(ភ្នំពេញ)៖ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា កិច្ចការពារនិងការផ្តល់សេវាដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស នៅមិនទាន់ឆ្លើយតបបានទាំងស្រុងនៅឡើយទេ។

លោកថ្លែងបែបនេះ នៅក្នុងកម្មវិធីអបអរសាទរខួបលើកទី១០ របស់អង្គការសេរីភាពកម្ពុជាអូស្ត្រាលី ក្រោមប្រធានបទ «រួមគ្នាដើម្បីបញ្ឈប់ការជួញដូរមុនពេលចាប់ផ្តើម» នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

លោកបានលើកឡើងថា រយ:ពេលពីរឆ្នាំកន្លងមកនេះកម្ពុជា ក៏ដូចជាប្រទេសនានានៅក្នុងតំបន់ និងលើពិភពលោក ពិតជាទទួលរងនូវឥទ្ធិពលនៃភាពប្រឈម ជាសកលទៅលើវិស័យសេដ្ឋកិច្ច សង្គម និងនយោបាយយ៉ាងធ្ងន់ធ្ងរ។ ឧបទ្ទវហេតុផ្ទួនៗ ដែលកើតឡើង រួមមានគ្រោះធម្មជាតិធ្ងន់ធ្ងរ ការឆ្លងរាលដាលជម្ងឺកូវីដ១៩ លើសពីនេះទៅទៀត ភាពវឹកវរ អសន្តិសុខ និងចម្បាំងរាំងជល់ដែលបានផ្ទុះឡើង រវាងប្រទេសមួយចំនួនបានជះឥទ្ធិពលដល់សុវត្ថិភាព សន្ថិសុខ សុខភាព ជីវភាព និងជីវិតមនុស្សរាប់រយលាននាក់ នៅលើពិភពលោក។

លោកថា «ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគ្រប់វិធានការ។ លើសពីនេះទៅទៀត គឺវិធានការទប់ស្កាត់និងបង្រ្កាបបទល្មើស គ្រប់រូបភាព ជាពិសេសអំពើជួញដូរមនុស្សដែលជនឆ្លៀតឱកាស ព្យាយាមបោកបញ្ឆោតអូសទាញ នាំមនុស្សឆ្លងដែនខុសច្បាប់ ដើម្បីកេងប្រវ័ញ្ចជាដើម។ រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុក ការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជាអាទិភាពខ្ពស់ ទោះបីជាការរាតត្បាតនៃជម្ងឺកូវីដ-១៩ បានកើនឡើងខ្លាំង ព្រមទាំងស្ថានភាពប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក យ៉ាងណាក៏ដោយ»។

