
ការបំផ្ទុះគ្រាប់បែកលើរថយន្តនៅអ៊ីរ៉ាក់ បានផ្តាច់ជីវិតមនុស្ស ៦៤នាក់ និង បង្ករបួស៨៧នាក់
11-05-2016 16:12
(បាកដាដ)៖ គ្រាប់បែកត្រូវបានដាក់បង្កៃឲ្យផ្ទុះទៅលើរថយន្តមួយគ្រឿង ដែលចតចោលនៅក្បែរ ទីផ្សារដ៏មមាញឹកមួយកន្លែងស្ថិតនៅភាគខាងកើតទីក្រុងបាកដាដ របស់ប្រទេសអ៊ីរ៉ាក់ បណ្តាលឲ្យ មនុស្សស្លាប់ ៦៤នាក់ និងរងរបួសធ្ងន់ស្រាល ៨៧នាក់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ ២០១៦។
ទីផ្សារដែលទទួលរងឥទ្ធិពលពីការបំផ្ទុះគ្រាប់បែក លើរថយន្តនោះមានឈ្មោះថា Sadr ដោយភ្លាមៗ នោះមនុស្សប្រមាណ ៣៧នាក់បានស្លាប់ និង ៥៣នាក់ទៀតត្រូវបានសាក្សីនៅកន្លែងកើតហេតុ អះអាងថាបានទទួលរងរបួស ហើយក្នុងចំណោមអ្នកទាំងនោះគឺមួយចំនួនធំបានរងរបួសធ្ងន់ ដែលអាចនឹងមានអ្នកស្លាប់កើនឡើងបន្ថែមទៀត។
មិនទាន់មានការចេញមុខទទួលខុសត្រូវពីសំណាក់ ក្រុមដែលស្ថិតនៅពីក្រោយខ្នងការវាយប្រហារ ខាងលើនេះឡើយ។ ក្រៅពីមនុស្សស្លាប់ និងរបួសជិត១០០នាក់នោះ អគារព្រមទាំងរថយន្តជា ច្រើនគ្រឿងទៀត ក៏បានទទួលរងការបំផ្លិចបំផ្លាញយ៉ាងដំណំផងដែរ៕