(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាព សេ្ថរភាពគ្រប់ទីកន្លែង និងមានការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។
លោកបណ្ឌិត បានថ្លែងយ៉ាងដូច្នេះ នៅគ្រាដែលលោក រួមនឹងលោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួម ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី និងបញ្ចុះបឋមសិលាកសាង សាលាពុទ្ធិកបឋមសិក្សា វត្តខ្ពប ស្ថិតនៅក្នុងវត្តខ្ពប ឃុំខ្ពប ស្រុកស្អាង កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។
ពិធីនេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ផងដែរ ពីសំណាក់សម្ដេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណ:ថ្នាក់ឯក និងជាឧត្តមទីប្រឹក្សាគណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការងពុទ្ធិកសិក្សាជាតិ និងសម្ដេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា ព្រះអគ្គាធិការង និងជាព្រះមេគណខេត្ត។
ស្ថិតក្នុងឱកាសនេះ លោកបណ្ឌិត ម៉ៅ ភិរុណ បានបញ្ជាក់ជូនប្រជាពលរដ្ឋដែលបានចូលរួមថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសជាតិយើង ព្រោះប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់ លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាព របស់ប្រជាពលរដ្ឋបានល្អប្រសើរ ដូច្នេះសន្តិភាព គឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍។
លោកបណ្ឌិតថា ជាក់ស្តែង បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស អាស្រ័យ ដោយនយោបាយឈ្នះឈ្នះ ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសកម្ពុជា មានការប្រែប្រួល រីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាលំដាប់ និងជាពិសេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេច បានធ្វើឲ្យប្រទេសកម្ពុជាអាចទប់ស្កាត់ បាននូវការរាលឆ្លងនៃជំងីកូវីដ-១៩ តាមរយៈការខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃបានគ្រប់ៗគ្នា។
ស្ថិតក្នុងឱកាសនោះដែរ លោកបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ សូមទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីអនុវត្តសិទ្ធិ និង កាតព្វកិច្ចរបស់ខ្លួន ព្រមទាំងចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសូមបោះឆ្នោតជូនគណបក្ស ដែលតែងតែនៅរួមសុខទុក្ខជាមួយបងប្អូន ព្រមទាំងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។
សូមជម្រាបថា សាលាពុទ្ធិកបឋមសិក្សា វត្តខ្ពប គ្រោងនឹងសាងសង់ឡើងដោយមានបណ្ដោយ ២១ម៉ែត្រ ទទឹង ០៨ម៉ែត្រ កម្ពស់ ០២ជាន់ សង់ពីថ្មប្រក់ក្បឿង៕