(ព្រះវិហារ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានលើកឡើងថា វិស័យអាណាចក្រ និងពុទ្ធចក្រ មានការអភិវឌ្ឍន៍រីកចម្រើនខ្លាំង ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ការលើកឡើងបែបនេះ របស់លោកទេសរដ្ឋមន្ត្រី មាស សុភា ក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូប «អង្គធំ» កសាងអំពីស្ពាន់សុទ្ធ និងបុណ្យផ្កាប្រាក់សាមគ្គី ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពុទ្ធបរស័ទជិត ឆ្ងាយ ជាច្រើនរូបទៀត នៅវត្តប្រាសាទគោកបេង ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងកោតសរសើរដល់លោកគ្រូព្រះចៅអធិការវត្តគោកបេង និងជាព្រះមេគណខេត្តព្រះវិហារ ដែលបានដឹកនាំវិស័យព្រះពុទ្ធសាសនា នៅក្នុងខេត្តមានការរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកព្រះពុទ្ធសាសនា ជាសានារបស់ជាតិ។
លោកថា ទោះបីជាកន្លងមកយើងមានការលំបាក ដោយសារប៉ះពាល់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ពិតមែន តែការកសាងទាំងផ្នែកអាណាចក្រនិងពុទ្ធចក្រ នៅតែដំណើរការជាធម្មតា។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងទៀតថា ផ្នែកអាណាចក្រក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល មានការរីកចម្រើនខ្លាំង ដែលកត្តានេះ ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព មានស្ថេរភាពនយោបាយ មានសន្តិសុខសាធារណៈល្អ យើងបានធ្វើសមាហរណកម្មជាមួយអន្តរជាតិ ផ្នែកសេដ្ឋកិច្ចយើងមានការរីកចម្រើន។លោកបន្តថាបើផ្នែកអាណាចក្រគ្មានការរីកចម្រើនទេ ផ្នែកពុទ្ធចក្រក៏គ្មានការរីកចម្រើនដែរ ហើយផ្នែកពុទ្ធចក្រ ក៏បានជួយផ្នែកអាណាចក្រដែរ ដូចជាជួយផ្នែកអប់រំ ផ្នែកមនុស្សធម៍ ផ្នែកវប្បធម៌។
លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តចូលរួមការពារសុខសន្តិភាព និងប្រឆាំងដាច់ខាតអ្នកដែលបំផ្លាញសន្តិភាព បន្តគាំទ្រការអនុវត្តន៍យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល បន្តគាំទ្រគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ។
ដោយឡែកលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងចាត់ទុកសមិទ្ធិផលនានា ដែលបាននិងកំពុងកសាងឡើងនៅក្នុងវត្តគោកបេង ជាសមិទ្ធិផលប្រវត្តិសាស្ត្រ និងជាស្នាដៃគួរជាទីទាក់ទាញទេសចរ បង្កើនកិត្យានុភាពនៃវិស័យព្រះពុទ្ធសាសនា ក្នុងខេត្តព្រះវិហាររបស់យើង ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ។
លោកក៏អំពាវនាវឲ្យប្រជាពលរដ្ឋត្រូវនាំកូនចៅ ទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវរក្សាសុខភាព អនាម័យឲ្យបានល្អ ដើម្បីជៀសផុតពីជំងឺរាតត្បាតផ្សេងៗ៕