(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា បច្ចេកវិទ្យាហិរញ្ញវត្ថុ បាននិងកំពុងផ្លាស់ប្តូរមុខមាត់នៃឧស្សាហកម្មហិរញ្ញវត្ថុទាំងមូល ក្នុងការផ្តល់ និងការទទួលបានសេវាកម្មហិរញ្ញវត្ថុ ដែលចូលរួមយ៉ាងសកម្ម និងខ្លាំងក្លាក្នុងការគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ការថ្លែងរបស់អគ្គបណ្ឌិតសភាចារ្យ ធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ថ្នាក់ជាតិស្ដីពី គោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ។
អគ្គបណ្ឌិតសភាចារ្យ បានឲ្យដឹងថា បច្ចេកវិទ្យាហិរញ្ញវត្ថុ កំពុងផ្លាស់ប្តូរមុខមាត់នៃឧស្សាហកម្មហិរញ្ញវត្ថុទាំងមូល ក្នុងការគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈទិដ្ឋភាពចំនួន៤ធំៗរួមមាន៖
១៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ អាចបង្កើនការប្រកួតប្រជែងដោយស្មើភាព និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាហិរញ្ញវត្ថុ ដោយសារការកាត់បន្ថយថ្លៃប្រតិបត្តិការ, ការសន្សំពេលវេលា និងការធ្វើឱ្យប្រសើរឡើង នូវការទទួលបានបទពិសោធន៍ថ្មីប្លែក ពីសំណាក់អ្នកប្រើប្រាស់។
២៖ បច្ចេកវិទ្យាហិរញ្ញវត្ថុមានសក្តានុពល ក្នុងការបង្កើតទីផ្សារថ្មី ដែលពង្រឹងទីផ្សារមានស្រាប់ ជាពិសេសបង្កើតឱ្យមានអន្តរទំនាក់ទំនង និងការផ្សាភ្ជាប់គ្នាកាន់តែជិតស្និទ្ធ រវាងសកម្មភាពហិរញ្ញវត្ថុ និងសកម្មភាពមិនមែនហិរញ្ញវត្ថុ ដែលមានសក្តានុពល សម្រាប់ពន្លឿនប្រតិបត្តិការពិតប្រាកដ និងប្រតិបត្តិការអនឡាញ។ នេះមិនត្រឹមតែអាចបង្កើតឱកាសទីផ្សារថ្មីប៉ុណ្ណោះទេ ថែមទាំងអាចផ្តល់លទ្ធភាព ក្នុងការបង្កើតប្រភពនៃកំណើនសេដ្ឋកិច្ចថ្មីផងដែរ។
៣៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ អាចពង្រីកបរិយាប័ន្នកម្មហិរញ្ញវត្ថុ ក្នុងទិដ្ឋភាពជាចលករ សម្រាប់ការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ថ្នាលឌីជីថល ដើម្បីទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដល់ប្រជាជនក្រីក្រ និងពុំមានលទ្ធភាពទទួលបាន សេវាកម្មហិរញ្ញវត្ថុគ្រប់គ្រាន់។
៤៖ បច្ចេកវិទ្យាហិរញ្ញវត្ថុក៏មានតួនាទីសំខាន់ ក្នុងការពង្រឹង និងពង្រីកសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាប្រភពសំខាន់សម្រាប់បង្កើត និងលើកកម្ពស់លក្ខខណ្ឌការងារ និងជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងចីរភាព។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្ដថា ក្នុងរយៈពេលជាងមួយទស្សវត្សចុងក្រោយ ឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជា សម្រេចបានសន្ទុះកំណើន និងបានចូលរួមកាន់តែខ្លាំងក្លា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការលើកកម្ពស់បរិយាប័ន្ន ហិរញ្ញវត្ថុ, ទាំងនៅទីប្រជុំជន និងជនបទ, ជារួមត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញ តាមរយៈការកើនឡើងយ៉ាងខ្លាំង នូវគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថាន ផ្តល់សេវាទូទាត់សងប្រាក់ជាដើម ក្នុងវិសាលភាពវិស័យហិរញ្ញវត្ថុធនាគារ។
ទន្ទឹមនឹងនេះអនុវិស័យផ្សេងៗ នៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារក៏បាន និងកំពុងចាប់ផ្តើមដុះលូតលាស់ជាបណ្តើរៗ ដែលមានសក្តានុពលខ្ពស់ ក្នុងការទាញប្រយោជន៍ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ការបង្កើតអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារក៏មានគោលដៅ ដើម្បីបង្កើតយន្តការស្ថាប័នច្បាស់លាស់ និងមុតស្រួចក្នុងការដឹកនាំអភិវឌ្ឍវិស័យនេះ ឱ្យបានខ្លំាងក្លាថែមទៀត។
ឧបនាយករដ្ឋមន្រ្ដីបានបន្ថែមថា ការរីកចម្រើននៃវិស័យនេះ បានជំរុញឱ្យមានការទាក់ទាញ ក្នុងការបន្តវិនិយោគកាន់តែច្រើន លើបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេសក្នុងការបង្កើនសេវាកម្ម ឬផលិតផលនវានុវត្តន៍ និងការចាប់យកឱកាសថ្មីៗ ដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់អតិថិជន ឬអ្នកប្រើប្រាស់ ជាពិសេសក្នុងចំណោមក្រុមអ្នកប្រើប្រាស់វ័យក្មេង។ ជាក់ស្តែងក្នុងវិបត្តិនៃជំងឺកូវីដ១៩ ស្ថាប័នហិរញ្ញវត្ថុណាដែលចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាបានលឿនមុនគេ បានប្រែក្លាយវិបត្តិឱ្យទៅជាឱកាសថ្មី ក្នុងការពង្រីកសេវារបស់ខ្លួនកាន់តែខ្លាំង និងមានភាពធន់ខ្ពស់ក្នុងការឆ្លើយតបទៅនឹងវិបត្តិនេះ៕