(ភ្នំពេញ)៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនលើកដំបូងនៅក្នុងប្រទេសកម្ពុជា សម្រេចបានប្រមាណ៩០ភាគរយ បន្ទាប់ពីការសាងសង់រយៈពេលជាង ៣ឆ្នាំ។ ផ្លូវនេះគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនៅខែកក្កដា ឆ្នាំ២០២២។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២នេះ បាននិមន្តព្រះសង្ឃ ថ្នាក់ដឹកនាំំ មន្ត្រីក្រសួងក្រសួងសាធារណការ និស្សិតវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ព្រមទាំងប្រជាពលរដ្ឋស្រុកកោះធំ ខេត្តកណ្តាលផង ទស្សនកិច្ច និងធ្វើដំណើរនៅលើផ្លូវល្បឿនលឿនមួយខ្សែនេះ។ ការនិមន្តព្រះសង្ឃ និងអញ្ជើញថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជានិស្សិតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ព្រមទាំងប្រជាពលរដ្ឋធ្វើដំណើរលើផ្លូវល្បឿនលឿននេះ ក្នុងបំណងបង្ហាញនូវសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាបច្ចេកទេសសាងសង់ផ្លូវល្បឿនលឿន។
នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃការសាងសង់ផ្លូវ ក៏ដូចជាលក្ខខណ្ឌផ្សេងៗលើការប្រើប្រាស់ផ្លូវនេះ។ លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ការសាងសង់ផ្លូវល្បឿននេះសម្រេចបានជាង ៩០ភាគរយហើយ ហើយគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនៅខែកក្កដា ខាងមុខនេះ។ ដោយឡែកការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គឺអាស្រ័យទៅលើពេលវេលាដ៏សមស្របរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានពន្យល់នូវលក្ខខណ្ឌ និងនីតិវិធីមួយចំនួនសម្រាប់ការប្រើប្រាស់ផ្លូវនេះផងដែរ។ បើតាមលោកទេសរដ្ឋមន្ត្រី ផ្លូវនេះមិនអនុញ្ញាតឱ្យមានការធ្វើដំណើរដូចជាការជិះកង់ ឬម៉ូតូនោះឡើយ ហើយល្បឿននៃការបើកបរក្រសួងកំពុងពិចារណាអនុញ្ញាតឱ្យបើកបានរហូតដល់ ១២០គីឡូម៉ែត្រ។
ដោយឡែកតម្លៃនៃការធ្វើដំណើរឆ្លងកាត់វិញ លោកទេសរដ្ឋមន្ត្រី បានអះអាងថា រាជរដ្ឋាភិបាលគ្រោងពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគ ឱ្យតម្លៃក្រោម ១០សេនក្នុងមួយគីឡូម៉ែត្រ។ ដូច្នេះបើធ្វើដំណើរពីរាជធានីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ ចម្ងាយជិត ២០០គីឡូម៉ែត្រនោះ ការចំណាយថ្លៃធ្វើដំណើរអាចជិត ២០ដុល្លារ។
លោកទេសរដ្ឋមន្ត្រី បានសម្ដែងនូវជំនឿយ៉ាងមុតមាំថា ផ្លូវនេះនឹងចូលរួមចំណែកក្នុងការជំរុញឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ មានការរីកចម្រើនលឿនជាងធម្មតាដោយសារការធ្វើដំណើរឆាប់រហ័ស កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ គ្រាដែលរាជរដ្ឋាភិបាលកំពុងសិក្សាធ្វើផែនការមេដើម្បីឱ្យខេត្តព្រះសីហនុ ក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ហើយផ្លូវល្បឿនលឿននេះនឹងចូលរួមបម្រើផែនការមេនេះក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត។
សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។
គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ ត្រូវបានលើគ្រឹះខ្ពស់ ហើយធ្វើរបងព័ទ្ធនៅតាមចិញ្ចើមផ្លូវ ដើម្បីរារាំងមិនឱ្យសត្វពាហនៈឆ្លងកាត់នោះឡើយ។ នៅអមសងខាងផ្លូវនេះ ក៏មានការតាំងទីលំនៅរបស់ប្រជាពលរដ្ឋនោះដែរ។
ដើម្បីសម្រួលការធ្វើដំណើរឱ្យបានលឿននោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើដល់អ្នកបើកបរត្រូវចេះប្រើប្រាស់គន្លងផ្លូវ រវាងគន្លងដែលបើកយឺត និងបើកលឿន។ ពោលគន្លងយឺតស្ថិតនៅខាងស្តាំ ហើយគន្លងលឿន ស្ថិតនៅខាងឆ្វេង។
បើទោះបីជាយ៉ាងណា លោកទេសរដ្ឋមន្ត្រី បានអះអាងថា នឹងមិនមានការដាក់កម្រិតសម្រាប់រថយន្តដឹកទំនិញឱ្យត្រូវតែធ្វើដំណើរលើផ្លូវល្បឿនលឿននេះឡើយ ពោលការធ្វើដំណើរអាស្រ័យលើអ្នកបើកបរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចាត់ទុកវត្តមានផ្លូវល្បឿនកើតចេញពីមនុញ្ញផលនៃសុខសន្តិភាព និងស្ថេរភាពនៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងនយោបាយខ្សែក្រវាត់ និងផ្លូវរបស់ចិន។ ជាពិសេស គឺចំណងទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងចិន៕