(កំពង់ឆ្នាំង)៖ លោកវរសេនីយ៍ឯក ឆាយ ខេមរ័ត្ន អធិការនគរបាលក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែមេសានេះ បានបញ្ជាក់ថា ករណីដាក់ទំនិញលក់ដូរលើផ្លូវកៅស៊ូនៅចំណុច ផ្លូវកៅស៊ូដើមស្រល់ជាប់មាត់ទន្លេផ្សារក្រោម ពិតជាកើតមានរៀងរាល់ថ្ងៃដូចចាប់ក្តាមដាក់ចង្អេរ និងដូចវែកចកអញ្ចឹង។

លោកវរសេនីយ៍ឯក ឆាយ ខេមរ័ត្ន បានបន្តថា «កន្លងមកតាមការណែនាំរបស់គណៈបញ្ជាការឯកភាពក្រុងកំពង់ឆ្នាំង និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង គឺនគរបាលចរាចរណ៍ និងនគរបាលសណ្ដាប់ធ្នាប់ក្រុង និងខេត្តធ្លាប់ចុះអប់រំណែ នាំជាញឹកញាប់ ក្នុងនោះក៏ធ្លាប់ចុះចាប់យកសម្ភារៈ និងអីវ៉ាន់មួយចំនួនដែលដាក់លក់លើផ្លូវកៅស៊ូជាការព្រមាន និងធ្វើការផាកពិន័យផងដែរ។ ប៉ុន្តែនៅតែមានអាជីវករមួយចំនួនរឹងរួសមិនសហការ និងមិនរាងចាលនោះឡើយ គឺពេលសមត្ថកិច្ចចុះធ្វើការម្តងៗ ពួកគាត់តែងលើកអីវ៉ាន់ចេញ ពេលសមត្ថកិច្ចដកមកវិញពួកគាត់លើកអីវ៉ាន់ដាក់លក់លើផ្លូវកៅស៊ូដដែល។ ចំពោះករណីចតរថយន្តលើគំនូសពណ៌លឿង លើទ្រូងផ្លូវខុសច្បាប់វិញក៏ដូចគ្នាដែរ ពេលសមត្ថកិច្ចចុះធ្វើការផាកពិ ន័យគឺប្រជាពលរដ្ឋថា សមត្ថកិច្ចមិនយោគយល់ តែបើមិនអនុវត្តច្បាប់ ភាពអា ណាធិបតេយ្យកើតមានឡើង»

លោកវរសេនីយ៍ទោ ហង្ស ប៊ុនហាក់ អធិការងនគរបាលក្រុងកំពង់ឆ្នាំង ទទួលបន្ទុកចរាចរណ៍ និងសណ្ដាប់ធ្នាប់ ក្នុងពេលដឹកនាំសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុង និងខេត្តចំនួន៩នាក់ ចុះរៀបចំសណ្ដាប់ធ្នាប់ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា នៅព្រឹកនេះសមត្ថកិច្ចបានចាប់ផាកពិន័យម៉ូតូឌុបចំនួន៣គ្រឿង, ផាស់ស្អាប់ចំនួន ៥គ្រឿង និងរថយន្តចំនួន៣គ្រឿង ដែលបានឈប់ចតលើគំនូសពណ៌លឿង លើទ្រូងថ្នល់ខុសច្បាប់នៅចំណុចរង្វង់មូលមនុស្សចំនួន ៣នាក់ និងចំណុចផ្លូវច្រមុះ ជ្រូកពីផ្សារលើ។ ដែលតាមច្បាប់ គឺផាកពិន័យម៉ូតូឌុប និងផាស់ស្អាប់ក្នុង១គ្រឿងៗ ៦ម៉ឺនរៀល, រថយន្តតូចក្នុងមួយគ្រឿង ៧៥,០០០រៀល និងបើរថយន្តធំវិញត្រូវផាកពិន័យ ១៥ម៉ឺនរៀល។

ដោយឡែកនៅចំណុចដើមស្រល់ឯណេះវិញ នៅពេលឃើញសមត្ថកិច្ចចុះទៅដល់កាលពីព្រឹកមិញ អាជីវករមួយ ចំនួនដែលបានដាក់ទំនិញលក់លើផ្លូវកៅស៊ូបានភ្ញាក់រលឹ កលើកទំនិញរបស់ខ្លួនចេញពីផ្លូវកៅស៊ូដោយខ្លួនឯង។ ប៉ុន្តែអាជីវករមួយចំនួនមិនត្រឹមតែមិនលើកអីវ៉ាន់ចេញនោះទេ ថែមទាំងបានប្រើពាក្យសម្ដីអសុរោះដៀមដាមដាក់សមត្ថកិច្ច ដែលជាអ្នករៀបសណ្ដាប់ធ្នាប់សាធារណៈទៀតផង។

សមត្ថកិច្ចក៏បានឱ្យដឹងទៀតថា ការប្រជាពលរដ្ឋដាក់លក់អីវ៉ាន់នៅលើដងផ្លូវសាធារណៈបែបនេះ គឺធ្វើឱ្យមានផលប៉ះពាល់ច្រើនណាស់ ដូចជាការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ពិសេសគឺបាត់បង់សោភ័ណភាពជួរមាត់ទន្លេ ដែលជាតំបន់ទេសចរណ៍ផង។ ហេតុនេះនៅសប្តាហ៍ក្រោយ បើអាជីវករមួយចំនួននៅតែរឹងរួស ដោយនៅតែបន្តដាក់ទំនិញលក់លើផ្លូវកៅស៊ូខុសច្បាប់បែបនេះបន្តទៀត សមត្ថកិច្ចនឹងសុំគោលការណ៍ថ្នាក់លើប្រើប្រាស់កម្លាំងចម្រុះចុះបង្ក្រាបរឹបអូសទំនិញទាំងនោះយកទៅដាក់សាលាក្រុង ដើម្បីអប់រំព្រមាន និងពិន័យតាមច្បាប់ដោយមិនមានការយោគយល់ឡើយ៕