(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងវេយណភណ្ឌកំពុងដំណើរល្អប្រសើរឡើងវិញ បន្ទាប់ពីកម្ពុជាអាចគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ក្នុងនោះរយៈពេល៣ខែឆ្នាំ២០២២ ការនាំចេញក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវេយណភណ្ឌបានកើនឡើងប្រមាណ ១៥ភាគរយ មានទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារ។

វិស័យកាត់ដេរសម្លៀកបំពាក់ និងវេយណភណ្ឌរបស់កម្ពុជា ក៏ដូចជាវិស័យដទៃទៀតផងដែរ ក្នុងឆ្នាំ២០២០ និង២០២១ បានជួបវិបត្តិបណ្តាលមកពីការរាតត្បាតជំងឺកូវីដ១៩។ រោងចក្រ សហគ្រាសជាច្រើនត្រូវបានបិទទ្វារ ហើយកម្មករ និយោជិតជាច្រើនបាត់បង់ការងារ។

ក្នុងបទសម្ភាសន៍ជាមួយ Fresh News លោក ហេង សួរ បានរំលឹកថា ក្នុងខែមេសា ឆ្នាំ២០២១ ជាពេលវេលាដ៏លំបាកក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវេយណភណ្ឌ។ លោកបានបញ្ជាក់ដូច្នេះ «ខែ៤ ឆ្នាំទៅ យើងជួបបញ្ហាច្រើនដោយសារតែជំងឺកូវីដ១៩ចាប់ផ្តើមផ្ទុះនៅកម្ពុជាយើង ហើយប្រទេសជិតខាងក៏ផ្ទុះ អ៊ីចឹងហើយវាធ្វើឱ្យមានសម្ពាធទៅដល់រោងចក្ររបស់យើង ហើយការបញ្ជាទិញមានភាពរអាក់រអួល រីឯកម្មករ និយោជិត ក៏មានការបារម្ភ។ អ៊ីចឹងធ្វើឱ្យការធ្វើការងារហ្នឹងទាំងភ័យ»

តែបច្ចុប្បន្នស្ថានភាពការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវេយណភណ្ឌ បានល្អប្រសើរឡើងវិញហើយ បន្ទាប់ពីកម្ពុជាអាចគ្រប់គ្រងជំងឺកូវីដ១៩ ដោយបង្កើតបានភាពធន់ និងភាពសុាំដ៏រឹងមាំ ក្រោយពេលកម្ពុជាបានចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងអត្រាដ៏ខ្ពស់។ នេះបើតាមលោក ហេង សួរ។

ឆ្លើយដោយទឹកមុខរីករាយមន្ត្រីដែលទទួលបន្ទុកដឹកនាំកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអះអាងថា នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ការនាំចេញក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវេយណភណ្ឌ បានធ្លាក់ចុះបន្តិច តែនៅចុងឆ្នាំ២០២១ និងឆ្នាំ២០២២នេះ វិស័យកាត់ដេរសម្លៀកបំពាក់ និងវេយណភណ្ឌ បានវិលត្រឡប់មកភាពល្អប្រសើរឡើងវិញ។ ក្នុងនោះរោងចក្រ សហគ្រាសបង្កើតថ្មីមានរហូតដល់ទៅ៧០ កម្មករ និយោជិត បានកើនឡើងដល់ជាង ៨២ម៉ឺននាក់ គ្រប់រោងចក្រមានតម្រូវការក្នុងការជ្រើសរើសកម្លាំងពលកម្ម។

លោកបានបន្ថែមថា ការនាំចេញលើវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបកើនឡើងជិត ១៥ភាគរយ ដោយទទួលបានថវិកាជាង ៣ពាន់លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២២។

លោក ហេង សួរ បានគូសបញ្ជាក់យ៉ាងដូច្នេះ «នេះជាកំណើនមួយដ៏ល្អ ជាក្តីរំពឹងរបស់បងប្អូនកម្មករ និយោជិតរបស់យើង ហើយវាក៏ជាសារទាញអ្នកវិនិយោគដទៃទៀត មកវិនិយោគនៅកម្ពុជា។ ការកើនឡើងនេះ វាធ្វើឱ្យអ្នកវិនិយោគដែលគាត់កំពុងស្វែងរកទីតាំងផលិត និងនិរន្តរភាពនៃច្រវ៉ាក់ផលិតកម្ម សំឡឹងមកប្រទេសកម្ពុជា»

លោករដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានហៅលទ្ធផលដ៏ល្អប្រសើរនៃវិស័យកាត់ដេរសម្លៀក និងវេយណភណ្ឌ ដែលជាក្បាលម៉ាស៊ីនអូសទាញសេដ្ឋកិច្ចកម្ពុជាដ៏ចាំបាច់នេះ គឺជាមនុញ្ញផលកើតចេញពីការគ្រប់គ្រង និងដាក់ចេញផែនការដ៏ត្រឹមត្រូវក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

លោក ហេង សួរ បានគូសបញ្ជាក់ដូច្នេះ «ចំណុចនេះបង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃវ៉ាក់សាំង ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញ ហើយត្រឹមត្រូវធ្វើឱ្យកម្ពុជាយើងអាចធន់ទៅនឹងជំងឺកូវីដ១៩ ហើយធ្វើឱ្យវិស័យការងារ ធ្វើឱ្យរោងចក្រ អ្នកវិនិយោគអាចដំណើរការប្រក្រតីឡើងវិញ។ សុខភាពប្រជាពលរដ្ឋរបស់យើង សុខភាពកម្មករ និយោជិតល្អ ក៏វាធ្វើឱ្យសុខភាពសេដ្ឋកិច្ចយើងល្អដែរ។ បងប្អូនយើងមានសុខភាពល្អ មិនមានការឆ្លង អ៊ីចឹងធ្វើឱ្យគ្រប់អាជីវកម្មទាំងអស់ ជាពិសេសក្នុងរោងចក្រអាចដំណើរការបាន។ អ៊ីចឹងហើយបានធ្វើឱ្យមានការកើនឡើងរោងចក្រ មានការកើនឡើងចំនួនកម្មករ»

លោក ហេង សួរ បន្តថា «ចង់បញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង ដែលសម្តេចតេជោ ហ៊ុន សែន បានដាក់កាលពីឆ្នាំ២០២១ គឺត្រឹមត្រូវ ដែលមិនត្រឹមតែជួយការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ និយោជិតទេ ប៉ុន្តែជួយការពារការងារ និងប្រភពចំណូលរបស់កម្មករ និយោជិតយើង»

ទន្ទឹមនឹងកម្ពុជាកំពុងគ្រប់គ្រងបានល្អលើជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញយុទ្ធសាស្ត្រ ដើម្បីទាក់ទាញអ្នកវិនិយោគពីបរទេសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវេយណភណ្ឌមកកាន់កម្ពុជាផងដែរ។ បើតាមលោក ហេង សួរ កាលពីខែកុម្ភៈ ឆ្នាំ២០២២ រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបនៅកម្ពុជា។ នៅក្នុងយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ដោយរំពឹងថា នឹងមានភាពទាក់ទាញអ្នកវិនិយោគ ដែលចង់វិនិយោគលើវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបនៅកម្ពុជាបន្ថែមទៀត។

លោក ហេង សួរ ក៏បានឱ្យដឹងដែរថា រាជរដ្ឋាភិបាល នៅតែបន្តធ្វើការងារយ៉ាងជិតដិតជាមួយប្រទេសជាទីផ្សារ និងដៃគូពាក់ព័ន្ធមានទាំងអ្នកវិនិយោគឯកជន សមាគមរោងចក្រកាត់ដេរ និងសហជីពផងដែរ ដើម្បីធ្វើយ៉ាងម៉េចឱ្យគ្រប់គ្នាមានការចូលរួមនៅក្នុងការជំរុញវិស័យកាត់ដេរសម្លៀកបំពាក់ និងវេយណភណ្ឌ។

បើទោះបីជាយ៉ាងណា លោក ហេង សួរ បន្តអំពាវនាវដល់កម្មករ និយោជិត ឱ្យគោរពតាមវិធានការនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ជាពិសេសបន្តចូលរួមចាក់វ៉ាក់សាំងដូសជំរុញធានាភាពសុាំនៅក្នុងសង្គម ដើម្បីធានាថាជំងឺកូវីដ១៩មិនវិលត្រឡប់មកវិញ។ ជាពិសេសធានាបានថា ការពារបានទាំងសុខភាពពីជំងឺកូវីដ១៩ និងរក្សាបានការងារធ្វើមានចំណូលសម្រាប់ទ្រទ្រង់ជីវភាព៕