(ភ្នំពេញ)៖ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើងនូវគោលគំនិតរបស់ស្រ្តីថា ស្រ្តីមានទស្សនវិស័យខុសពីបុរស ទៅលើការដឹកនាំដំណើរជីវិតរបស់ខ្លួន ដើម្បីចូលរួមក្នុងវិស័យនយោបាយ និងវិស័យផ្សេងៗ។
ថ្លែងក្នុងឱកាសពិធីប្រកាសបើកការអនុវត្តគម្រោង «ស្រ្តីក្នុងវិស័យនយោបាយ» នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ លោកស្រី អ៉ឹង កន្ថាផាវី បានលើកឡើងថា នៅក្នុងសង្គមមានស្រ្តី និងបុរសដែលបម្រើក្នុងវិស័យនយោបាយ ហើយស្រ្តីមានទស្សនទានក្នុងការដឹកនាំជីវិតរបស់ខ្លួនខុសពីបុរស ជាពិសេសពាក់ព័ន្ធទៅលើសង្គមកិច្ច ស្រ្តីមានការគិតគូពីបញ្ហាគ្រួសារ ដូចជាបញ្ហាអនាម័យ សុខភាព អប់រំជាដើម ទោះបីជាស្រ្តីទៅធ្វើការនៅខាងក្រៅក៏ដោយ ក៏ស្រ្តីមានភារកិច្ចគិតគូបញ្ហានៅក្នុងផ្ទះដែរ។
លោកស្រីបានបន្ថែមថា ស្រ្តីត្រូវការតស៊ូមតិ និងចរចាជាមួយដៃគូរៀងរាល់ថ្ងៃ ក្នុងការធ្វើយុទ្ធនាការរបស់ខ្លួន សំដៅធ្វើយ៉ាងណាឱ្យមានការជឿជាក់ពីប្រជាពលរដ្ឋ ដើម្បីឱ្យមានការគាំទ្រឱ្យកាន់តែច្រើន ក្នុងការប្រកួតប្រជែងការបោះឆ្នោតគ្រប់អាណត្តិ ហើយវាមិនមែនជាការងាយស្រួលទេ ស្ត្រីត្រូវអភិវឌ្ឍសមត្ថភាពឱ្យមានគុណភាពកាន់តែខ្លាំង ក្នុងការដឹកនាំការអនុវត្តការងារ និងសម្មភាពនយោបាយ ដើម្បីទទួលបានការគាំទ្រឱ្យកាន់តែច្រើនថែមទៀត។
ចំពោះការអភិវឌ្ឍលើវិស័យស្រ្តីនេះទៀតសោត លោកស្រីបានបញ្ជាក់ថា បើគ្មានសន្តិភាព ស្ថេរភាពនយោបាយទេ ការគិតគូទៅលើបញ្ហាស្រ្តី ក៏មិនត្រូវបានលើកយកមកអនុវត្តជាចម្បងដែរ។ រយៈពេលជាង២០ឆ្នាំហើយ ដែលកម្ពុជាបានធ្វើការគិតគូទៅលើបញ្ហាស្រ្តី ហើយបើគិតទៅលើរយៈពេល កម្ពុជាមានល្បឿនលឿនជាងគេ ធៀបជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលប្រទេសខ្លះបានប្រើពេលដល់ទៅជិត១០០ឆ្នាំ ឯណោះ។
សូមជម្រាបថា ពិធីប្រកកាសបើកការអនុវត្តគម្រោងស្រ្តីក្នុងវិស័យនយោបាយនេះ នឹងធ្វើឡើងក្នុងគោលបំណងធ្វើយ៉ាងណាឱ្យស្រ្តី ចូលរួមក្នុងវិស័យននយោបាយឱ្យកានតែច្រើន ប្រកបដោយសមត្ថភាព និងគុណភាព ដោយអនុវត្តក្នុងរយៈពេលចាប់ឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ខាងមុខ ហើយនឹងត្រូវអនុវត្ត នៅក្នុងខេត្តចំនួន៣រួមមាន ខេត្តកំពង់ធំ សៀមរាប និងបាត់ដំបង៕