(ភ្នំពេញ)៖ ហេតុការណ៍ អារ-ក សម្លាប់មន្រ្តីឥណទានមីក្រូហិរញ្ញាវត្ថុ «អម្រិត» កាលពីម្សិលមិញនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សាធារណជនទូទៅ ជាពិសេសមន្រ្តីឥណទាន ជាច្រើននាក់ទៀត នៅតាមធនាគារ និងមីក្រូហិរញ្ញវត្ថុ កំពុងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈចុះបំពេញការងារតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
ថ្នាក់ដឹកនាំធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន បានឲ្យដឹងថា ហេតុការណ៍នេះគឺជារឿងរ៉ាវមួយគួរឲ្យសោកស្តាយ។ ពួកគាត់បានស្នើឲ្យមន្រ្តីឥណទានទាំងអស់ មានការប្រុងប្រយ័ត្នខ្លួនឲ្យបានខ្ពស់បំផុត ដើម្បីសុវត្ថិភាព ខណៈបំពេញការងារនៅ តាមមូលដ្ឋានប្រជាពលរដ្ឋ។
លោក អ៉ិន ចាន់នី អគ្គនាយកធនាគារអេស៊ីលីដា បានប្រាប់អង្គភាព Fresh News ថា «សម្រាប់ធនាគារអេស៊ីលីដា គឺមិនធ្លាប់ជួបប្រទះហេតុការណ៍ដែលប៉ះពាល់ដល់ សុវត្ថិភាពមន្រ្តីឥណទានឡើយ ដោយសារតែធនាគារអេស៊ីលីដា មានស្តង់ដារការងារបែបអន្តរជាតិ គឺមន្រ្តីឥណទាន មានតួនាទីត្រឹមតែផ្តល់ព័ត៌មាន ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានពីសេវាកម្ម របស់ធនាគារ តែប៉ុណ្ណោះ ដូចជា សេវាកម្មសន្សំលុយសេវាកម្ម ឥណទាន (ខ្ចីលុយ) និងសេវាកម្មផ្សេងៗទៀត។ ចំពោះការទទួល រឺផ្ញើលុយ ប្រជាពលរដ្ឋ រឺអតិថិជន ត្រូវអញ្ចើញមកកាន់ធនាគារ ដែលមានទីតាំងនៅជិតពួកគាត់ដោយផ្ទាល់»។
លោក អ៉ិន ចាន់នី នាយកប្រតិបត្តិធនាគារអេស៊ីលីដា បន្តថា លោកក៏ស្នើសុំឲ្យធនាគារ រឺមីក្រូហិរញ្ញវត្ថុដទៃទៀត ជ្រើសរើសនីតិវិធីបែបស្តង់ដារអន្តរជាតិ ដែលធនាគារអេស៊ីលីដាអនុវត្តដូចសព្វ ថ្ងៃនេះ ទោះមិនរហ័សទាន់ចិត្តតែមន្រ្តីឥណទាន និងបុគ្គលិកដទៃទៀត គឺមានសុវត្ថិភាព។
ចំណែក លោក ប៊ុន មុនី ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា បានប្រាប់អង្គភាព Fresh News ថា «ខ្ញុំសោកស្តាយដែលទទួលបានដំណឹងពីការ អារ-ក សម្លាប់មន្រ្តី ឥណទានមីក្រូហិរញ្ញាវត្ថុ«អម្រិត»នេះ។ ប៉ុន្តែ នេះគឺជានីតិវិធីរបស់ស្ថាប័ន ក្នុងការចាត់ឲ្យមន្រ្តីឥណទានចុះផ្ទាល់ទៅតាមមូលដ្ឋានរបស់អតិថិជន។ខ្ញុំគ្មានអ្វីក្រៅពី ក្រើន រំលឹក និងដាស់តឿន ឲ្យមន្រ្តីឥណទានរបស់ខ្លួន មានការប្រុងប្រយ័ត្ន ច្រើនជាងមុន បើឃើញថា ស្ថានភាពមិនស្រួលត្រូវមានវិធានការការពារខ្លួន និងមានការ បត់បែនតាមកាលៈទេសៈ នៃស្ថានការណ៍ជាក់ស្តែង»។
គួរបញ្ជាក់ថា មន្ត្រីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ត្រូវបានបុរសជាម្ចាស់ផ្ទះម្នាក់ ហៅឲ្យចូលទៅក្នុងផ្ទះ ហើយក៏ចាប់អារ.កស្លាប់ ស្ថិតក្នុងឃុំត្រមែង ស្រុកឈូក ខេត្តកំពតនៅ វេលាម៉ោង ១២៖៥០នាទី ថ្ងៃត្រង់ថ្ងៃទី១០ ខែឧសភានេះ។ ជនសង្ស័យ ឈ្មោះ ប្រុក វិត ភេទប្រុស អាយុ៤៧ឆ្នាំ ដោយឡែក ជនរងគ្រោះ ឈ្មោះ ជឹម បុរិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិក មីក្រូហិរញ្ញវត្ថុ អម្រឹត សាខាស្រុកឈូក មានទីលំនៅ ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត៕