(ភ្នំពេញ)៖ នៅរយៈពេល៤ខែដើមឆ្នាំ២០១៦នេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលពន្ធបង់ចូលថវិកាជាតិ នេះបើតាមការបញ្ជាក់របស់ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូល ពន្ធប្រចាំត្រីមាសទី១ និងប្រចាំខែមេសា ឆ្នាំ២០១៦នាព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ដែលរៀបចំឡើង ក្រោមអធិបតីភាពរបស់លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ អំពីស្ថានភាពចំណូលពន្ធដារ មានដូចជា ក្នុងខែមេសា ឆ្នាំ២០១៦ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន ៧៤២ ០៨៧.៤៩លានរៀល (គិតជាដុល្លារប្រមាណជា ១៨៥.៥២ លានដុល្លារ)។ សម្រាប់រយៈពេលបួនខែ ឆ្នាំ២០១៦ ចំណូលពន្ធ-អាករសរុបដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមទិន្នន័យចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ២ ៥៥១ ២៧៨.៧៦ លានរៀល (ប្រមាណជា ៦៣៧.៨២ លានដុល្លារ) ស្មើនឹង ៤៤.៨៧ %នៃគោលដៅកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦។
លោក គង់ វិបុល បានបន្តថា ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៥ ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សម្រាប់រយៈពេល ០៤ ខែ ឆ្នាំ២០១៦ មានការកើនឡើងចំនួន ៤៥៤ ៦១១.៨៧ លានរៀល (ប្រមាណជា ១១៣.៦៥លានដុល្លារ) ឬស្មើនឹងអត្រាកំណើន ២១.៦៨ %។ ក្នុងរយៈពេលដូចគ្នានេះដែរ ឃើញថា ក៏មានការកើនឡើងផងដែរ នូវចំណូលពន្ធ-អាករតាមប្រភេទពន្ធ សំខាន់ៗមួយចំនួន ដូចជា ពន្ធលើប្រាក់ចំណេញមានការកើនឡើងប្រមាណ ៥៨.០៩% ពន្ធលើប្រាក់បៀវត្សមានការកើនឡើងប្រមាណ ១៩.០៩% អាករលើតម្លៃបន្ថែមមានការកើនឡើងប្រមាណ ៣.៦៧% និងអាករពិសេសមានការកើនឡើងប្រមាណ ២៥.០%។ ចំណែកឯ ចំណូលពន្ធតាមសកម្មភាពអាជីវកម្ម ក៏មានការកើនឡើងស្ទើរតែទាំងអស់ដែរ។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសំដែងអំណរសាទរជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ អំពីលទ្ធផលការងារប្រមូលចំណូលពន្ធដារ ដែលសម្រេចបានប្រចាំត្រីមាសទី១ និងប្រចាំខែមេសា ឆ្នាំ២០១៦ និងជំរុញការលើកទឹកចិត្តថ្នាក់ដឹកនាំគ្រប់អង្គភាពពន្ធដារ សមាជិកអង្គប្រជុំដែលជាតំណាងមន្រ្តីពន្ធដារទូទាំងប្រទេស ដែលបានខិតខំជំនះការលំបាក និងបញ្ហាប្រឈមនានា ខិតខំអនុវត្តភារកិច្ចប្រមូលចំណូលពន្ធគ្រប់ប្រភេទ បានសម្រេចនិងលើសគោលដៅកំណត់ ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ បង្កើនការផ្តល់សេវាដល់អ្នកជាប់ពន្ធឲ្យបានប្រសើរ ផ្តល់ភាព ងាយស្រួលដល់អ្នកជាប់ពន្ធទទួលសេវាងាយស្រួល ឆាប់រហ័សនៅគ្រប់ទីកន្លែង និងអនុវត្តវិធានការនានា សំដៅធ្វើឲ្យបានសម្រេចគោលដៅចំណូលឆ្នាំ២០១៦៕