(កណ្តាល)៖ លោក សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល បានដឹកនាំគណៈប្រតិភូ ដែលជាមន្ត្រីក្រោមឱវាទរបស់ខ្លួន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានចូលគោរពវិញ្ញាណក្ខន្ធសពមន្រ្តីនគរបាល ២នាក់ ដែលបានបាត់បង់ជីវិតអំឡុងពេលចុះបង្ក្រាបគ្រឿងញៀន នៅឃុំទួលព្រិច ស្រុកអង្គស្នួល ដោយសារក្រុមជនល្មើសបាញ់ប្រហារ ។

លោកមេបញ្ជាការ និងក្រុមការងារទាំងអស់ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារនៃសព ដែលបានពលីក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសគ្រឿងញៀន ដែលនេះជាការពាក់លីមួយដ៏មានអត្ថន័យ និងមានខ្លឹមសារបំផុត ។

កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន មន្រ្តីនគរបាលចំនួន២រូបបានស្លាប់ដោយសារក្រុមជនល្មើសបាញ់ត្រូវ ខណៈម្នាក់របួសធ្ងន់ រីឯជនសង្ស័យត្រូវបានស្លាប់ម្នាក់ផងដែរពេលចុះបង្ក្រាបនោះ ។

បើតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា មន្ត្រីនគរបាលដែលរងគ្រោះរហូតបាត់បង់ជីវិតនោះរួមមាន៖

*ទី១៖ ឈ្មោះ ជុច សភា ជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល
*ទី២៖ ឈ្មោះ រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នូល។
រីឯជនសង្ស័យដែលស្លាប់ឈ្មោះ ធីម ខឿន ហៅពែក ៕