(ភ្នំពេញ)៖ ប្រទេសវៀតណាមសន្យាថា នឹងផ្តល់ជំនួយបច្ចេកទេសមួយចំនួន ដល់ក្រសួងមហាផ្ទៃ សម្រាប់បំរើការងាររបស់នគរបាលកម្ពុជា។ នេះបើតាមការឲ្យដឹងពីលោក ប៉ោ ភក្តិ អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយកជំនួប រវាងសមេ្ដចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក តូ ឡឹម រដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម នារសៀលថ្ងៃទី១១ ខែឧសភាឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។
លោក ប៉ោ ភក្តិ បានបន្តឲ្យដឹងថា នៅក្នុងកិច្ចជំនួបនោះ ភាគីទាំងពីរបានពិភាក្សាដោយផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរវាង ប្រទសទាំងពីរដើម្បីបំរើផលប្រយោជន៍ឲ្យគ្នា ទៅវិញទៅមក និងដើម្បីពង្រឹងផ្នែកសន្និសុខសណ្តាប់ធ្នាប់រវាង ប្រទេសកម្ពុជានិងប្រទេស វៀតណាមផងដែរ។ ក្រៅពីការសន្យាពង្រឹងកិច្ចសហការរវាងគ្នានឹងគ្នា ភាគីកម្ពុជា និងភាគីវៀតណាម ក៏មានការចុះហត្ថលេខាលើឯកសារបំពេញបន្ថែមនៃផែន ការសហប្រតិបត្តិការ។
តាមខ្លឹមសារឯកសារបំពេញបន្ថែមនៃផែនការសហប្រតិបត្តិការឆ្នាំ២០១៦ គឺបានផ្តោតជាសំខាន់ ពង្រឹងការងារសន្តិសុខ កសាងបន្ទាត់ខ្សែព្រំដែនសន្តិភាព មិត្តភាព ស្ថេរភាព និងការអភិវឌ្ឍន៍។ ក្រសួងទាំងពីរក៏សហការគ្នា ក្នុងការបង្ក្រាបបទឧក្រិដ្ឋកម្ម ឆ្លងដែន បទល្មើសបច្ចេកវិទ្យា ដើម្បីធានាសុវត្ថិភាព ស្ថេរភាព និងសន្តិសុខសង្គម រវាងប្រទេសទាំងពីរនិងការជំរុញឲ្យមានការផ្លាស់ប្តូរប្រតិភូ រវាងប្រទេសទាំងពីរ ដើម្បីធ្វើទស្សនកិច្ចសិក្សាពីគ្នាទៅវិញទៅមក។ សម្រាប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ស្អែកនេះ លោក តូ ឡឹម រដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម នឹងជួបសម្ដែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជាផងដែរ។
គួរបញ្ជាក់ថា លោក តូ ឡឹម ដែលទើបឡើងកាន់ដំណែងថ្មីជារដ្ឋមន្ត្រីនៃក្រសួងនគរបាលវៀតណាម បានមកបំពេញ ទស្សនកិច្ច ជាផ្លូវការ នៅកម្ពុជារយៈពេល ២ថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦៕