(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវធ្វើផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យទៅទទួល ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ និងដូសទី៤ ឱ្យស្របតាមការកំណត់របស់ក្រសួងសុខាភិបាល។

ការណែនាំបែបនេះរបស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ។

នាឱកាសនោះដែរ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ នារយៈពេលកន្លងមកបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរសម្រេចបាននូវលទ្ធផលល្អជាច្រើនទាំងការងារអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២កន្លងទៅ និងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាដើម។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*ទី១៖ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឱ្យបានល្អប្រសើរ

*ទី២៖ មន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរសុខាភិបាលខេត្តត្រូវសហការជំរុញដល់សិស្សានុសិស្សតាមសាលារៀនទាំងអស់ត្រូវទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ ឱ្យបានគ្រប់ៗគ្នា។

*ទី៣៖ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរពាក់ព័ន្ធត្រូវត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ឬគ្រោះថ្នាក់សង្គមផ្សេងៗដែលកើតមានឡើង និងបន្តផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នអំពីបញ្ហាគ្រោះអគ្គីភ័យដែលបង្ករឡើងដោយភ្លើងអគ្គិសនី ភ្លើងទាន ធូប..ល.។

*ទី៤៖ អាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តការបង្ក្រាបបទល្មើសគ្រឿងញៀន ដូចជាការជួញដូរ និងចែកចាយជាដើម

*ទី៥៖ កម្លាំងមានសមត្ថកិច្ចជាពិសេសគោលដៅចរាចរណ៍ផ្លូវគោកត្រូវធ្វើការរឹតបន្តឹង និងត្រួតពិនិត្យរកសាធាតុញៀនទៅលើអ្នកបើបររថយន្តធុនធំគ្រប់ប្រភេទ

*ទី៦៖ អាជ្ញាធរពាក់ព័ន្ធត្រូវខិតខំជម្រុញដល់កិច្ចការងារក្នុងការកំណត់ផ្ទៃច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួ និងអាងទឹកក្នុងខេត្ត ទៅតាមជំហាននីមួយៗ ដើម្បីឈានទៅសម្រេចលទ្ធផល និងធ្វើការស្តាផ្លូវទឹកឡើងវិញទុកសម្រាប់កូនចៅជំនាន់ក្រោយ៕