(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា នៅពេលដែលយុវជនចូលរួមក្នុងសង្គម និងស្គាល់អំពីតម្លៃ និងសិទ្ធិរបស់ខ្លួន ពួកគាត់នឹងក្លាយជាកត្តាលិករមួយ ដែលជំរុញឱ្យមានការបង្កើត និងបង្កើនស្នាដៃវប្បធម៌ថ្មីៗ កាន់តែមានភាពច្នៃប្រឌិត និងសំបូរបែប។
លោកស្រីថ្លែងបែបនេះ ក្នុងឱកាសគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាកម្ពុជា រៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក (The World IP Day) នៅផ្សារទំនើប AEON Mall សែនសុខ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។
លោកស្រីរដ្ឋមន្ត្រីបានថ្លែងថា ថ្ងៃនេះគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលមានក្រសួងពាណិជ្ជកម្មជាប្រធាន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាអនុប្រធាន បានសហការរៀបចំប្រារព្វទិវាកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) អមដោយការប្រគល់ប័ណ្ណសរសើរ និងពានកិត្តិយសដល់អ្នកមានស្នាដៃ ផ្នែកចម្លាក់ប្រាក់ស្ពាន់ ព្រមទាំងការចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍នានាតាមរយៈសិក្ខាសាលាថ្នាក់ជាតិ ដែលមានវាគ្មិនជាតិនិងអន្តរជាតិ។
ទិវាកម្មសិទិ្ធបញ្ញា និងអង្គសិក្ខាសាលាថ្នាក់ជាតិ ពិតជាមានអត្ថប្រយោជន៍ និងសារៈសំខាន់ខ្លាំងណាស់ ជាពិសេស ចំពោះប្អូនយុវជន តែម្តងព្រោះវាបានផ្តល់នូវចំណេះដឹងថ្មីៗ ក៏ដូចជាបទពិសោធន៍ល្អៗសម្រាប់យកទៅអនុវត្ត ជាក់ស្តែង និងផ្សព្វផ្សាយបន្តនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់ទៅដល់ការបង្កើតនូវស្នាដៃថ្មីៗបន្ថែមទៀត។
លោកស្រីរដ្ឋមន្ត្រី បានបន្ថែមថា ទន្ទឹមនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានរៀបចំទិវាវប្បធម៌ជាតិ៣មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ផងដែរ គឺក្នុងគោលបំណងឱ្យប្រជាជន មហាជន ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សីត្រូវខិតខំប្រឹងប្រែងថែរក្សាសម្បត្តិវប្បធម៌ជាតិ ទាំងរូបបីដ៏សម្បូរបែបប្រកបដោយសក្តានុពលភាពក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គម និងភាពសុខសាន្តរបស់ប្រជាជន និងប្រជាជាតិយើង ជាពិសេសនឹងធ្វើឱ្យយុវជនយើងជំនាន់ក្រោយ ចេះស្រឡាញ់កាន់តែខ្លាំងឡើង និងមានស្មារតីចូលរួមកាន់តែសកម្មថែមទៀតក្នុងកិច្ចការពារវប្បធម៌ជាតិទាំងរូបី និងអរូបី ដែលការចេះប្រើប្រាស់សក្តានុពលវប្បធម៌ គឺជាមូលដ្ឋានគ្រឹះចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមរយៈការបង្កើតស្នាដៃ និងផលិតផលវប្បធម៌។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបញ្ជាក់ទៀតថា «ដូច្នេះនៅពេលដែលយុវជនចូលរួមក្នុងសង្គម និងស្គាល់អំពីតម្លៃ និងសិទ្ធិរបស់ខ្លួន ពួកគាត់នឹងក្លាយជាកត្តាលិករមួយដែលជំរុញឱ្យមានការបង្កើត និងបង្កើនស្នាដៃវប្បធម៌ថ្មីៗកាន់តែមានភាពច្នៃប្រឌិត និងសំបូរបែបផ្អែកលើមូលដ្ឋាននៃអត្តសញ្ញាណជាតិ ដែលទាំងអស់នេះក៏នឹងត្រូវបានដាក់បញ្ចូល ទៅក្នុងបទបង្ហាញរបស់វាគ្មិនជាតិ និងអន្តរជាតិសម្រាប់សិក្ខាសាលាថ្នាក់ជាតិរបស់យើង នាពេលរសៀលនេះផងដែរ»។
