(ភ្នំពេញ)៖ លោកស្រី ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងលោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី, និងលោកស្រី ម៉ាណ ណាវី អនុប្រធានសមាគមន៍អភិវឌ្ឍន៍នារីឥស្លាមកម្ពុជា តំណាងលោកស្រី អាស៊ីយ៉ះ អាលី អូស្មាន ហាស្សាន់ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ បានចូលរួមសំណេះសំណាល និងពិសារអាហារស្រាយបួស ខែរ៉ាម៉ាឌន ជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា និងសិស្សនិស្សិតនារីចំនួន ៣៥០នាក់ ដែលមកពីសកលវិទ្យាល័យ និងស្ថាប័នមួយចំនួន។
ក្នុងឱកាសនោះ លោកស្រី ម៉ាន ចិន្តា បានថ្លែងថា សម្រាប់កម្ពុជាយើង ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែអញ្ជើញចូលរួមសំណេះសំណាលជួបជុំ ក្នុងពិធីស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិជាប្រចាំ។ សម្តេចតេជោ តែងតែបានលើកឡើងថា ដរាបណា សម្តេចធ្វើជានាយករដ្ឋមន្ត្រី ការជួបជុំគ្នានឹងនៅតែធ្វើបន្តជាដរាប។ ប៉ុន្តែដោយប៉ុន្មានឆ្នាំចុងក្រោយ ពិភពលោក ក៏ដូចជាប្រទេសកម្ពុជា បានជួបនឹងការរីករាលដាលនៃជំងឺកូដ ១៩ សម្តេចបានធ្វើផ្អាកការជួបជុំក្នុងពិធីស្រាយបួសថ្នាក់ជាតិនេះជាបណ្តោះអាសន្ន ដើម្បីសុខសុវត្ថិភាពបងប្អូនជនរួមជាតិទាំងអស់គ្នា។
លោកស្រីបានបន្តថា នៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍសម្រាប់កម្ពុជា រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ និងមានភាពប្រាកដប្រជាថា ការខុសគ្នាខាងជាតិសាសន៍និងសាសនា មិនមែនជាឧបសគ្គនៃសហប្រតិបត្តិការនិង អភិវឌ្ឍប្រទេសឡើយ។ កម្ពុជាមានភ័ព្វសំណាង ដោយយើងបានរៀបចំនូវគោលនយោបាយអាទិភាព អំពីជាតិសាសន៍ និងសាសនានៅក្នុងប្រទេសរបស់យើង។
លោកស្រីបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរ និងយកចិត្តទុកដាក់លើវិស័យសាសនានៅកម្ពុជា និងបានធ្វើឱ្យមាន សុខដុមនីយកម្មគ្រប់ជាតិសាសន៍ ក្នុងការរស់នៅប្រកបដោយសុខសន្តិភាព និងបើកទូលាយឱ្យមានការគោរពជំនឿសាសនា ដោយឥតប្រកាន់ពណ៌សម្បុរជាតិសាសន៍។
លោកស្រី ម៉ាន ចិន្ដា បានរំលឹកពីការគិតគូររបស់រដ្ឋាភិបាលកម្ពុជាចំពោះសហគមន៍ឥស្លាម ដូចជាកាលពីឆ្នាំ២០១៥រាជរដ្ឋាភិបាលបានបញ្ចូលគ្រូខ្មែរឥស្លាមចំនួន១៥០០នាក់ទៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជននិងកីឡា។ លើសពីនោះទៅទៀតនោះ បងប្អូនឥស្លាមមានឱកាសបម្រើការងារនៅក្នុងស្ថាប័នកំពូលៗរបស់ជាតិ, អាជ្ញាធរថ្នាក់ក្រោមជាតិ,កំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការស៊ីវិល។
ជាចុងក្រោយលោក លោកស្រីបានក្រើនរំលឹក និងលើកទឹលចិត្តដល់ក្មួយៗ ក្នុងការចាប់យកជំនាញក្នុងការសិក្សាដោយឆ្លុះបញ្ចាំងលើទេពកោសល្យរបស់ខ្លួន និងត្រូវពិនិត្យឲ្យស្របតាមតម្រូវការទីផ្សារ៕