(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ខាងមុខ ជាខួបលើកទី ៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា ហើយនៅល្ងាចថ្ងៃទី១១ ខែឧសភា នេះ កម្ពុជា-រុស្ស៊ី នឹងប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងផងដែរ នៅសណ្ឋាគារអ៉ីនធើខន។ ពិធីអបអរសាទរខួបអនុស្សាវរីយ៍នេះ នឹងធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា រួមជាមួយមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជា និងមន្រ្តីស្ថានទូតរុស្ស៊ី។
ទំនាក់ទំនងកម្ពុជារយៈ ៦០ឆ្នាំនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានមើលឃើញថា កម្ពុជា-រុស្ស៊ី គឺជាដៃគូ ដ៏រឹងមាំ និង ឌីណាមិក។ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងនេះ រដ្ឋមន្រ្តីក្រសួងការបរទេស ដែលធ្លាប់បានបម្រើការការងារជាអ្នកព័ត៌មាន បានសរសេរអត្ថបទមួយដ៏វែង មានកម្រាស់ជិត ៤ទំព័រ និយាយយ៉ាងលំអិតពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី។
អង្គភាពព័ត៌មាន Fresh News សូមចុះផ្សាយអត្ថបទវិចារណកថា របស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ គឺជាថ្ងៃនក្ខឫក្ស ដែលជាទិវារំលឹកខួបលើកទី ៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និង រុស្ស៊ី។ ទោះបីជាមានការផ្លាស់ប្តូរដ៏ជ្រាលជ្រៅ និង ស្មុគ្រស្មាញ នៅក្នុងពិភពលោក អស់រយៈពេល ៦ទសវត្សរ៍ចុងក្រោយនេះក៏ដោយ ក៏ទំនាក់ទំនងរបស់យើងនៅតែឈររឹងមាំដដែល ដែលជាទំនាក់ទំនងផ្អែកលើប្រពៃណីយូរអង្វែង នៃមិត្តភាពដ៏រឹងមាំ ភាពជាដៃគូ និង ការជឿទុកចិត្តគ្នា និង ការយល់គ្នាទៅវិញទៅមក។ ក្នុងរយៈពេលនេះ ទំនាក់ទំនងផ្លូវការរវាងទីក្រុងភ្នំពេញ និង ទីក្រុងម៉ូស្គូ ត្រូវបានកាត់ផ្តាច់តែមួយរយៈខ្លី ក្នុងចន្លោះឆ្នាំ១៩៧៥ និង ១៩៧៩ នៅពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាច។ ក្រៅពីចំណុចដ៏ខ្មៅងងឹត នៃប្រវត្តិសាស្ត្ររបស់យើង នេះចេញ អតីតសហភាពសូវៀត បានគាំទ្រភាពអព្យាក្រិត្យរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់ សម្តេចព្រះបរមរតនកោដ្ឋនរោត្តម សីហនុ ហើយបានផ្តល់នូវការគាំទ្រផ្នែកសេដ្ឋកិច្ច និងជំនួយបច្ចេកទេសយ៉ាងច្រើនដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គមសំខាន់ៗ ដូចជា មន្ទីរពេទ្យ កម្ពុជា-សូវៀត និងវិទ្យាស្ថានបច្ចេកទេសនៃកម្ពុជា ជាដើម ដែលនៅតែបន្សល់ទុករហូតដល់សព្វថ្ងៃនេះ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម សហភាពសូវៀត ជាថ្មីម្តងទៀត បានជួយដល់កម្ពុជា នៅចំពេលដែលកម្ពុជាត្រូវការជាទីបំផុត។ ខណៈដែលលោកខាងលិច បានបែរខ្នងដាក់យើង យើងអាចពឹងពាក់លើជំនួយមនុស្សធម៌ និងការគាំទ្រផ្នែកសេដ្ឋកិច្ចរបស់សហភាពសូវៀត