លោកស្រីក៏បានបង្ហាញសង្ឃឹមយ៉ាងមុតមាំថា ទិវាកម្មសិទិ្ធបញ្ញាពិភពលោកនឹងក្លាយជាតិទិវាកម្មសិទ្ធិបញ្ញាជាតិ ដែលនឹងត្រូវប្រារព្ធជារៀងរាល់ឆ្នាំសម្រាប់កម្ពុជានាឆ្នាំទៅមុខបន្តបន្ទាប់ទៀត ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍ ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា និងជំរុញគំនិតច្នៃប្រឌិត និងការបង្កើតថ្មី ព្រមទាំងឧស្សាហកម្មវប្បធម៌ ឱ្យឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ហើយចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០៥០។
កម្ពុជារៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ «កម្មសិទ្ធិបញ្ញា និងយុវជន៖ ការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរ» ដើម្បីចូលរួមដាស់ស្មារតីរបស់យុវជន ឱ្យរួមគ្នាបង្កើតបច្ចេកវិទ្យាថ្មី ផលិតផលថ្មី ស្នាដៃថ្មី សម្រាប់ប្រទេសកម្ពុជា និងពិភពលោក។
ថ្លែងក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម ឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីអភិវឌ្ឍសហគ្រាសរបស់ខ្លួន តាមរយៈគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក ព្រមទាំងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញសក្តានុពលជាច្រើន ដូចជា ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ទឹកឃ្មុំមណ្ឌលគិរី និងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត ដូចជា អំបិល និងផ្កាអំបិលកំពតកែប បង្កងតាកែវ និងទឹកត្រីកំពត។
ក្រៅពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកសមូហភាព អំបុកកំពង់ធំ អង្ករព្រះវិហារ និងគ្រោងចុះបញ្ជីបន្ថែមទៀត នូវម៉ាកសមូហភាពដូចជា៖ ចម្លាក់បាក់ស្ពាន់ខេត្តកណ្តាល ក្រូចពោធិ៍សាត់ នំបញ្ចុកសៀមរាប និង ដូងបាត់ដំបង ដែលបានរួមចំណែកសំខាន់ ដល់ការរក្សាកំណើនសេដ្ឋកិច្ច ពង្រឹងអភិបាលកិច្ចល្អ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងសារលិខិតអបអរទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកនេះ ក៏ផ្ដល់ឱកាសដល់យុវជនផងដែរ ក្នុងការបង្កើនការយល់ដឹងបន្ថែមទៀត អំពីច្បាប់កម្មសិទ្ធិបញ្ញារបស់កម្ពុជារួមមាន ច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ច្បាប់ស្តីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែល មានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ច្បាប់ស្តីពី ការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ។
ការយល់ដឹងរបស់យុវជនបន្ថែមទៀត ចំពោះច្បាប់កម្មសិទ្ធិបញ្ញាអាចគាំទ្រដល់មហិច្ឆតារបស់យុវជន ក្នុងការទទួលបានចំណេះដឹងក្នុងការបង្កើតថ្មី ដើម្បីអនាគតកាន់តែប្រសើរ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។
សូមជម្រាបថា នៅរសៀលថ្ងៃដដែលនេះ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាកម្ពុជា ក៏មានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ដែលមានវាគ្មិនជាតិ និងអន្តរជាតិ ផ្តល់ចំណេះដឹងផងដែរ៕