(ភ្នំពេញ)៖ បើទោះបីជាសកម្មភាពជួញដូរ ហាងឆេងមាស ហាងឆេងរូបិយបណ្ណ នៅកម្ពុជា មានជាច្រើនឆ្នាំក៏ដោយក្តី ប៉ុន្តែក្រុមហ៊ុនដែលផ្តល់សេវានេះ នៅមិនទាន់ទទួលបាន អាជ្ញាបណ្ណស្របច្បាប់នៅឡើយទេ ដែលនាំឲ្យប្រជាពលរដ្ឋមួយចំនួន ខាតបង់ប្រាក់កាសជាមួយនឹងការបោកប្រាស់។
ដោយមើលឃើញនូវ សេចក្តីត្រូវការវិយោគិន លើការជួញដូរហាងឆេងមាស ហាងឆេងរូបិយប័ណ្ណនេះ ក្រុមហ៊ុនមូលបត្រ Phnom Penh Securities PLC (PPS) បានស្នើសុំអាជ្ញា័បណ្ណ ជាឈ្មួញជើង សាឧបករណ៍និស្សន្ទស្របច្បាប់ពី គណៈកម្មការមូលបត្រកម្ពុជា (SECC) ដើម្បីផ្តល់សេវាជួញដូរហាងឆេងមាស ហាងឆេងរូបិយប័ណ្ណ បន្ថែមលើតួនាទីជាក្រុមហ៊ុនធានាទិញមូលបត្រ។
ក្រុមហ៊ុនមូលបត្រ PPS បានក្លាយជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលទទួលបានការអនុញ្ញាតជាគោលការណ៏លើអាជ្ញាប័ណ្ណជាឈ្មួញជើង សាឧបករណ៍និស្សន្ទ នៃការជួញដូរហាងឆេងរូបិយបណ្ណ ហាងឆេងមាស ពីគណៈកម្មការមូលបត្រកម្ពុជា (SECC) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ តាមរយៈកិច្ចប្រជុំគណៈកម្មការ មូលបត្រកម្ពុជាលើកទី៤៣។
លោកស្រី អ៊ុង សុភ័ក្រ្ត បុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុនមូលបត្រ PPS បានបញ្ជាក់ថា ការជួញដូរហាងឆេងមាស ហាងឆេងរូបិយប័ណ្ណ ការវិនិយោគដ៏ល្អមួយ ប្រសិនបើអ្នកវិនិយោគទាំងនោះ វិនិយោគជាមួយនឹងក្រុមហ៊ុន ដែលមានច្បាប់ត្រឹមត្រូវ ។ នៅកម្ពុជាបើទោះបីជាពីមុនៗ មានការជួញដូរក៏ពិតមែន ក៏ក្រុមហ៊ុនទាំងនោះ មិនទាន់មានអាជ្ញាបណ្ណស្របច្បាប់ទេ ហើយកន្លងមកធ្លាប់ទទួលបានព័ត៌មានជាច្រើន ពីការបោកប្រាស់ជាមួយនឹងការ ដាក់ប្រាក់ជួញដូរហាងឆេងមាស និងរូបិយបណ្ណនេះ ព្រោះតែជនខិលខូចទាំងនោះ គ្មានអាជ្ញាបណ្ណពីរាជរដ្ឋាភិបាល។
លោកស្រីបន្ថែមថា ដោយសារការបោកប្រាស់ ដូច្នេះហើយទើប រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ បានរឹតបន្តឹងលើបញ្ហានេះ។ ក្រៅពីនេះជារឿយៗ គណៈកម្មការមូលបត្រកម្ពុជា ក៏បានចេញសេចក្តីជូនដំណឹង ឲ្យប្រជាពលរដ្ឋធ្វើការប្រុងប្រយ័ត្ន ចំពោះការវិនិយោគប្រាក់ ជាមួយការជួញដូរហាងឆេងមាស ហាងឆេងរូបិយបណ្ណ ជាមួយក្រុមហ៊ុនដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ។
លោកស្រី អ៊ុង សុភ័ក្រ្ត បញ្ជាក់ថា នៅពេលនេះ PPS អាចឲ្យអ្នកវិនិយោគ ធ្វើការជួញដូរហាងឆេងមាស ហាងឆេងរូបិយបណ្ណបានហើយ។ អ្នកវិនិយោគអាចបើកគណនីរបស់ខ្លួន នៅ PPS ហើយធ្វើការជួញដូរហាងឆេងមាស រូបិយបណ្ណ ដោយខ្លួនឯង២៤ម៉ោង លើ២៤ម៉ោង។
គួររំលឹកថា គណៈកម្មការមូលបត្រកម្ពុជា ការនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅ បានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ឲ្យម្ចាស់អាជីវកម្មលើការជួញដូរ ហាងឆេងមាស ហាងឆេងរូបិយបណ្ណ កិច្ចសន្យាគម្លាតថ្លៃ ជាដើម ដែលពុំទាន់មានអាជ្ញាបណ្ណ សូមប្រញាប់ទៅដាក់ពាក្យស្នើសុំ អាជ្ញាបណ្ណស្របច្បាប់ និងបទប្បញ្ញតិជាធរមាន។
គណៈកម្មការមូលបត្រកម្ពុជា ក៏បានអំពាវនាវឲ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងពិចារណាឲ្យបានច្បាស់លាស់ក្នុងការសម្រេចចិត្ត លើការវិនិយោគលើអាជីវកម្មឧបករណ៍និស្សន្ទ ជាមួយក្រុមហ៊ុន ដែលគ្មានអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រកម្ពុជា៕