(ភ្នំពេញ)៖ លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសអូស្រ្តាលី បានថ្លែងប្រាប់អង្គភាព Fresh News ពីប្រទេសអូស្រ្តាលី នៅមុននេះបន្តិចនាថា ពាក់ព័ន្ធនឹងសារព័ត៌មាន Sydney Morning Herald បានចេញផ្សាយថា មន្ត្រីទូតជាច្រើននាក់ រួមទាំងលោកកំពុងស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធការជួញដូរគ្រឿងស្រវឹង និងថ្នាំជក់ក្នុងទីផ្សារងងឹតនោះ លោក កុយ គួង បានអះអាងឆ្លើយតបវិញថា ជារឿងគួរឲ្យអស់សំណើច និងជាការភាន់ច្រឡំរបស់សារព័ត៌មានអូស្រ្តាលី ដែលមិនបានស៊ីជម្រៅលើករណីនេះ។
លោក កុយ គួង បានថ្លែងបញ្ជាក់ថា ព័ត៌មានដែលបរទេសចុះផ្សាយនេះ គឺបានកើតឡើងតាំងពីចុងឆ្នាំ២០១៥មកម៉្លេះ ហើយកាលណោះអាជ្ញាធរ បានដោះស្រាយជាមួយម្ចាស់ហាងលក់ស្រាមួយកន្លែង នៅទីក្រុងម៉ែលប៊ន រួចរាល់អស់ហើយ មិនមានជាប់ពាក់ព័ន្ធនឹងមន្រ្តីទូតរបស់កម្ពុជា ក៏ដូចជារូបលោកផងដែរ។
ការឆ្លើយតបរបស់លោក កុយ គួង បែបនេះធ្វើឡើងបន្ទាប់ពី លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងឲ្យដឹងថា ក្រសួងកំពុងរង់ចាំចម្លើយបំភ្លឺពីលោក កុយ គួង ឯកអគ្គរាជទូតខ្មែរប្រចាំអូស្ត្រាលី ជុំវិញព័ត៌មានបរទេសបានផ្សព្វផ្សាយថា លោក កុយ គួង បានជួញដូរថ្នាំជក់ និងលក់ស្រា ឥតបង់ពន្ធនៅប្រទេសអូស្ត្រាលី។
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលីរូបនោះ បានបញ្ជាក់បន្ថែមទៀតថា ជាយូរមកហើយ រហូតមកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ការអនុគ្រោះពន្ធស្រាដល់មន្រ្តីទូតនានាជាច្រើន ក្នុងនោះក៏មានកម្ពុជាផងដែរ ដោយក្នុងមួយឆ្នាំ២ដង ដោយដូច្នេះអ្វីដែលមន្រ្តីទូតកម្ពុជា បានទិញស្រានៅហាងមួយកន្លែង (ហាងឥតបង់បន្ធ) នៅទីក្រុងម៉ែលប៊ន គឺធ្វើឡើងត្រឹមត្រូវតាមច្បាប់កំណត់របស់រដ្ឋាភិបាលអូស្រ្តាលី។ ស្ថានទូតខែ្មរ មិនដែលហ៊ានទៅធ្វើរឿងល្មើសច្បាប់ទាំងនោះឡើយ។ មន្រ្តីទូតខ្មែរនៅទីនេះគឺគោរពច្បាប់ខ្លាំងណាស់, សូម្បីល្មើសច្បាប់ចរាចរ ត្រូវផាកពិន័យគឺ បានបង់តាមច្បាប់កំណត់របស់អូស្រ្តាលី។
លោក កុយ គួង បានបញ្ជាក់ថា ករណីចោទប្រកាន់លោកជួញដូរថ្នាំជក់ និងស្រាខុសច្បាប់ ជារឿងគួរឲ្យអស់សំណើច និងជាព័ត៌មានភាន់ច្រឡំតែប៉ុណ្ណោះ មិនមានករណីដូចសារព័ត៌មានបរទេស ចេញផ្សាយនោះទេ៕