ហើយកាន់តែមានសារៈសំខាន់បំផុតនោះ គឺការគំាទ្រផ្នែកយោធា-បច្ចេកទេស ដើម្បីការពារជាដាច់ខាតនូវការវិលត្រលប់មកវិញនូវរបបប្រល័យពូជសាសន៍។ សហភាពសូវៀត និងបន្តបន្ទាប់មក សហព័ន្ធរុស្ស៊ី បានចូលរួម ចំណែកយ៉ាងសកម្ម ក្នុងការដោះស្រាយជម្លោះកម្ពុជា ការស្តារឡើងវិញនូវសន្តិភាព និងចូលរួមវិភាគទានដល់ការស្ថាបនាឡើងវិញនៃប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម។ បន្តិចម្តងៗ ប្រទេសយើងទាំងពីរ បានស្ថាបនានូវមូលដ្ឋានគ្រឹះមួយ សម្រាប់កិច្ចសហប្រតិបត្តិការនយោបាយ នីតិបញ្ញត្តិ និងសេដ្ឋកិច្ច សម្រាប់រយៈពេលវែង។ ចាប់តាំងពីដើមសតវត្សរ៍ទី ២១ មក ទំនាក់ទំនងរបស់យើង បានវិវត្តជាលក្ខណៈប្រព័ន្ធ ដើម្បីគ្របដណ្តប់លើវិសាលភាពដ៏ធំទូលាយនៃកិច្ចសហប្រតិបត្តិការ ចាប់តាំងពីនយោ បាយសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ ស្រាវជ្រាវ អប់រំ វប្បធម៌ តុលាការ បច្ចេកវិទ្យាព័ត៌មាន រហូតដល់ប្រព័ន្ធផ្សព្វផ្សាយ។
សព្វថ្ងៃនេះ នៅពេលយើងនិយាយពី រុស្ស៊ី នៅ កម្ពុជា យើងមានអារម្មណ៍ថា ជិតស្និទ្ធបំផុត ហើយយើងមានសេចក្តីសប្បាយរីករាយ ដោយមើលឃើញថា មិត្តភាព កម្ពុជា-រុស្ស៊ី បានចាក់ឬស ហើយបាននិងកំពុងតែរីកដុះដាល។
នៅក្នុងវិស័យនយោបាយ ប្រទេសយើងទាំងពីរ បានយកចិត្តទុកដាក់ចំពោះគ្នា ពូនជ្រុំការយល់គ្នា និងជឿទុកចិត្តគ្នាទៅវិញទៅមក។ កាន់តែរឹងមាំជាងនេះទៅទៀត យើងបានផ្តល់ការគាំទ្រគ្នាទៅវិញទៅមក តាមរយៈយន្តការទ្វេ និងពហុភាគីផ្សេងៗ ដែលរួមមាន គណៈកម្មការអន្តរ-រដ្ឋាភិបាល កម្ពុជា-រុស្ស៊ី ស្តីពីពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស (ហៅកាត់ថា IGC)។ ថ្មី ៗនេះ IGC បានបញ្ចប់សម័យប្រជុំលើកទី ៩ ដែលសម្រេចបានដោយជោគជ័យនូវផែនការសហប្រតិបត្តិការទ្វេភាគីប្រកប ដោយផលិតភាពដ៏ទូលំទូលាយមួយ។ ទស្សនកិច្ចរបស់ ឯកឧត្តម Dmitry MEDVEDEV នាយករដ្ឋមន្ត្រី នៃសហព័ន្ធរុស្ស៊ី មកកាន់ កម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ បានបើកទំព័រសករាជថ្មីនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរបស់យើងដែលមានស្រាប់ ឆ្ពោះទៅកាន់កម្រិតខ្ពស់ជាងមុន។ នៅខែឧសភា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅធ្វើទស្សនកិច្ចជាផ្លូវការនៅទីក្រុងម៉ូស្គូវិញ ដែលប្រការនេះ នឹងក្លាយជាការបោះជំហានថ្មីមួយទៀត ឆ្ពោះទៅកាន់ការធ្វើឲ្យកាន់តែជ្រាលជ្រៅនូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងប្រទេសយើងទាំងពីរ។ កម្ពុជា និង រុស្ស៊ី មានជំហរស្រដៀងគ្នា ស្តីពីបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗ ហើយបានរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ។
