(កណ្តាល)៖ លោក ភឺន ផល្លា និងលោកស្រី បានឧបត្ថម្ភរថយន្តស្ទូចចរាចរណ៍១គ្រឿង និងម៉ូតូ៥៥គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបម្រើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តកណ្តាល តបតាមស្នើរសុំនាពេលកន្លងមក ក្នុងទិសដៅបម្រើប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ស្ថិតក្នុងឱកាសប្រគល់-ទទួលនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅឯស្នងការដ្ឋាននគរបាលខេត្ត, លោក ភឺន ផល្លា និងភរិយា បានថ្លែងថា ដោយបានយល់ឃើញថាការប្រគល់ម៉ូតូ និងឡាននេះគឺដើម្បីចូលរួមចំណែក ជួយដល់សង្គម និងសម្រួលដល់ការធ្វើដំណើររបស់កងកម្លាំង ដើម្បីការពារសុខសុវត្ថិភាពរបស់ពលរដ្ឋ និងណាមួយសក្ដិសមនឹងកិត្តិយសរបស់កងកម្លាំងផងដែរ ដែលមានម៉ូតូធំជិះយ៉ាងសង្ហា និងជាកម្លាំងចិត្តដល់មន្ត្រី នគរបាលក្នុងការចុះបំពេញការងាររបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព។
លោកថ្លែងបន្តថា «ទាំងនេះជាទឹកចិត្តបន្តិចបន្តួចដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយជ្រោមជ្រែងជួយឧបត្ថម្ភទៅតាមសទ្ធា ហើយនឹងតែបន្តជួយជាបន្តបន្ទាប់ទៅតាមលទ្ធភាពរបស់ខ្លួន»។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងអំណរគុណចំពោះលោក ភឺន ផល្លា និងលោកស្រី ជាអនេកដែលលោក និងលោកស្រី មានចិត្តទូលាយគិតគូរដល់ពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាកងកម្លាំងឲ្យមានមធ្យោបាយល្អជិះល្បាត និងការពារសុខសុវត្ថិភាពជូនពលរដ្ឋ។
លោកស្នងការថ្លែងបន្តថា ម៉ូតូទាំងអស់នេះត្រូវបែងចែកដល់គ្រប់ស្រុកក្រុងទាំងអស់ដោយមូលដ្ឋាននីមួយៗ ទទួលបានម៉ូតូចំនួន៥គ្រឿង រីឯរថយន្តស្ទូចគឺទុកសំរាប់ប្រើប្រាស់តាមតម្រូវការចាំបាច់ និងផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ដែលបានម៉ូតូយកទៅប្រើហើយនោះ សូមថែរក្សាថែទាំឲ្យបានល្អ ចេះស្រលាញ់ម៉ូតូ ខូចកន្លែងណាជួសជុលភ្លាមៗ ហើយសូមបំពេញការងារឲ្យកាន់តែខ្លាំងឡើង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋានរៀងខ្លួន ការពារកុំឲ្យកើតបទល្មើសជាដើម៕