(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារបេសកកម្ម ADB បានចុះត្រួតពិនិត្យលទ្ធផលសហគមន៍កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ក្នុងការងារកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដឹកនាំសម្របសម្រួលអនុវត្តកម្មវិធី ដោយអង្គភាពគ្រប់គ្រង និងសម្របសម្រួលការអនុវត្តកម្មវិធី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានអង្គភាពអនុវត្តកម្មវិធី ថ្នាក់ជាតិចំនួន ៣ក្រសួង គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងធនធានទឹក និងឧតុនិយម។

អង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្តមានចំនួន ៣ខេត្ត គឺខេត្តកំពង់ធំ ខេត្តបាត់ដំបង និងខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។

លោក ងួន រតនៈ បានបញ្ជាក់ថា ដើម្បីចុះត្រួតពិនិត្យលទ្ធផលការងារ ឲ្យមានប្រសិទ្ធភាពគឺ ក្រុមការងារពិនិត្យលើប្រឡាយតាំងក្រសាំង ជាប្រព័ន្ធធារាសាស្ត្របម្រើ ឲ្យបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើស្រែបានគ្រប់រដូវ។ ពិនិត្យពិភពតំរងទឹកភ្លៀង ជាម៉ាស៊ីនស្វ័យប្រវត្តិសម្រាប់ ធ្វើការវាស់វែងទិន្នន័យទឹកភ្លៀង ដើម្បីគាំទ្រធានារ៉ាប់រងស្រូវ និងសន្ទស្សន៍ទឹកភ្លៀង ជួបជាមួយសហគមន៍កសិករប្រើប្រាស់ទឹក ដើម្បីឲ្យអ្នកទិញប័ណ្ណ និងបានទទួលសំណងធានារ៉ាប់រងដំណាំស្រូវ។ ពិនិត្យលទ្ធផល និងប្រតិបត្តិការឡសម្ងួត និងឃ្លាំងស្តុកស្រូវនៅរោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ស្រុកស្ទោង។

អភិបាលខេត្ត បានជំរុញឲ្យក្រុមការងារបេសកកម្ម ADB និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែចុះត្រួតពិនិត្យជាប្រចាំប្រព័ន្ធធារាសាស្ត្រគ្រប់ទីកន្លែង ដែលស្ថិតនៅក្នុងស្រុកសន្ទុកយើងនេះ គឺដើម្បីឲ្យមានដំណើរការល្អសម្រាប់ ឲ្យបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើស្រែឲ្យបានគ្រប់រដូវ៕