(កំពត)៖ តំណាងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ «និរន្តរ» ភីអិលស៊ី ជាមួយប្រតិបត្តិករឥណទាន វីដា អង្គការមូនិធិអភិវឌ្ឍន៍សហគមន៍ និងប្រតិបត្តិករឥណទាន ខ្មែអង្គរ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ បាននាំយកថវិកាមួយចំនួន ដើម្បីចូលរួមរំលែកទុក្ខ ដ៏មហាក្រៀមក្រំចំពោះក្រុមគ្រួសារនៃសពលោក ជឹប បុរិន អាយុ២៦ឆ្នាំ ដែលជាហេរញ្ញិកចល័ត បម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រិត» ដែលទទួលមរណភាព កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ដោយអំពើមនុស្សឃាត។
តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី បានថ្លែងថា «តាងនាមថ្នាក់ដឹកនាំ និងកម្មករនិយោជិត គ្រប់លំដាប់ថ្នាក់ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយជាទីបំផុត»។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា ករណីអារ-កសម្លាប់មន្រ្តីឥណទាន នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ជាការប៉ងប្លន់លុយ២០ម៉ឺនរៀល។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ករណីឃាតកម្មទៅលើបុគ្គលិកអម្រិតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៦ នៅស្រុកឈូក ខេត្តកំពត ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបានណាត់ ជនរងគ្រោះ ដើម្បីពិភាក្សាអំពីការដាក់ប្រាក់សន្សំ នៅពេល ជនសង្ស័យ មកដល់ផ្ទះ ជនសង្ស័យ បានហៅ ជនរងគ្រោះ ចូលទៅក្នុងផ្ទះ ហើយបានសុំលុយជនរងគ្រោះ ចំនួន ២០ម៉ឺនរៀល ប៉ុន្តែ ជនរងគ្រោះ បដិសេធមិនព្រមឲ្យ ពេលនោះ ជនសង្ស័យ ក៏បានចាប់ក្រៀកក ជនរងគ្រោះ ឲ្យទៅខាងក្រោយផ្ទះឆ្លៀតពេលនោះជនរងគ្រោះ ក៏បានខាំដៃរបស់គាត់បណ្តាលអោយដាច់ឈាមយ៉ាងខ្លាំង ធ្វើឲ្យជនសង្ស័យខឹងក៏ បានចាប់អាក សំលាប់តែម្តង»។
អំពើឃាតិកម្មនេះ បានកើតឡើង ស្ថិតក្នុងឃុំត្រមែង ស្រុកឈូក ខេត្តកំពត នៅវេលាម៉ោង ១២៖៥០នាទី ថ្ងៃត្រង់ថ្ងៃទី១០ ខែឧសភានេះ ហើយក៏ចាប់អារ.កស្លាប់ យ៉ាងអាណោចអាធ័ម។ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ប្រុក វិត ភេទប្រុស អាយុ៤៧ឆ្នាំ៕