(ភ្នំពេញ)៖ យុវជន២នាក់ ស្រវឹងស្រាជោគជាំ បើកម៉ូតូមួយគ្រឿង តាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងល្បឿនលឿន លុះមកដល់ចំណុច កើតហេតុមុខផ្ទះជួល៦ជាន់ បានជ្រែចង្កូត ជ្រុលទៅបុករម៉កកង់បី ពេញទំហឹង ដែលបើកដោយបុរសម្នាក់ ក្នុងទិដៅពីជើងទៅត្បូង បញ្ច្រាសទិសគ្នា បណ្ដាលក្រឡាប់ផ្ងាជើងឡើងលើច្រង៉ាង និងរងរបួសធ្ងន់ស្រាលចំនួន២នាក់។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង៧៖៥០នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ តាមព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជន២នាក់ បើកម៉ូតូឌ្រីមសង់ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FF-7216 បើកពីត្បូងទៅជើងក្នុងល្បឿនលឿន និងស្រវឹងស្រាជោគជាំ បានជ្រុលចង្កូតទៅបុករម៉កកង់បីពេញទំហឹង ដែលបើកបញ្រ្ចាសទិសគ្នា បណ្ដាលឱ្យក្រឡាប់ផ្ងាជើងឡើងលើច្រង៉ាងចំណែក អ្នកបើកបររងរបួសធ្ងន់ស្រាល២នាក់ ត្រូវរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមកឱ្យភាគីទាំងសងខាង សម្របសម្រួលគ្នា ដោយភាគីទាំងពីរសុខចិត្តចេញស្មើ និងបានយកម៉ូតូ និងរម៉កកង់បី ទៅជួសជុលរៀងៗខ្លួន៕