(ភ្នំពេញ)៖ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែទទួលជោគជ័យលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឬនិយាយដោយខ្លីថា បានយកឈ្នះលើសមរភូមិជំងឺកូវីដ១៩ ដែលបង្កលក្ខណៈឲ្យរាជរដ្ឋាភិបាលអាចដកចេញនូវកាតព្វកិច្ចនានា ដែលបានដាក់ឲ្យប្រជាពលរដ្ឋអនុវត្តពេលកំពុងផ្ទុះរីករាលដាល។ ជាក់ស្ដែង កាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈជាដើម ត្រូវបានដកផងដែរ។

ក្នុងឱកាសអញ្ជើញបិទសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ការយកឈ្នះលើសមរភូមិជំងឺកូវីដ១៩ គឺជាការរួបរួមគ្នាមួយដ៏ល្អប្រសើរនៅក្នុងសង្គមខ្មែរលើគ្រប់វិស័យទាំងអស់ ជាមួយរាជរដ្ឋាភិបាល ហើយការងារនេះ មិនមែនជារឿងធម្មតានោះទេ។

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ថ្ងៃនេះឆ្នាំមុន គឺជាពេលវេលាដែលរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋ កំពុងតែនាំគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបានផ្ទុះរីករាលដាលក្នុងសហគមន៍ រហូតសម្ដេចត្រូវបង្ខំចិត្តប្រើប្រាស់នូវវិធានការបិទខ្ទប់ ភូមិសាស្ដ្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយមានការកំណត់តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿនជាដើម។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងរយៈពេលមួយឆ្នាំ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មិនមែនជារឿងធម្មតានោះទេ គឺជារឿងលំបាកណាស់ ប៉ុន្ដែប្រជាពលរដ្ឋរបស់យើង រួមជាមួយរាជរដ្ឋាភិបាល គឺជាការគួរឲ្យលើកទឹកចិត្ត គួរឲ្យកោតសរសើរ ទោះបីជាមានជំនឿលើបក្សណាក៏ដោយ [...] យើងស្រុះគ្នាណាស់ ភាពស្រុះគ្នានេះហើយដែលបង្កើននូវជោគជ័យសម្រាប់យើង លើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩»

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា នៅពេលផ្ទុះជំងឺកូវីដ១៩ វិស័យឯកជនក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ជាពិសេសការផ្ដល់នូវទីតាំងសម្រាប់ធ្វើជាកន្លែងព្យាបាលអ្នកកើតជំងឺកូវីដ១៩ ទាំងនៅតំបន់កោះពេជ្រ សណ្ឋាគារ និងកន្លែងសម្រាប់រៀបមង្គលការជាដើម។ ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរវិស័យឯកជននៅកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងធំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា ឆ្នាំមុនពេលនេះ វេលានេះ សម្ដេចបានប្រកាសឲ្យត្រៀមរៀបចំធ្វើឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅតាមទាំងបច្ឆា ទាំងរកទីតាំងសម្រាប់កប់សាកសព ទាំងក្ដាមឈូស។ ទាំងអស់នេះហើយ ក៏មានមតិមួយចំនួនបានតិះដៀលសម្ដេចតេជោ ថាបានប្រមាថអាយុជីវិតរបស់ប្រជាជនខ្លួនឯង ប៉ុន្ដែផ្ទុយទៅវិញ នេះគឺជាការគិតគូរទុកមុនដ៏ត្រឹមត្រូវរបស់សម្ដេច ដែលមិនទុកឲ្យពលរដ្ឋបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ហើយគ្មានក្ដាមឈូស គ្មានកន្លែងបូជា និងគ្មានដីកប់នោះទេ។

បើទោះបីចំនួនអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងយ៉ាងគំហុករហូតដល់រាប់ម៉ឺននាក់ ប៉ុន្ដែកម្ពុជា មិនឲ្យប្រជាពលរដ្ឋរបស់ខ្លួនដេកនៅតាមទីសាធារណៈ តាមចញ្ចើមផ្លូវនោះទេ។ ការចូលរួមតាំងពីព្រះមហាក្សត្រ និងហ្លូងម៉ែ រហូតដល់ប្រជាពលរដ្ឋនេះហើយ ធ្វើឲ្យសម្ដេចបង្ហាញពីការស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះទឹកព្រះទ័យ និងទឺកចិត្តរបស់ប្រជាពលរដ្ឋ គ្រាដែលកំពុងមានការលំបាក។ នេះជាអ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់។

គួរជម្រាបថា ការយកឈ្នះលើជំងឺកូវីដ១៩នេះ ក្រៅពីការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានហើយនោះ ក៏មិនអាចកាត់ផ្ដាច់បានពីការដឹកនាំបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាមេបញ្ជាការប្រយុទ្ធនឹងជំងឺកូវីដ១៩នោះទេ។ យុទ្ធសាស្ដ្រផ្ការីក ក្នុងស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់សម្ដេចតេជោ ហ៊ុន សែន ក៏កំពុងតែទទួលបានជោគជ័យដូចគ្នាផងដែរ។

គិតត្រឹមយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៩០៧,៦៣៨នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៨៧,៨២៨នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣២,៦២៤នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៥៣,១៤៨នាក់
៤៖ អាយុ៥ឆ្នាំ ៣៨៦,៧៥៤នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៣៤៧,២៨៤នាក់៕