(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារណាដើម្បីដាក់ខេត្ត ឬតំបន់មួយចំនួនទៀត ឱ្យរួចផុតពីកាតព្វកិច្ចពាក់ម៉ាស់ បន្ទាប់ពីសង្កេតឃើញថា ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កន្លងទៅនេះ កម្ពុជាមានអត្រាឆ្លងតិចតួចបំផុត ដែលបណ្តាលមកពីភាពស៊ាំសហគមន៍។
ទន្ទឹមនឹងនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានណែនាំឱ្យគណៈកម្មការជំនាញ បង្កើនសកម្មភាពចាក់វ៉ាក់សាំងដូសទី៣ ឱ្យពលរដ្ឋឱ្យបានគ្រប់ៗគ្នា ដើម្បីឈានដល់ការបន្ធូរបន្ថយកាតព្វកិច្ច។
តាមរយៈសារសំឡេងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ប៉ុន្តែវិធានការទាំងនេះ សំខាន់គឺបានមកដោយសារតែយើងមានភាពស៊ាំក្នុងសហគមន៍ តាមការចាក់វ៉ាក់សាំងបាន២ដូសរួចរាល់ ប៉ុន្តែអ្វីដែលជាតម្រូវការដើម្បីឈានទៅសម្រេចនៃភាពស៊ាំសហគមន៍ និងដើម្បីកាត់បន្ថយ និងការបន្ធូរបន្ថយវិធានការសុខាភិបាល ដូចជាបញ្ហាការជួបជុំ ឬបញ្ហាការពាក់ម៉ាស់ជាដើម សំខាន់គឺស្ថិតនៅលើភាពស៊ាំសហគមន៍ដោយវ៉ាក់សាំង ដែលខ្ញុំព្រះករុណាខ្ញុំ សូមប្រកាសយកវិធានការធ្វើយ៉ាងណា ប្រជាជនកម្ពុជា ហោចបំផុតឱ្យមានវ៉ាក់សាំង៣ដូសគ្រប់ៗគ្នា»។
បើតាម សម្តេចតេជោ ហ៊ុន សែន, រហូតមកដល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋ បានជាង៨លាននាក់ហើយ ប៉ុន្តែនៅសល់ពលរដ្ឋប្រមាណជាង ៦លាននាក់ទៀត ដែលមិនទាន់បានចាក់។ សម្តេចបានណែនាំដល់ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ឱ្យបង្កើនការចាក់វ៉ាក់សាំងដូសទី៣ នៅកន្លែងដែលមានមនុស្សច្រើន ដូចជាកម្មករកម្មការិនី ក៏អាជីវករនៅតាមផ្សារ និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។
សម្តេចបានថ្លែងថា ការកាត់បន្ថយនូវវិធានការសុខាភិបាលមួយចំនួន ជាពិសេសវិធានការ៣ការពារ ដែលអាចដកហូតបាននូវការពាក់ម៉ាស់ ឬការកាត់បន្ថយគម្លាត បានឬយ៉ាងនោះ គឺអាស្រ័យទៅលើភាពស៊ាំសហគមន៍ ដែលយើងបានមើលឃើញថា នៅអំឡុងបុណ្យចូលឆ្នាំកន្លងទៅនេះមានការប៉ះពាល់គ្នាច្រើនណាស់ គឺមិនមានការឆ្លងទេ។
សម្តេចក៏បានអំពាវនាវដល់កម្មករនិយោជិត និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យចូលរួមចាក់ដូសទី៣ ចាចាំបាច់ ឱ្យបានគ្រប់ៗគ្នា ដែលនេះជាផ្នែកមួយនៃការឈានទៅបន្ធូរបន្ថយវិធានការសុខាភិបាលមួយផ្នែកធំ។
សម្តេចណែនាំឱ្យលោកស្រី ឱ វណ្ណឌីន សហការគ្រប់កម្លាំងទាំងអស់ ដើម្បីចាក់ដូសទី៣ ដល់អាជីករ កម្មករ និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់។ សម្តេចជំរុញឱ្យប្រើប្រាស់ និងរៀបចំកម្លាំងឱ្យត្រូវ ដោយក្នុងនោះក៏ត្រូវគិតគូរដល់សិស្ស និស្សិត និងកុមារ ដែលដល់ពេលវេលាចាក់ដូសទី៣ ផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ខេត្តចំនួន៤ មិនតម្រូវឱ្យពាក់ម៉ាសទៀតនោះទេ។ ខេត្តទាំង៤នោះរួមមាន៖ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ។ បើទោះបីជាយ៉ាងណា ក៏រាជរដ្ឋាភិបាល ទុកឱ្យប្រជាពលរដ្ឋសម្រេចចិត្តខ្លួនឯងក្នុងការពាក់ ឬមិនពាក់៕
សូមស្តាប់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន៖
https://t.me/freshnewsasia/90948