(ពោធិ៍សាត់)៖ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ នៅវេទិកាខេត្ត បានចូលរួមទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ ឧបករណ៍តេសកូវីដ១៩ និងថវិកា របស់ក្រុមសប្បុរសជន មកពីមូលនិធិដាយមិនស៏កម្ពុជា តាមរយៈលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុនី មកប្រគល់ជូនក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់។

លោក ហ៊ុត កុសល បានឱ្យដឹងថា អំណោយរបស់ក្រុមសប្បុរសជន មកពីមូលនិធិដាយមិនស៏កម្ពុជា តាមរយៈលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុនី បាននាំយកមកប្រគល់ជូនក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ នាពេលនេះមាន៖ អង្ករ៥តោន មី២៥០កេស ត្រីខ២៥០យួរ ឧបករណ៍តេសកូវីដ១៩ ចំនួន៦កេស ស្មើនឹង១៥០០តេស និងថវិកា១០លានរៀល សម្រាប់បម្រើសកម្មភាពមនុស្សធម៌ នៅក្នុងខេត្តពោធិ៍សាត់។

លោក ជាវ តាយ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុនី និងលោក ហ៊ុត កុសល ព្រមទាំងសហការី និងក្រុមសប្បុរសជន មកពីមូលនិធិដាយមិនស៏កម្ពុជា ដែលក្នុងរយៈពេលកន្លង មកតែងតែបានយកចិត្តទុកដាក់ ជួយសម្រាលជីវភាពប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ទីកន្លែង និយាយជារួមនឹងនិយាយដោយឡែក ក្នុងខេត្តពោធិ៍សាត់របស់យើងខ្ញុំ។

លោក ជាវ តាយ បានបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោគ ឧបករណ៍តេសកូវីដ១៩ និងថវិកាទាំងនេះ លោកនឹងនាំយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះជាក់ស្តែង នៅក្នុងខេត្តពោធិ៍សាត់។
លោកក៏បានគោរពជូនពរ ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងលោក ហ៊ុត កុសល ព្រមទាំងសហការី និងក្រុមសប្បុរសជន មកពីមូលនិធិដាយមិនស៏កម្ពុជា សូមមានសុខភាពល្អ ទទួលបានជ័យជម្នះគ្រប់ភារកិច្ច ជួបប្រទះតែនឹងពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសឱ្យជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