេសតែងមានអភ័យឯកសិទ្ធិ ហើយមិនចំណុះទៅនឹងអំណាចតុលាការនៃរដ្ឋម្ចាស់ផ្ទះទេ។ តើនៅក្នុងទំនាក់ទំនងការទូត, ដែលឃើញមានតុលាការនៃរដ្ឋម្ចាស់ផ្ទះកោះហៅទូតបរទេសចូលទៅតុលាការដែរ ឬទេ? សូម្បីតែរឿងរដ្ឋប្បវេណី ក៏កម្រនឹងកើតមាន ឬមិនដែលកើតមានផង កុំថាឡើយដល់សំណុំរឿងព្រហ្មទណ្ឌ។
លោកបន្តថា ម្យ៉ាងទៀត យើងឃើញថា មេធាវីរបស់រដ្ឋាភិបាលតែងតែគិតផលប្រយោជន៍របស់ប្រទេសជាតិជាធំ សូម្បីតែរឿងឈ្មោះប្រទេស ក៏ក្រុមមេធាវីរាជរដ្ឋាភិបាលសុំឱ្យតុលាការប្រើអក្សរជាតំណាងដែរ ចៀសវាងប៉ះពាល់ដល់ទំនាក់ទំនងជាមួយរដ្ឋបរទេស ដែលធ្វើឲ្យខាតប្រយោជន៍ខ្មែរ។ ប៉ុន្តែ ក្រុមមេធាវីរបស់ជនជាប់ចោទ និងជនជាប់ចោទ តែងតែបានស្នើឱ្យតុលាការកោះហៅទូតបរទេសចូលសវនាការ ហើយខាងមេធាវីរដ្ឋាភិបាល និងសាធារណជនបានដឹងច្បាស់ណាស់ថាការធ្វើដូច្នេះ គឺជាល្បិចរបស់ភាគីជនជាប់ចោទ ដើម្បីរុញឱ្យរដ្ឋបរទេស ចូលក្នុងសំណុំរឿង និងដើម្បីប្រើប្រាស់ ឬបន្តអាងអំណាច ឬឥទ្ធិពលនៃរដ្ឋបរទេស ដើម្បីដាក់សម្ពាធលើកម្ពុជា ក្នុងបំណងជួយដកគាត់ចេញពីសំណុំរឿងព្រហ្មទណ្ឌនេះ ឬពីដំណើរការកាត់ក្តីរបស់តុលាការ។ ប៉ុន្តែ ប្រជាជនកម្ពុជា និង អ្នកស្រឡាញ់ប្រទេសជាតិយើង បានដឹងច្បាស់ហើយថា កម្ពុជាជារដ្ឋអធិបតេយ្យ និងមានច្បាប់របស់ខ្លួន ដែលត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយអំណាចតុលាការ ដែលជាអំណាចឯករាជ្យ ធានាការពារដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ៕