(ភ្នំពេញ) ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈទូទាំងកម្ពុជាជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ ពិសេសចូលរួមចំណែកក្នុងការធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងកក់ក្តៅ។
សេចក្តីជូនដំណឹងនេះធ្វើឡើងដោយអនុលោមតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដែលក្នុងនោះ គ្រប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិត្រូវបានអនុវត្តការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅគ្រប់ទីសាធារណៈទូទាំងកម្ពុជា រួមបញ្ចូលគោលដៅទេសចរណ៍នានាដែលស្ថិតនៅទីលម្ហ (Open Space) ដែលមានដូចជារមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ កន្លែងវាយកូនហ្គោល និងកន្លែងកម្សាន្តដទៃទៀតដែលស្ថិតនៅទីលម្ហ។
ដោយឡែក នៅក្នុងសម្បទាទេសចរណ៍ដែលបិទជិត (Closed Space) រួមមាន សាលប្រជុំ សន្និសិទ និងពិព័រណ៌ (MICE) សេវាកម្មក្លឹបកម្សាន្ត រង្គសាល ខារ៉ាអូខេ ភោជនីយដ្ឋាន អាហារដ្ឋាន និងសម្បទាទេសចរណ៍ដទៃទៀតដែលស្ថិតនៅទីបិទជិត និងមានម៉ាស៊ីនត្រជាក់ គ្រប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិត្រូវចាំបាច់អនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងបន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) សម្រាប់វិស័យទេសចរណ៍ និងវិធានសុខាភិបាល ពិសេសវិធានការ៣ការពារ និង៣កុំឱ្យបានខ្ជាប់ខ្ជួន៕