(ភ្នំពេញ)៖ លោក ឃ្លាំង ហួត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌជ្រោយចង្វារ បានជួបសំណេះសំណាល ជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន២១៨នាក់ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោក ឃ្លាំង ហួត បានលើកឡើងពីគុណបំណាច់ និងស្នាដៃ ព្រមទាំងសមិទ្ធផលនានា ដែលកសាងឡើងដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសការបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពទូទាំងប្រទេស។

លោកបន្តថា «សន្តិភាព» គឺជាកត្តាសំខាន់មិនអាចខ្វះបានឡើយ ប្រទេសមានសុខសន្តិភាព យើងមានពេលវេលាគ្រប់គ្រាន់ សម្រាប់ធ្វើការអភិវឌ្ឍ ឲ្យមានការរីកចម្រើនឆ្ពោះទៅមុខប្រកបចីរភាព។ ដូចនេះទោះក្នុងតម្លៃណាក៏ដោយ យើងទាំងអស់គ្នាត្រូវចូលរួមការពារសន្តិភាព ជាមួយគណបក្សប្រជាជនកម្ពុជា។

លោក ឃ្លាំង ហួត បានបន្តលើកឡើង ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩កន្លងមក ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ទប់ស្កាត់បាននូវអត្រាឆ្លង និងស្លាប់មានចំនួនតិច និងសម្រេចបានការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋស្ទើរទូទាំងប្រទេស បង្កើនភាពស៊ាំនៅក្នុងសហគមន៍ ជាពិសេសរាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ខ្ពស់លើការព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។

ជាមួយគ្នានេះ លោកក៏បានពន្យល់សមាជិកសមាជិកា ឲ្យយល់អំពីបញ្ហាទំនិញឡើងថ្លៃ ជាពិសេសប្រេងសាំង ដែលមានជនអគតិមួយចំនួន បានលើកឡើងថា រាជរដ្ឋាភិបាលមិនបានគិតគូរបណ្តែតបណ្តោយ ដើម្បីបង្កាច់បង្ខូច និងវាយប្រហារលើរាជរដ្ឋាភិបាល ព្រោះតែចង់កេងចំណេញផ្នែកនយោបាយរបស់ខ្លួន។

លោកបន្តថា តាមពិតបញ្ហាទំនិញឡើងថ្លៃ ប្រេងសាំងឡើងថ្លៃ គឺជាវិបត្តិនៅទូទាំងសកលលោក ដែលបង្កឡើងដោយសង្គ្រាមរវាងប្រទេសរុស្សី និងអ៊ុយក្រែន ដូចនេះកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ទាំងនេះ ដូចនឹងបណ្តាប្រទេសនៅក្នុងសកលលោកផងដែរ។

លោក ឃ្លាំង ហួត ក៏បានស្នើដល់សមាជិក-សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមការពារសន្តិភាព ការពារសមិទ្ធផលរបស់សង្គមជាតិ និងចូលរួមធ្វើសកម្មភាពល្អៗឲ្យសកម្ម បម្រើផលប្រយោជន៍សង្គម ឲ្យបានផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការគោរពស្រលាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងបង្កើនការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