(កំពង់ចាម)៖ ជាការចូលរួមចំណែកលើកកម្ពស់សុខមាលភាពជូនដល់ប្រជាពលរដ្ឋ ពិសេសអ្នកដែលរស់នៅតាមតំបន់ជនបទតាមខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យមានសុខភាពល្អប្រសើរ លោក តូច ណារត្ន អគ្គនាយករងវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានឃុំកំពង់រាប រួមជាមួយវត្តមាន លោក ទន់ សារ៉ាត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និង លោក ងឿន ចន្ទ័លីនប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក យី វណ្ណះ អភិបាលស្រុកកោះសូទិន និងលោកប្រធានក្រុមគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ខៀវ កាញារីទ្ធ លោកមេឃុំ ក្រុមប្រឹក្សាភូមិទាំង៨ក្នុងឃុំកំពង់រាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកការពិនិត្យពិគ្រោះ និងព្យាបាលជំងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅអនុវិទ្យាល័យកំពង់រាប ស្ថិតក្នុងឃុំកំពង់រាបស្រុកកោះសូទិន ខេត្តកំពង់ចាម ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ។
លោក សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមគ្រូពេទ្យស្មគ្រ័ចិត្តរបស់លោក ខៀវ កាញារីទ្ធ បានលើកឡើងថា ក្រុមគ្រូពេទ្យដែលបានមកឃុំកំពង់រាបនាឱកាសនេះ ដើម្បីជួយធ្វើការពិនិត្យពិគ្រោះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់វណ្ណះនិន្នាការនយោបាយ ពណ៌សម្បុរឡើយ ។
សកម្មភាពការងារមនុស្សធម៌នាឱកាសនេះ សបញ្ជាក់នូវការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់លោក ខៀវ កាញារីទ្ធ និងលោកស្រី និងក្រុមការងារចុះជួយមូលដ្ឋានឃុំកំពង់រាប លើកបញ្ហាសុខទុក្ខ សុខភាព មាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដាច់ស្រយាល។
សមាសភាពក្រុមគ្រូពេទ្យស័្មគ្រចិត្តលោក ខៀវ កាញារីទ្ធ មានចំនួន៣៣នាក់ ក្នុងនោះមានផ្នែកទន្តសាស្ត្រ វេជ្ជបណ្ឌិតពិគ្រោះ និងព្យាបាលជំងឺទូទៅ គិលាននុបដ្ឋយិការតេស្តសញ្ញាជីវិត ឱសថការី ផ្នែកចាក់វ៉ាក់សាំងកូវីដ-១៩ -ល- ក្នុងនោះក៏មានការសម្របសម្រួល និងចូលរួមការពារ រៀបចំសណ្តាប់ធ្នាប់ ពីកំលាំងប៉ុស្តិនគរបាលឃុំ និងយុវជន ស ស យ ក ឃុំផងដែរ។
លោក តូច ណារត្ន បានលើកឡើងថា ការងារមនុស្សធម៌ដែលមិនចេះរីកស្ងួតនេះ បានកើតចេញពីអំពើល្អរបស់មនុស្ស ដែលបានរស់រាន្តមានជីវិត ក្នុងតំលៃសន្តិភាពពេញលេញ រួមនឹងការរៀនរស់ក្នុងគន្លងថ្មីនៃបច្ចុប្បន្នភាពបរិបទជំងឺកូវីដ១៩ផងនោះ ជាពិសេសតាមរយៈ ការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមប្រធានក្រុមការងារចុះជួយស្រុកកោះសូទិន បានរៀបចំដំណើរការកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃទូទាំង៨ឃុំ ក្នុងស្រុកកោះសូទិនទាំងមូល។
ឆ្លៀតក្នុងឱកាសនោះ ប្រធានក្រុមការងារចុះជួយឃុំកំពង់រាបក៏បានថ្លែងអំណរគុណដល់ក្រុមកាងារគ្រូពេទ្យស្មគ្រ័ចិត្ត និងក្រុមការងារ ដែលបានចំណាយពេលវេលា ក្នុងការចុះមកពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ ក្នុងទូទាំងស្រុកកោះសូទិននាពេលនេះ និងជូនពរដល់ប្រជាពលរដ្ឋដែលមានជំងឺទាំងនោះ សូមចូលរួមថែរទាំសុខភាព មានកំលាំងពលំមាំមួន និងត្រៀមលក្ខណៈចូលរួមការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃ៥ មិថុនា ២០២២ ខាងមុខ ឲ្យបានគ្រប់ៗគ្នា។
បន្ទាប់មក លោក តូច ណារត្ន បានប្រគល់ថវិកាក្រុមការងារ ចំនួន៥លានរៀលដល់ក្រុមគ្រូពេទ្យលោក ខៀវ កាញារីទ្ធ ១០ម៉ឺនរៀល ដល់ប៉ុស្តិ៍នគរបាលឃុំ ១០ម៉ឺនរៀល ដល់ សសយក ឃុំ។ ប្រជាពលរដ្ឋទាំង៨ភូមិ ក្នុងឃុំកំពង់រាប មានចំនួន៦៦៧នាក់ បានមកទទួលការការព្យាបាលនាថ្ងៃនេះ។
ប្រធានក្រុមការងារ គ្រូពេទ្យស្មគ្រ័ចិត្ត សូមថ្លែងនូវអំណរគុណជូនចំពោះលោក ខៀវ កាញារីទ្ធ និងលោកស្រី លោកប្រធានកិត្តិយស ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំកំពង់រាប និងសមាការី ដែលបានជួយឧបត្តម្ភ គាំទ្រទាំងស្មារតី និងថវិកា ដល់ក្រុមគ្រូពេទ្យសម្រាប់ជាមធ្យោបាយ ទិញសម្ភារៈ និងឱសថ ផ្តល់ជូនអ្នកជំងឺក្នុងសកម្មភាពព្យាបាលនេះ ដូច្នេះការចូលរួមទាំងនេះ ជាកម្លាំងសក្តានុពលលើកទឹកចិត្ត ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់គ្នាកាន់តែមានស្មារតី ឆន្ទៈ កំលាំងចិត្តកំលាំងកាយ ចូលរួមកិច្ចការមនុស្សធម៌បន្តទៀត តាមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមប្រធានក្រុមការងារចុះជួយស្រុកកោះសូទិនទាំងមូល៕