(ប៉ារីស)៖ អនុប្រធានរដ្ឋសភាបារាំង លោក Denis Baupin បានលាលែងពីតំណែង បន្ទាប់ពីមានពាក្យបណ្ដឹងជាច្រើន ពាក់ព័ន្ធនឹងបទបំពារបំពានផ្លូវភេទ ពីសំណាក់ស្ត្រីជាច្រើននាក់ ក្នុងនោះក៏មានតំណាងរាស្ត្រស្ត្រីផងមួយចំនួនផងដែរ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ចេញផ្សាយនៅពេលថ្មីៗនេះ។
ក្នុងចំណោមអ្នកដាក់ពាក្យបណ្ដឹងនោះរួមមានលោកស្រី Sandrine Rousseau តំណាងរាស្ត្រ និងជាអ្នកនាំពាក្យ គណបក្ស EELV បានចោទប្រកាន់ថា នៅរវាងខែតុលា ឆ្នាំ២០១១ លោកស្រីត្រូវបានលោក Denis Baupin ចាប់រុញ ផ្ទប់នឹងជញ្ជាំង រួចយកដៃមកស្ទាបដើមទ្រូង ហើយបំរុងនឹងចាប់ថើបលោកស្រី តែលោកស្រីបានរុញច្រានត្រលប់ទៅវិញ ហើយមិនបានប្តឹងប្តល់ទេ ព្រោះខ្លាចកើតជាបញ្ហាក្នុងគណបក្ស និងមួយវិញទៀត លោកស្រីគិតថាវាអាចជារឿងសាមញ្ញ ដែលខ្លួនជាស្រី ត្រូវមនុស្សប្រុសមើលងាយបែបនេះ។
ចំណែកលោកស្រីអ្នកតំណាងរាស្ត្រ Isabelle Attard ដែលជាអតីសមាជិកគណបក្ស EELV ដែរ បានអះអាងថា នៅរវាងឆ្នាំ២០១២និង ២០១៣ លោកស្រីតែងតែទទួលបាននូវសារតាមទូរស័ព្ទ ដែលលោក Denis Baupin ផ្ញើមក សឹងតែរៀងរាល់ថ្ងៃ ដែលសារទាំងនោះ មានខ្លឹមសារអាសអាភាស ស្រើបស្រាល និងថោកទាបជាទីបំផុត។ មិនខុសពី គ្នាប៉ុន្មានឡើយ លោកស្រី Elen Debost ជំនួយការចៅហ្វាយក្រុង Le Mans បានរាយការណ៍ថា នៅរវាងឆ្នាំ២០១១ លោកស្រី បានទទួលសារតាមទូរស័ព្ទជាញឹកញាប់ អស់រយៈពេល៦ខែ ពីលោកDenis Baupin ដែលរៀបរាប់អំពី ចំណង់តណ្ហា និងភាពស្រើបស្រាលរបស់ខ្លួន។
ដើមហេតុដែលនាំឲ្យស្ត្រីទាំងនេះ ដាក់ពាក្យបណ្ដឹងនោះ គឺមកពីពួកគាត់ទាំងអស់ បានឃើញរូបថតមួយសន្លឹក ដែលលោក Denis Baupin បានថតជាមួយតំណាងរាស្ត្រផ្សេងទៀត ដោយយកក្រែមក្រហមលាបមាត់ ដើម្បីជាសារនយោបាយ ប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សា ធ្វើទៅលើស្ត្រី។ សារនយោបាយ ដែលផ្ទុយស្រលះពីទង្វើនិង អត្តចរិកជាក់ស្តែងរបស់លោក Denis Baupin របៀបនេះ បានធ្វើឲ្យក្រុមស្រ្តីរងគ្រោះអត់ទ្រាំលែងបាន ទើបសម្រេច ទំលាយរឿងអាស្រូវ៕