រាជរដ្ឋាភិបាលបានបង្កើនថវិការសម្រាប់វិស័យសង្គមកិច្ច ក្នុងនោះលើកញ្ចប់ជំនួយសង្គម ដើម្បីទ្រទ្រង់ជីវភាព កម្មករដែលបានបាត់បង់ការងារ ប្រជាជនក្រីក្រ ពលករដែលវិលត្រឡប់ក្នុងអំឡុងពេលនៃការបិទខ្ទប់ក្នុង ប្រទេសគោលដៅ។ នេះជាការយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហារបស់រាជរដ្ឋាភិបាលដើម្បីបង្ការទប់ស្កាត់ភាពរងគ្រោះរបស់ប្រជាពលរដ្ឋពីហានិភ័យ ដោយអំពើជួញដូរមនុស្សដែលជនឆ្លៀតឱកាសកេងប្រវ័ញ្ច ក្នុងពេលដែលជនងាយរងគ្រោះ ប្រឈមនឹងភាពខ្វះខាត ហើយប្រថុយប្រថាននឹងគ្រោះថ្នាក់។ លើសពីនេះទៅទៀតរាជរដ្ឋាភិបាលបានបង្កើនសកម្មភាព ទប់ស្កាត់សកម្មភាពមេខ្យល់ក្នុងការចលនាអូសទាញឲ្យពលករ ឆ្លងដែនដោយខុសច្បាប់ និងត្រូវប្រឈមនឹងជម្ងឺរាលត្បាតដែលកំពុងមានសន្ទុះកើនឡើងក្នុងប្រទេសគោលដៅ ដែលចាំបាច់ត្រូវរឹតបន្តឹង។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញនូវគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពី កិច្ចការពារសិទ្ធិជនរងគ្រោះ ដោយអំពើជួញដូរមនុស្សនៅឆ្នាំ២០០៩ ក្រសួងបានធ្វើការផ្សព្វផ្សាយនិងបណ្តុះបណ្តាល ជាច្រើនវគ្គ សម្រាប់អនុវត្តទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ សំដៅពង្រឹងសមត្ថភាពជំនាញរបស់មន្ត្រីទទួលបន្ទុកការងារ សង្គមកិច្ច ពាក់ព័ន្ធនានា ទាំងស្ថាប័នរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍ ក្នុងការការពារ និងគាំទ្រដល់ជនរងគ្រោះប្រកបដោយ សុវត្ថិភាព ជាពិសេសធានាបាន នូវជនរងគ្រោះទទួលបានផលប្រយោជន៍ពីលិខិតុបករណ៍ជាតិ ច្បាប់ជាតិ និងអន្តរជាតិព្រមទាំងទទួលបានសិទ្ធិអំណាច និងមានលទ្ធភាពធ្វើសមាហរណកម្មនៅក្នុងគ្រួសារ និងសហគមន៍ដោយជោគជ័យជាស្ថាពរ ទទួលបានការឧបត្ថម្ភទាំងផ្នែកសម្ភារ: និងស្មារតី ជាពិសេស សេវាសុខភាព សេវាអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបាននូវកិច្ចការពារយ៉ាងល្អ
ប្រសើរ ឆ្លងផុតពីភាពរងគ្រោះសាជាថ្មី និងការរើសអើង។

លោក ញ៉ឹក វណ្ណារ៉ា បន្តថា «ទោះបីជាក្រសួងបានខិតខំប្រឹងប្រែង និងទទួលបានសមិទ្ធិផលជាច្រើនយ៉ាងណាក៏ដោយ ក៏កិច្ចការពារនិងការផ្តល់សេវាដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្សនៅមិនទាន់ឆ្លើយតបបានទាំងស្រុងនៅឡើយទេ ជាពិសេសការផ្តល់សេវាគាំទ្រសម្រាប់ជនរងគ្រោះ នៅមានកម្រិតនៅឡើយ។ អាស្រ័យហេតុនេះ ទាមទារចាំបាច់ការចូលរួមគ្រប់ភាគីពាក់ព័ន្ធអង្គការដៃគូនានា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់នូវការជួញដូរមនុស្ស ដូចប្រធានបទរបស់អង្គការសេរីភាពកម្ពុជាអូស្ត្រាលីបានលើកឡើងថា «រួមគ្នាដើម្បីបញ្ឈប់ការជួញដូរមុនពេលចាប់ផ្តើម»។

លោកក៏បានចូលរួមអបអរសាទរខួបលើកទី១០ របស់អង្គការសេរីភាពកម្ពុជាអូស្ត្រាលីលើប្រធានបទ រួមគ្នាដើម្បីបញ្ឈប់ការជួញដូរមុនពេលចាប់ផ្តើម និងបានកោតសរសើរដល់អង្គការសេរីភាពកម្ពុជាអូស្ត្រាលី ដែលបានសហការយ៉ាងល្អជាមួយក្រសួងសង្គមកិច្ច ក្នុងការធ្វើប្រតិបត្តិការរបស់ខ្លួន លើវិស័យប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងសំណូមពរបន្តកិច្ចសហការល្អៗបន្តទៀត៕