(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ សង្កាត់ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ យុវសិស្ស វ៉ុន រដ្ឋា សិស្សថ្នាក់ទី១២D នៃវិទ្យាល័យពងទឹក ដែលបានបានទទួលមរណភាពដោយករណីឃាតកម្ម កាលពីថ្ងៃទី១០ ខែឧសភា ម្សិលមិញនេះ។ក្នុងឱកាសចូលរួមពិធីបុណ្យសព នៅគេហដ្ឋានស្ថិតក្នុងភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ លោកអភិបាលខណ្ឌ ជំនួសមុខឲ្យក្រុមប្រឹក្សា គណៈអភិបាលខណ្ឌ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ បានធ្វើការរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសព ដែលបានបាត់បង់កូនស្រីជាទីស្រឡាញ់ និងជាយុវនារីមួយរួបដែលខិតខំប្រឹងប្រែងរៀនសូត្រ។
ក្នុងឱកាសនោះលោកអភិបាល ក៏បានចូលរួមក្នុងពិធីបុណ្យសព ថវិកា ៥០០.០០០រៀល សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌដង្កោ ថវិកា២០០.០០០រៀល និងលោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ វិទ្យាល័យពងទឹក បានចូលរួមជាថវិកា ចំនួន ១.៦០៤.២០០រៀលផងដែរ។
សូមបញ្ជាក់ថា នារីរងគ្រោះរូបនេះត្រូវបានបងជីដូនមួយ នាំបក្ខពួក អូសទាញយកទៅសម្លាប់ចោលយ៉ាងសាហាវឃោឃៅ ស្ថិតនៅទីសំណង់បាក់បែកមួយក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។ ប៉ុន្តែជនដៃដល់ និងបក្ខពួក៧នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ តាមស្រាវជ្រាវរហូតចាប់ខ្លួន ជាបន្តបន្ទាប់នៅយប់មិញ៕