(ភ្នំពេញ)៖ ជនសង្ស័យពាក់ព័ន្ធអំពើប្លន់៨នាក់ ដែលតែងតែធ្វើសកម្មភាពនាពេលកន្លងទៅ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនោះ ត្រូវបានកម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះមានស្រីម្នាក់ នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នៅចំណុចផ្ទះគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
មន្រ្តីកងរាជអាវុធខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់នេះ ពាក់ពន្ធ័ករណីកាប់ប្លន់មិនបានសម្រេចនៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ៤ មុខវត្តជម្ពូវ័ន្តបណ្តាល ឲ្យជនរងគ្រោះរបួសស្រាល តែប្លន់មិនបានសម្រេចរួចក៏នាំគ្នាគេចខ្លួន ទើបតែយប់មិញសមត្ថកិច្ចក្រសោបបានទាំងហ្វូងតែម្តង។ ក្រៅពីសមត្ថកិច្ចចាប់ខ្លួន កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងមួយចំនួនរួមមាន ម៉ូតូ៣គ្រឿង ដាវ៣ដើម កាំបិតតូច២ ប្រដាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។
មេបញ្ជាការអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ លោក ជឹម ឬទ្ធី បានថ្លែងប្រាប់អង្គភាព Fresh News ថា នៅព្រឹកមិញកម្លាំងរបស់លោក បានបន្តការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនបានបក្ខពួកបានម្នាក់ទៀត ដកហូតម៉ូតូមួយគ្រឿងផងដែរ។ លោកថា ក្រោយការសួរនាំក្រុមនេះបានចូលរួមធ្វើសកម្មភាពប្លន់នៅក្នុងរាជធានីភ្នំពេញ ជាង១០ដងឯណោះ៕