(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើឱ្យអ៉ីតាលី ពិនិត្យពិចារណាឡើងវិញ អំពីការយកពន្ធខ្ពស់លើការនាំចូលអង្កររបស់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ប្រមុខការទូតកម្ពុជាស្នើបែបនេះ នៅក្នុងឱកាសលោកទទួលជួប លោក Lorenzo GALANTI ឯកអគ្គរដ្ឋទូតអ៉ីតាលីប្រចាំកម្ពុជា មាននិវេសនដ្ឋាន នៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

លោកក៏បានគូសបញ្ជាក់អំពីសារសំខាន់នៃទំនាក់ទំនងយូរលង់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអ៉ីតាលី និង បានជំរុញលើកទឹកចិត្តឱ្យពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ក្នុងក្របខ័ណ្ឌទ្វេភាគី លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីអំពីការអរគុណយ៉ាងជ្រាលជ្រៅរបស់ កម្ពុជា ចំពោះរដ្ឋាភិបាលអ៉ីតាលី ដែលបានផ្តល់អំណោយវ៉ាក់សាំងអាស្ត្រាហ្សែនិកា (Astra Zeneca) ចំនួន ១,៥៦លានដូសដល់កម្ពុជា ហើយដែលត្រូវបានរៀបចំពិធីទទួលផ្ទាល់ដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដែលជំនួយនេះបានបង្ហាញពីសាមគ្គីភាពជាសកល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរដែលបានស្តែងឱ្យ ឃើញតាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្ម និងវត្តមាននៃម៉ាកផលិតផល និងហាងអាហារល្បីៗរបស់អ៉ីតាលី នៅក្នុងប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់ថា បើទោះបីស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩ក្តី ទំហំពាណិជ្ជកម្ម ទ្វេភាគីមានស្ថិរភាពល្អ និងបន្តកើនឡើងលំដាប់ ព្រមទាំងបានលើកទឹក ចិត្តឱ្យភាគីទាំងពីររិះរកមធ្យោបាយ ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតដើម្បីជំរុញកំណើនទំហំពាណិជ្ជកម្ម។

លោកក៏បានថ្លែងអំណរគុណចំពោះអ៉ីតាលីផងដែរ ដែលបានផ្តល់ជំនួយដល់កម្ពុជាក្នុងវិស័យវប្បធម៌ ក្រោម ក្របខ័ណ្ឌអាជ្ញាធរជាតិអប្សរា តាមរយៈការបណ្តុះបណ្តាលអ្នកជំនាញអភិរក្សប្រាសាទបុរាណខ្មែរ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះលទ្ធផលដ៏ល្អប្រសើរនៃយុទ្ធនាការចាក់ វ៉ាក់សាំងនៅកម្ពុជា និងបានថ្លែងអំណរកម្ពុជា ដែលបានចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជូនដល់ជនជាតិ អ៉ីតាលី ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយនិងការផ្តល់នូវកិច្ចសហការដ៏ល្អរបស់ក្រសួងការបរទេស ជូនចំពោះលោក ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។

ក្នុងក្របខ័ណ្ឌអាស៊ាន លោកឧបនាយករដ្ឋមន្រ្តី បានជម្រាបជូន លោកឯកអគ្គរដ្ឋទូត ដោយត្រួសៗអំពីសភាពការណ៍ និងការប្រឈមជាក់ស្តែងនៅមីយ៉ាន់ម៉ា ហើយនិងលទ្ធផលនៃទស្សនកិច្ចលើកទី១ របស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ព្រមទាំង ជំហានការងារនាពេលបន្ទាប់ សំដៅជំរុញការអនុវត្តការឯកភាពជាឯកច្ឆន្ទ ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។

លោកឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន និងការខិតខំរបស់ លោកឧបនាយករដ្ឋមន្រ្តីផ្ទាល់ ក្នុងនាមជាប្រេសិតពិសេស ក្នុងការរកដំណោះស្រាយចំពោះវិបត្តិចាក់ស្រេះនៅមីយ៉ាន់ម៉ា ព្រមទាំង បានសម្តែងនូវក្តីសង្ឈឹមថា កម្ពុជានឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាចំពោះវិបត្តិមីយ៉ាន់ម៉ា នាពេលខាងមុខ។ លោកឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះការផ្តោតការយកចិត្តទុកដាក់របស់ លោកឧបនាយករដ្ឋមន្រ្តី លើបញ្ហាចែកចាយជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។ លោក ក៏បានថ្លែង អំណរគុណចំពោះកម្ពុជាផងដែរ ដែលបានគាំទ្រអ៉ីតាលីជាដៃគូសន្ទនារបស់អាស៊ាន។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអ៉ីតាលី ដែលបានផ្តល់ជំនួយដល់មជ្ឈមណ្ឌល តំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ហើយដែលជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានអះអាងជាថ្មី នូវការបន្តគាំទ្រ និងជួយឧបត្ថម្ភរបស់ប្រទេសអ៉ីតាលីចំពោះមជ្ឈមណ្ឌល ARMAC នេះ។

ដោយឡែកសម្រាប់កិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិនានា លោកឯកអគ្គរដ្ឋទូត បានជម្រាបជូន លោកឧបនាយករដ្ឋមន្រ្តី អំពីការដាក់បេក្ខភាពអ៉ីតាលី ជាប្រទេសរៀបចំ World Expo 2030 ព្រមទាំង បានស្នើសុំការគាំទ្រពីកម្ពុជា។ លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះកម្ពុជាផងដែរ ដែលបានគាំទ្របេក្ខភាពរបស់អ៉ីតាលី នៅក្នុងស្ថាប័នជំនាញផ្សេងៗរបស់អង្គការសហប្រជាជាតិ៕