(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានគណៈកម្មការជាតិពិគ្រោះយោបល់គោលនយោបាយ ចំពោះគ្រួសារ បានអញ្ជើញជាអធិបតីភាពប្រារព្ធខួបអនុស្សាវរីយ៍លើកទី២២ នៃទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០១៦ ក្រោមប្រធានបទ «មានសមភាព និងសមធម៌យេនឌ័រ នាំឲ្យគ្រួសារមានសុភមង្គល សង្គមរីកចម្រើន»។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី មន្រ្តីរាជការ និង តំណាងគ្រួសារប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំសរុបប្រមាណ ៤៥០នាក់។
លោក ជឿង ជិន តំណាងគ្រួសារ ដែលមានស្នាដៃល្អ បានរៀបរាប់ពីជីវប្រវត្តិ និងស្ថានភាពរស់នៅរបស់ក្រុមគ្រួសារលោកតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន និងបានគូសបញ្ជាក់ថា ដោយសារថ្ងៃរំដោះជាតិ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ប្រមុខរដ្ឋាភិបាល ទើបលោក និងក្រុមគ្រួសារ បានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត មករស់នៅមានសិទ្ធិសេរីភាពសេចក្តីថ្លៃថ្នូរ និងមានសុខសន្តិភាពពេញលេញទូទាំងប្រទេស ដូចសព្វថ្ងៃនេះ។
ថ្លែងក្នុងអង្គពិធីនោះ លោក វង សូត បានសម្តែងការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់ជានថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ដោយបានរៀបចំទិវានេះឡើងជារៀងរាល់ឆ្នាំ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិត ដ៏ខ្ពង់ខ្ពស់ ថ្លែងទៅកាន់ជនរួមជាតិទាំងអស់ ជាពិសេសមេគ្រួសារ ដែលបានខិតខំចិញ្ចឹមបីបាច់ ថែរក្សាកូនចៅឲ្យក្លាយជាពលរដ្ឋក្នុងសង្គម។
លោកបានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញកម្មវិធីនយោបាយកែទម្រង់ស៊ីជម្រៅ និង បន្តអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងគោលបំនងគាំពារដល់ជីវភាពរស់នៅ របស់ជនក្រីក្រងាយរងគ្រោះ សំដៅបង្កើននូវសេវាសាធារណៈ និងបង្កើននូវសំណាញ់សុវត្ថិភាពសង្គម សម្រាប់ក្រុមជនងាយរងគ្រោះ ការសង្គ្រោះដល់ជនរងគ្រោះជាដើម។
លោករដ្ឋមន្រ្តីបន្តទៀតថា ការប្រារព្ធទិវាអន្តរជាតិ ស្តីពីគ្រួសារ នាពេលនេះគឺជាការរួមចំណែកផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង អំពីតួនាទីដ៏មានសារៈសំខាន់នៃគ្រួសារ ដែលបានខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា អប់រំ ទូន្មានប្រៀនប្រដៅកូនចៅឲ្យក្លាយជាពលរដ្ឋល្អ គ្រួសារល្អ និង ធនធានមនុស្សប្រកបដោយសមត្ថភាព ដែលជាកម្លាំងចលករមិនអាចខ្វះបាន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើន។
ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២២ នៃទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក៏បានអញ្ជើញចែកវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនជូនដល់តំណាងគ្រួសារចំនួន ១០រូប ជានិម្មិតរូប តំណាងគ្រួសារទាំង ៤៥០រូបផងដែរ។
គួរបញ្ជាក់ថា ទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ជាទិវាដែលប្រទេសនានាលើសកលលោក តែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយស្របតាមសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ឆ្នាំ១៩៨៩ ហើយរាជរដ្ឋាភិបាលកម្ពុជា បានចេញងនុក្រឹត្យស្តីពីទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ ឧសភា ដើម្បីរួមគ្នាអនុវត្តសេចក្តីសម្រេចចិត្តនេះ និង បង្ហាញពីការខិតខំប្រឹងប្រែង របស់ក្រសួងទទួលបន្ទុក ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីជម្រុញឲ្យការអភិវឌ្ឍគ្រួសារមានស្ថានភាពកាន់តែប្រសើរឡើង ស្របតាមស្ថានភាពការ វិវត្ត នៃសេដ្ឋកិច្ចជាតិ និងកំណែទម្រង់ប្រព័ន្ធបៀរវត្ស និងប្រព័ន្ធប្រាក់សោធននិវត្តន៍ សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន៕