(កំពង់ធំ)៖ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំពាវនាវឲ្យក្រុមហ៊ុន ពាណិជ្ជករ សហគ្រាស អាជីវករ និង ប្រជាពលរដ្ឋ លើកស្ទួយសកម្មភាពពាណិជ្ជកម្មក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ថ្លែងក្នុងសិក្ខាសាលាស្ដីអំពី ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជកម្មកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅខេត្តកំពង់ធំ លោកក៏បានបង្ហាញជំនឿមុតមាំថាក្រុមហ៊ុនទាំងអស់ ដែលចូលរួមនឹងអាចធ្វើការផ្លាស់ប្តូរបទពិសោធន៍ល្អៗ ក៏ដូចជាស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនថែមទៀត។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបន្តថា សភាពាណិជ្ជកម្ម ផ្តោតទៅលើការជួយពង្រឹងតួនាទី ភារកិច្ច បទបញ្ជាផ្ទៃក្នុង ការគ្រប់គ្រងរដ្ឋបាលរបស់សភាពាណិជ្ជកម្មខេត្ត-ក្រុង ការពង្រឹងទំនាក់ទំនងរវាងសភាពាណិជ្ជកម្មខេត្ត និងខេត្ត សភាពាណិជ្ជកម្មខេត្ត និងសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មខេត្តនិងសហគមន៍ធុរកិច្ចអន្តរជាតិ សភាពាណិជ្ជកម្មខេត្តជាមួយក្រសួងពាណិជ្ជកម្ម និងកិច្ចអភិវឌ្ឍន៍សភាពាណិជ្ជកម្មខេត្ត។
ទន្ទឹមនោះដែរលោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ បានឲ្យដឹងថា សិក្ខាសាលាថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សមជាមួយនឹងប្រទេសជាតិ មានសុខសន្តិភាព មានការរីកចម្រើន ដូច្នេះការធ្វើពាណិជ្ជកម្មរបស់ អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាសទាមទារឲ្យមានការយល់ដឹងបន្ថែមផ្នែកផ្លូវច្បាប់ ដែលអាចធ្វើឱ្យអាជីវកម្មមានការរីកចម្រើនទៅមុខជាលំដាប់ ដើម្បីកាត់បន្ថយ បញ្ហាប្រឈមនានា៕