(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្រោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំ និងស្មារតីអង្គប្រជុំកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងឧត្តមអគ្គានុរក្សថ្នាក់លេខ១ លឹម សុខា អគ្គនាយករង អគ្គនាយកដ្ឋានពន្ធនាគារ រួមទាំងមន្រ្តីជំនាញរបស់អង្គភាពទាំងពីរ បានចុះទស្សនកិច្ចផ្ទាល់ពីស្ថានភាពទូទៅ របស់ដំណើរការការងារអប់រំ ពីបញ្ហាគ្រឿងញៀនដល់ជនជាប់ឃុំពេលពួកគាត់អនុវត្តទោសរួចរាល់ ហើយត្រូវវិលត្រឡប់ទៅរួមរស់ជាមួយក្រុមគ្រួសារ និងសហគមន៍វិញកុំឱ្យគាត់ទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននាំទុក្ខដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

ឧត្តមអគ្គានុរក្សថ្នាក់លេខ១ លឹម សុខា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអង្គភាពទាំងពីរ ដែលបានអនុញ្ញាតឱ្យក្រុមការងារបានជួបប្រជុំគ្នា ជជែកពិភាក្សា ដើម្បីកសាងផែនការសកម្មភាពពង្រឹងសមត្ថភាពមន្រ្តីធ្វើការ នៅពន្ធនាគារលើការងារអប់រំពីបញ្ហាគ្រឿងញៀន ក្លាយជាមន្រ្តីបង្គោលដើម្បីអប់រំដល់ជនជាប់ឃុំបានយល់ដឹងយកទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ឱ្យចៀសចាកឆ្ងាយពីបញ្ហាគ្រឿងញៀន។

ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានលើកឡើងថា ការអប់រំ អ្នកដែលធ្លាក់ខ្លួនញៀនហើយនោះគឺពិបាកណាស់ ក្នុងការព្យាបាល និងស្តារនីតិសម្បទាគាត់ឱ្យត្រឡប់ស្ថានភាពធម្មតារឡើងវិញ ដូចនេះទើបរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានខិតខំបង្ការការពារប្រជាពលរដ្ឋយើងតាមរយ:ការអប់រំ ផ្សព្វផ្សាយផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន ដើម្បីឱ្យប្រជាពលរដ្ឋមានបំណិនជិវិតរួចផុតបានពីបញ្ហាគ្រឿងញៀន។

ក្រុមការងារ នឹងបន្តដំណើរការងារបស់ខ្លួននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ទៀត៕