(កណ្តាល)៖ ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិព្រែកប៉ុក ស្រុកកោះធំ ខេត្តកណ្តាល បានសហការជាមួយរដ្ឋបាលស្រុកកោះធំ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ រៀបចំពីធីរំលឹកគុណគ្រូបង្រៀន នៅសាលាបឋមសិក្សាវត្តកោះវាំងកែវ ដឹកនាំដោយលោក ម៉ៅ រាសី ប្រធានក្រុមការងារមូលដ្ឋាន ចុះជួយភូមិព្រែកប៉ុក និងលោកស្រី ទេស សុភាព អភិបាលរងស្រុកកោះធំ។

កម្មវិធីរំលឹកគុណគ្រូនេះ បានធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោកសាស្ត្រាចារ្យ ឈាង រ៉ា ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរពេទ្យកាល់ម៉ែត។

ពិធីរំលឹកគុណគ្រូបង្រៀននេះ គឺបានរៀបចំឡើងក្នុងគោលបំណងក្នុងការបណ្តុះផ្នត់គំនិតឱ្យសិស្សានុសិស្សបានយល់ដឹងពីគុណូបការៈ ដ៏ថ្លៃថ្លារបស់គ្រូបង្រៀន ដែលជាបុគ្គលដើរតួនាទីសំខាន់ផ្តល់ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិ និងការសាបព្រោះវប្បធម៌ប្រពៃណីល្អៗ រវាងគ្រូនិងសិស្ស បង្កើតបរិយាកាសស្និទ្ធស្នាលផ្តល់នូវការគោរពឱ្យតម្លៃដល់គ្រូបង្រៀន ដែលតែងតែខិតខំអំណត់ លះបង់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ព្យាយាមក្នុងការបំពេញភារកិច្ច ជាអ្នកបង្កើតធនធានមនុស្សដំបូង ដើម្បីផ្ទេរនូវចំណេះដឹង ដែលមានតម្លៃនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា ព្រមទាំងផ្តល់នូវការអប់រំទូន្មានគ្រប់កម្រិតឱ្យធ្វើតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ គោរពចាស់ទុំ។

នាឱកាសនេះដែរ លោក ម៉ៅ រាសី បានរំលឹកជូនប្អូនៗសិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាលសិស្ស ថាយើងទាំងអស់គ្នាមានអ្វីៗគ្រប់យ៉ាងនៅពេលនេះ យើងអាចប្រារព្ធធ្វើពិធីដ៏វិសេសវិសាលនេះបាន យើងអាចមានសេរីភាពដើរហើររកទទួលទានបានងាយស្រួល យើងអាចមានផ្លូវធ្វើដំណើរបានថ្ងៃយប់បាន យើងអាចមានស្ពានឆ្លងទន្លេបាន ក្មួយៗសិស្សានុសិស្សអាចមកទទួលយកនូវពុទ្ធិនៅសាលារៀនបាន និយាយរួមយើងអាចមានក្តីសុខសាន្តបាន គឺដោយសារយើងមាន សុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដឹកនាំប្រទេស ជាតិឱ្យមានសន្តិភាព មានភាពសុខសាន្តជូនសង្គមជាតិ មានភាពរីកចម្រើនយូរអង្វែងជាងសម័យកាលណាៗទាំងអស់។

លោកបានបន្តថា ជាពិសេសសម្តេចបានមានយុទ្ធសាស្រ្តដ៏មហស្ចារ្យគ្រប់ជ្រុងជ្រោយ ក្នុងការនាំយកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីចាក់ជូនជនរួមជាតិទូទាំងប្រទេស បង្កើតនូវភាពស៊ាំសហគមន៍ បានពេលនេះអាចជួបជុំធ្វើកម្មវិធីនានាបានដោយមិនព្រួយបារម្ភ។ ដូច្នេះ គុណបំណាច់ដ៏ធំធេងមហិមានេះ គឺមិនអាចភ្លេចគុណសម្តេចបានទេ ត្រូវបន្តនាំគ្នាគាំទ្រសម្តេច នាំគ្នាជួយរក្សាសន្តិភាពនេះ ឱ្យបានយូរអង្វែងដើម្បីអនាគតគង់វង្ស កូនចៅជំនាន់ក្រោយជារៀងរហូត។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ម៉ៅ រាសី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងអំណោយជាសម្ភារសិក្សា សៀវភៅ ម៉ាស់ និងទឹកដោះគោ AD ពីលោកសាស្ត្រាចារ្យ ឈាង រ៉ា ក្រុមការងាររាជរដ្ឋាភិបាលជួយមូលដ្ឋានស្រុកកោះធំ ជូនដល់ប្អូនៗសិស្សានុសិស្ស អាណាព្យាបាល លោកគ្រូ អ្នកគ្រូដែលបានអញ្ជើញចូលក្នុងកម្មវិធីសរុបប្រមាណជាង៦០០នាក់។

ក្រៅពីនោះ ក្រុមការងារក៏បានយកអំណោយមួយចំនួនរួមមាន៖ អង្ករ ២បាវ មី ២កេស ត្រីខកេស ប្រគេនព្រះសង្ឃនៅវត្តកោះវាំងកែវផងដែរ៕