(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងកោត សរសើរដល់អភិបាលរាជធានី-ខេត្តទាំង ២៥ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការដោះស្រាយបញ្ហាទឹកជូនប្រជាពល រដ្ឋបានទាន់ពេលវេលា និងមិនធ្វើឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដល់អាយុជីវិតក្នុងពេលជួបគ្រោះរាំងស្ងួតនេះ។
លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានសរសេរនៅលើទំព័រ Facebook របស់លោកនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះថា «ខ្ញុំ សូមធ្វើការកោតសរសើរដោយស្មោះចំពោះអភិបាលរាជធានី-ខេត្ត ដែលបានធ្វើការសម្របសម្រួលជាមួយក្រសួង-ស្ថាប័នរាជរដ្ឋា ភិបាល កាកបាទក្រហមកម្ពុជា កងកម្លាំងប្រដាប់អាវុធ អង្គការដៃគូឈរជើងនៅមូលដ្ឋាន សប្បុរសជន វិស័យឯកជន ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងការអនុវត្តទទួលបានលទ្ធផលល្អប្រសើរ ស្តីពីការដោះស្រាយបញ្ហាទឹកជូនប្រជាជន ដែលខ្វះខាតទឹក ស្រប តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី»។
លោកទេសរដ្ឋមន្ដ្រី បានបន្ថែមថា «លទ្ធផល ដែលគ្រប់រាជធានី-ខេត្ត សម្រេចបាន ខ្ញុំក៏បានធ្វើជារបាយការណ៍ជាលាយលក្ខណ៍ អក្សរជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ជាបន្តបន្ទាប់ផងដែរ»។
ទោះជាបញ្ហាខ្វះខាតទឹកត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋយ៉ាងណាក្តី លោក ញឹម វណ្ណដា នៅតែជំរុញឲ្យមន្រ្តីទាំងអស់បន្ត សកម្មភាពដោយយកចិត្តទុកដាក់ក្នុងការជីកស្រះ ស្តារប្រឡាយ អណ្តូងទឹក ។ល។ ដើម្បីធានាថា ប្រជាជនមានទឹកទទួលទាន ទាំងពេលបច្ចុប្បន្ន និងពេលខាងមុខ នឹងឈានទៅជំរុញការបង្កបង្កើនផលឲ្យបានល្អប្រសើរឡើង ពេលមានភ្លៀងធ្លាក់គ្រប់គ្រាន់។
សូមបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋគ្រាកម្ពុជាជួបគ្រោះរាំងស្ងួតខ្លាំងនេះនាឆ្នាំ២០១៦នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា បានដាក់ចេញនូវយុទ្ធនាការដោះស្រាយបញ្ហាទឹក ដោយបានបញ្ជាអាជ្ញាធរទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ កាកបាទក្រហម និងក្រុមហ៊ុនឯកជនមួយចំនួនផង ដែររួមគ្នាដឹកទឹកចែកជូនប្រជាពលរដ្ឋ។
លោក ញឹម វណ្ណដា ធ្លាប់បានឲ្យដឹងថា មានប្រជាពលរដ្ឋជាង ២លាននាក់ បានជួបគ្រោះខ្វះទឹកប្រើប្រាស់នេះ តែត្រូវបានដោះ ស្រាយរួចរាល់អស់ហើយ ហើយក៏គ្មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់អាយុជីវិត ព្រោះគ្រោះខ្វះទឹកប្រើប្រាស់នេះផងដែរ៕