(បន្ទាយមានជ័យ)៖ នៅថ្ងៃ២៦ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានរៀបចំពិធីផ្សព្វផ្សាយ ពីជំងឺគ្រុនចាញ់ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការ ក្រោមអធិបតីភាព លោកឧត្តមេសេនីយ៍ត្រី ប៊ុន ច័ន្ទមន្នី នាយការិយាល័យសុខាភិបាល យោធភូមិភាគទី៥។

បន្ទាប់ពីធ្វើការសាកល្បងសមត្ថភាព ពីកំរិតយល់ដឹងរបស់នាយទាហាន នាយទាហានរង និងពលទាហាន ដែលសិក្ខាកាមរួចមក លោកវរសេនីយ៍ឯក ប៉ែន ប្រសើ នាយរងការិយាល័យសុខាភិបាល យោធភូមិភាគទី៥ ដែលជាគ្រូឧទ្ទេសនាម បានវាយតម្លៃថា សិក្ខាកាមពិតជាមានការយល់ដឹងច្រើនអំពីជំងឺនេះ។

លោកវរសេនីយ៍ឯក គ្រូឧទ្ទេសនាម បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ត្រូវយកចិត្ត ទុកដាក់ឲ្យបានខ្ពស់ពីជំងឺនេះ ព្រោះរដូវនេះជារដូវភ្លៀង ងាយនឹងមានមូសដែកគោល ដែលជាភ្នាក់ងារចម្លងខាំអាចបណ្តាលឲ្យកើតនៅជំងឺគ្រុនចាញ់ និងពេលសំរាក ត្រូវចងមុងឲ្យបានត្រឹមត្រូវ និងត្រូវអនុវត្តការ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ធ្វើអនាម័យជុំវិញកន្លែងស្នាក់នៅ និងកាកសំណល់ដែលងាយដកទឹកដក់ទឹកជាជម្រកសម្រាប់មូសញីពងកូនបាន។

លោកឧត្តមេសេនីយ៍ត្រី ប៊ុន ច័ន្ទមុន្នី បានបន្ថែមថា ជំងឺគ្រុនចាញ់នាពេល នេះគឺកាត់បន្ថយការចម្លងច្រើន ដោយកងទ័ពយើង យល់ដឹងខ្ពស់ពីវិធីការពារ និងការធ្វើអនាម័យកន្លែងរស់នៅបានស្អាតល្អ និងបានផ្តាំផ្ញើរត្រូវតែបន្ត ប្រុងប្រយ័ត្នមិនអាចធ្វេសប្រហែសបានឡើយ៕