(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជ្រើសយកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់និទ្ទេស A នាសម័យប្រឡង២០២០-២០២១ ចំនួន ១,៧៥៣នាក់ ជាការលើកទឹកចិត្តដែលបានខិតខំរៀនសូត្ររហូត ប្រឡងជាប់ និងទទួលបាននិទ្ទេស A។
លទ្ធផលប្រឡងជាប់បាក់ឌុបឆ្នាំ២០២១ ទទួលបាននិទ្ទេសA រហូតដល់ ១,៧៥៣នាក់ ដែលជាចំនួនច្រើនបំផុត បើគិតចាប់តាំងពីក្រោយក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ដោយរឹតបន្តឹងការប្រឡងបាក់ឌុបចាប់តាំងពីឆ្នាំ២០១៤មក។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ នៅរសៀលថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចយ៉ាងដូច្នេះថា៖ «ថ្ងៃទី៣ ខែឧសភា ខាងមុខ ខ្ញុំនឹងជួបសិស្សនិទ្ទេស A ឡើងវិញ ព្រោះយើងត្រៀមជួបហើយ ប៉ុន្តែ មេរោគកូវីដ១៩ បំប្លែងថ្មី អូមីក្រុង វាមកបំផ្លាញយើង អញ្ចឹងយើងផ្អាក ប៉ុន្តែ ខ្ញុំនៅជំពាក់បំណុលចំពោះសិស្សនិទ្ទេស A យើងមិននឹកស្មានថាសិស្សនិទ្ទេស A របស់យើងឆ្នាំនេះឡើងទៅដល់ជាង ១,៧០០នាក់ ដែលមុននោះត្រឹមតែ៤០០ ឬ៥០០នាក់ប៉ុណ្ណឹង»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការសិក្សានៅតាមប្រព័ន្ធអនឡាញ និងការខិតខំបង្រៀនកូននៅតាមផ្ទះ របស់ឪពុក ម្តាយ និងអាណាព្យាបាលនៅតាមផ្ទះ គឺបានជួយដោះស្រាយបញ្ហានៅក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ១៩។ ក៏ប៉ុន្តែ ត្រូវពិនិត្យថាមានករណីខ្លះ មានសិស្សបានបោះបង់ចោលសាលារៀនផងដែរ។
ជាមួយនឹងការបង្ហាញពីក្តីសប្បាយជាមួយនឹងលទ្ធផលចំនួនសិស្សប្រឡប់ជាប់និទ្ទេស A កើនឡើងយ៉ាងច្រើននេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សម្រាប់ការសិក្សាតាមប្រព័ន្ធអនឡាញ គឺតម្រូវឱ្យទីតាំងដែលសិស្សានុសិស្សមានប្រព័ន្ធ Internet គ្រប់គ្រាន់សម្រាប់សិក្សា ក៏ប៉ុន្តែ នៅតាមទីជនបទមួយចំនួនវាជាការលំបាកផងដែរ ក៏ប៉ុន្តែ សិស្សានុសិស្សទាំងអស់ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីរកឱកាសក្នុងការសិក្សានេះជាចំណុចល្អខ្លាំងណាស់ ដែលជាការចូលរួមពីវិស័យអប់រំ ក្នុងការគ្រប់ជំងឺកូវីដ១៩។
នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យលោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់តាមដានឱ្យជាប់លើស្ថានភាពជំងឺកូវីដ១៩ នៅតាមគ្រឹះស្ថានសិក្សា ហើយក៏មិនប្រើវិធីសាស្ត្រមុនសម័យមានវ៉ាក់សាំងនោះដែរ។
គួរជម្រាបថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិសម័យប្រឡង២៧ ធ្នូ ដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ឆ្នាំ២០២១ មានបេក្ខជនប្រឡងជាប់ចំនួន ៧២,០១៦នាក់ ស្មើនឹង៦៥,៦៥ភាគរយ ក្នុងនោះបេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ១,៧៥៣នាក់ ខណៈឆ្នាំ២០១៩ មានសិស្សជាប់និទ្ទេស A ត្រឹម៤៤៣នាក់ប៉ុណ្ណោះ ហើយកាលពីឆ្នាំ២០២០ សិស្សបាក់ឌុបទាំងអស់ ត្រូវបានក្រសួងសម្រេចឱ្យជាប់ដោយស្វ័យប្រវត្តិដោយមិនបាច់ប្រឡងដោយសារវិបត្តិជំងឺកូវីដ។
គួរបញ្ជាក់ថា ឆ្នាំ២០២១ ជាឆ្នាំដែលសិស្សជាប់និទ្ទេស A ច្រើនបំផុតក្នុងរយៈពេល ៧ឆ្នាំ បន្ទាប់ពីក្រសួងបានរឹតបណ្តឹង ហើយក៏ជាឆ្នាំដែលសិស្សមិនសូវបានរៀនពេលលេញដោយសារការបិទសាលាអូសបន្លាយរយៈពេល និងត្រូវរៀនតាមប្រព័ន្ធអនឡាញយ៉ាងណាក្ដី។
តាមសេចក្តីប្រកាសរបស់ក្រសួងបានបញ្ជាក់ដែរថា សម្រាប់សិស្សនិទ្ទេស A ឆ្នាំ២០២១ មកពីភ្នំពេញចំនួន៥៦៥នាក់ សៀមរាប ១៥៣នាក់ កណ្តាល ១២៧នាក់ បាត់ដំបង ១២៣នាក់ កំពង់ចាម ១១៨នាក់ បន្ទាយមានជ័យ ៩៩នាក់ តាកែវ ៩៩នាក់ ព្រៃវែង ៨៧នាក់ កំពត ៧៥នាក់ ត្បូងឃ្មុំ ៥៤នាក់ កំពង់ឆ្នាំង ២២នាក់ ព្រះសីហនុ ២០នាក់ ក្រចេះ ៤៥នាក់ កំពង់ធំ៤១នាក់ កំពង់ស្អឺ ៣៣នាក់ ពោធិ៍សាត់ ២៨នាក់ ស្វាយរៀង ២៦នាក់ រតនគិរី៩នាក់ ស្ទឹងត្រែង៦ ប៉ៃលិន៦ ឧត្តរមានជ័យ៥នាក់ កោះកុង៤នាក់ ព្រះវិហារ ៤នាក់ កែប ៣នាក់ និងមណ្ឌលគិរី ១នាក់៕