(កណ្តាល)៖ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពករលដ្ឋ និងក្រុមប្រឹក្សាឃុំត្រពាំងវែង និងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សរុបចំនួន ៦២៨នាក់។

ក្នុងឱកាសនោះដែរ លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋឃុំត្រពាំងវែង និងឃុំគោកត្រប់ទាំងអស់ ប្រកបដោយក្តីនឹករលឹក និងគិតគូរដោយយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់បងប្អូន។

លោក ម៉ម ប៊ុននាង បានលើកបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ធ្វើប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងមានការអភិវឌ្ឍឥតឈប់ឈរ ទោះបីស្ថិតក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក៏ប្រជាជនមានការសប្បាយរីករាយជាមួយសមិទ្ធផលជាច្រើន ជាអាទិ៍៖ ផ្លូវ ស្ពាន ទឹក ភ្លើង ដែលជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពនេះ ដើម្បីការអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀត។

លោកបានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរស្រុក ឃុំ ភូមិ ដែលបានខិតខំបំពេញការងារបានយ៉ាងល្អប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាសាធារណៈ ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ធ្វើឱ្យមូលដ្ឋានមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។

ក្នុងឱកាសនោះផងដែរ លោកបានអំពាវនាវដល់អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានទាំងអស់គ្នា លោកក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋឱ្យរស់នៅឆ្ងាយពីគ្រឿងញៀន។

លោកបន្តថា អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ប្រកបដោយបរិយាប័ន និងសមធម៌សង្គម ហើយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បធានាឱ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។ ក្រៅពីនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ថែរក្សាសុខភាពកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តនូវវិធានការសុខាភិបាល ៣កុំ ៣ការពារ និងសូមទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះដែរ លោក ម៉ម ប៊ុននាង បានឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ នៅឃុំត្រពាំងវែង និងឃុំគោកត្រប់ សរុបចំនួន ៦២៨នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ២០,០០០រៀល ឧបត្ថម្ភសំលៀកបំពាក់ដល់ប្រជាការពារនៅឃុំត្រពាំងវែង៩០កំប្លេ ចូលរួមរំលែកទុក្ខ និងចូលបច្ច័យបុណ្យសពប្រជាពលរដ្ឋចំនួន១៦គ្រួសារ ដោយក្នុងមួយគ្រួសារៗ ២០០,០០០រៀល ចំណាយអស់ថវិកាសរុបចំនួន៣០,៩៦០,០០០រៀល (សាមសិបលាន ប្រាំបួនសែន ប្រាំមួយម៉ឺនរៀល)៕