នៅកម្រិតតំបន់ ក្នុងឋានៈជាមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី កម្ពុជា បានផ្តល់សារៈសំខាន់យ៉ាងធំធេង ដល់ទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-រុស្ស៊ី ហើយក៏ជាអ្នកស្នើយោបល់ឈានមុខ ក្នុងការជម្រុញយ៉ាងខ្លាំងក្លានូវភាពជាដៃគូ អាស៊ាន-រុស្ស៊ី ដែលបានឆ្លុះបញ្ចាំង តាមរយៈ ការបង្កើតក្រុមឥស្សរជន អាស៊ាន-រុស្ស៊ី, ការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួប អាស៊ាន-រុស្ស៊ី នាពេលខាងមុខ នៅទីក្រុងស៊ូឈី, និងការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលយុវជន អាស៊ាន-រុស្ស៊ី នៅកម្ពុជា។
ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីរបស់យើងបានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ខណៈ ដែលសន្ទស្សន៍ពាណិជ្ជកម្ម បានកើនឡើងជិតដល់ ៥០លានដុល្លារ នៅឆ្នាំ២០១៤ យើងនៅមានសក្តានុពល ដ៏ច្រើនមហិមា ដើម្បីបន្តពង្រីកបន្ថែម។ ទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជា នៅអាស៊ីអាគ្នេយ៍ និងជាពិសេស នៅក្នុងតំបន់មហាអនុតំបន់ទន្លេមេគង្គ បានធ្វើឲ្យកម្ពុជា ក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម (cost-effective hub) ក៏ដូចជាចំណុចឆ្លងកាត់ដ៏ល្អបំផុត ក្នុងការនាំចេញផលិតផលផ្សេងៗទៅកាន់តំបន់។ ជាមួយនិងទិដ្ឋភាពដ៏ល្អបែបនេះ យើងគួរតែលើកកម្ពស់កិច្ចប្រឹងប្រែងទៅវិញទៅមក ដើម្បីអភិ វឌ្ឍន៍យន្តការផ្សេងៗ ឆ្ពោះទៅកាន់ការពង្រីកពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងឲ្យពេញទំហឹង។ នៅក្នុងន័យនេះ គំនិតផ្តួចផ្តើម ដើម្បីបង្កើតក្រុមប្រឹក្សាធុរៈកិច្ច កម្ពុជា-រុស្ស៊ីនឹងជួយគាំទ្រដល់បណ្តាក្រុមហ៊ុនរបស់រុស្ស៊ី ក្នុងការធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធរបស់ កម្ពុជា ដើម្បីរកមើលកាលានុវត្តសេដ្ឋកិច្ចសំខាន់ៗ និង អភិវឌ្ឍភាពជាដៃគូជាមួយវិស័យឯកជនរបស់យើង។ ចំណែកឯសេចក្តីថ្លែងការណ៍រួម ស្តីពីបញ្ជីសំណើគម្រោងសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ កម្ពុជា-រុស្ស៊ី រហូតដល់ ឆ្នាំ២០២០ ត្រូវបានអនុម័តរួចហើយ នៅក្នុងកិច្ចប្រជុំរបស់ក្រុមការងារកម្រិតខ្ពស់ ស្តីពីគម្រោងវិនិយោគអាទិភាព កាលពីពេលថ្មីៗនេះ។
ស្ថានភាពរបស់ កម្ពុជា ជាដៃគូសន្ទនា នៅក្នុងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) បានផ្តល់នូវវេទិកាមួយផ្សេងទៀត សម្រាប់ប្រទេសយើងទាំងពីរ ដើម្បីពង្រឹងភាពជាដៃគូដែលកំពុងតែរីកចម្រើនរបស់យើង ក្នុងការជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចទ្វេភាគី និងតំបន់។ លើសពីនេះទៅទៀត កម្ពុជា បានសម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការចូលរួមនៅក្នុងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (Eurasian Economic Union) ដែលនឹងបើកកាលានុវត្តភាពធុរកិច្ចថ្មីៗ សម្រាប់វិស័យឯកជនរបស់យើងរៀងៗខ្លួន ដើម្បីចូលទៅកាន់ទីផ្សារអាស៊ាន និងអឺរ៉ាស៊ី។
