(ឧត្តរមានជ័យ)៖ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ មានថ្លែងជំរុញឲ្យមន្រ្តីយកបណ្ណកម្មសិទ្ធិដីធ្លីជូនដល់ដៃប្រជាពលរដ្ឋ ដោយមិនចាំបាច់ឲ្យពួកគាត់ទៅទទួលនាំឲ្យខាតពេលវេលា និង កិច្ចការរកស៊ីនោះទេ។
លោកអភិបាលខេត្តលើកឡើងដូចនេះ ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ នៅភូមិភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ។
លោកបានបន្ថែមថា នៅពេលប្រជាពលរដ្ឋមកធ្វើប័ណ្ណកម្មសិទ្ធដីធ្លី គឺពួកគាត់បានបញ្ជាក់ពីអាស័យដ្ឋានរបស់គាត់ច្បាស់ណាស់ ដូច្នោះគ្មានអីពិបាលរកនោះទេ ចំពោះអត្តសញ្ញាណប័ណ្ណ និងឯកសារផ្សេងៗទៀត ក៏ត្រូវយកទៅចែកជូនពួកគាត់ដល់ផ្ទះដែរ។
លោកអភិបាលខេត្តឧត្តរមានជ័យ ក៏សំណូមពរដល់ប្រជាពលរដ្ឋ ដែលមកទទួលយកប័ណ្ណកម្មសិទ្ធដីធ្លី ត្រូវថែរក្សាឱ្យបានល្អ ព្រោះវាមានតម្លៃណាស់សម្រាប់គ្រូសារ។
ក្នុងឱកាសនោះ លោក គឹម គាវិន ប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា បណ្ណ័កម្មសិទ្ធដីធ្លី ដែលត្រូវចែកជូនប្រជាពលរដ្ឋនាព្រឹកមិញ មាន ៧១៥បណ្ណ ស្មើនិង ៥៨៩គ្រួសារ ស្មើនិង ៨៣៦ក្បាលដី ទំហំ ១៤៤.៤៨ហិកតា។ លោកបានបន្ដថា ប្រជាពលរដ្ឋគួរនាំគ្នាធ្វើប្លងកាន់កាប់ដីធ្លី នៅជាយទីប្រជុំជន ដោយតម្លៃរបស់រដ្ឋដីលំនៅដ្ឋាន ១ម៉ែត្រការេ ២០រៀលលុយខ្មែរ និងដីបង្កបង្កើនផលតម្លៃ ១០រៀលលុយខ្មែរតែប៉ុណ្ណោះ។
លោក ស ថាវី ក៏បានចែកអំណោយដល់លោកយាយ លោកតា ដែលចូលរួមក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ ថវិកា ១០០០០រៀល សិស្សានុសិស្សសៀវភៅ ១ក្បាល ប៊ិច ២ដើម និងថវិកា ១០០០០រៀល ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