ទេសចរណ៍ គឺជាវិស័យមួយផ្សេងទៀត នៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងប្រទេសយើងទាំងពីរ។ ទោះបីជាមានចម្ងាយឆ្ងាយក៏ដោយ ក៏ កម្ពុជា បានក្លាយទៅជាគោលដៅទេសចរណ៍មួយដ៏ពេញនិយម ក្នុងចំណោមអ្នកទេសចរណ៍រុស្ស៊ី។ មានអ្នកទេសចរណ៍រុស្ស៊ី ជាង ១៣០.០០០ នាក់ បានមកទស្សនានៅ កម្ពុជា កាលពីឆ្នាំ២០១៤។ ក្រៅពីប្រព័ន្ធផ្តល់ទិដ្ឋាការប្រកប ដោយភាពអនុគ្រោះរបស់កម្ពុជា យើងសង្ឃឹមថា កិច្ចព្រមព្រៀងដែលទើបតែត្រូវបានចុះហត្ថលេខានាពេលថ្មីៗនេះ ស្តីពីសេវាកម្មអាកាសចរណ៍ និងកម្មវិធីសកម្មភាពរួម រវាងក្រសួងទេសចរណ៍នៃប្រទេសយើងទាំងពីរ នឹងជួយទាក់ទាញអ្នកទេសចរណ៍កាន់តែច្រើនថែមទៀត មកកាន់ប្រទេសយើងទាំងពីរ។
យើងក៏បានធ្វើការកត់សំគាល់ប្រកបដោយភាពពេញចិត្តផងដែរ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យអប់រំ វប្បធម៌ និងព័ត៌មាន។ មាននិស្សិតកម្ពុជា ជាង ៨.០០០ នាក់ បានសិក្សា ទាំងនៅក្នុងអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ី។ ភាគច្រើននៃនិស្សិតទាំងនោះ នៅពេលនេះកំពុងតែកាន់តំណែងខ្ពស់ៗនៅក្នុងរដ្ឋាភិបាលកម្ពុជា ដែលប្រការនេះអាចបង្កើតជាមូលដ្ឋាន សម្រាប់ថែរក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការអប់រំជាប្រពៃណីដ៏យូរលង់ តាមរយៈការបង្កើនចំនួនអាហារូបករណ៍ សម្រាប់និស្សិតកម្ពុជា និងលើកទឹកចិត្តដល់ភាពជាដៃគូ រវាងស្ថាប័នដទៃទៀត នៅក្នុងវិស័យអប់រំ។
កិច្ចសហប្រតិបត្តិការវប្បធម៌ ក៏មានសន្ទុះខ្លាំងក្លាដែរ។ យើងក៏ឃើញវឌ្ឍនភាពនៅក្នុងវិស័យភាពយន្ត និងផលិតខ្សែភាពយន្តផងដែរ។ រដ្ឋាភិបាលកម្ពុជា បានអនុញ្ញតឲ្យសាងសង់ព្រះវិហារអ័រតូដុក រុស្ស៊ី នៅខេត្តព្រះសីហនុ សៀមរាប និងរាជធានីភ្នំពេញ។ លើសពីនេះទៅទៀត ការបន្តប្រតិបត្តិការនៃមជ្ឈមណ្ឌល ដើម្បីវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី នឹងផ្តល់នូវកម្លាំងចលករ ក្នុងការជម្រុញទំនាក់ទំនងប្រជាជននិងប្រជាជន រវាងប្រទេសយើងទាំងពីរ។
សរុបមក វាច្បាស់ណាស់ថា អស់រយៈពេលជាង ៦ ទសវត្សរ៍កន្លងទៅនេះ មិត្តភាពជាប្រពៃណីកម្ពុជា-រុស្ស៊ី បានរីកលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងវិស័យផ្សេងៗ។ ខ្ញុំមានការជឿជាក់ថា យើងមានមូលដ្ឋានពីប្រវត្តិដ៏យូរលង់របស់យើង ដើម្បីបន្តជម្រុញនូវមិត្តភាព និង កិច្ចសហប្រតិបត្តិការរបស់យើង។ កិច្ចប្រឹងប្រែងរួម និងភាពជាដៃគូដ៏ជិតស្និទ្ធរបស់យើង ប្រាកដណាស់ នឹងបន្តជម្រុញមិត្តភាពជាប្រពៃណី និងពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយផលិតភាព រវាងប្រទេសទាំងពីរ នៅក្នុងបណ្តាឆ្នាំខាងមុខនេះ៕