(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន មន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស, លោកឆាយ វណ្ណា សមាជិកព្រឹទ្ធសភាជាតិ និងប្រធានផ្នែកវប្បធម៌និងសាសនានៃយុវជនគណៈបក្សថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា, លោក យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកងមាស បានអញ្ជើញជាអធិបតី ក្នុងពិធីចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងចែកអាហារស្រាយបួស និងកញ្ចប់អាហារមនុស្សធម៍ជូនប្រជាពលរដ្ឋខ្មែរ និងខ្មែរមូស្លីមចំនួន៥០០គ្រួសារ នៅស្រុកកងមាសខេត្តកំពង់ចាម ។

ពិធីនេះប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ដែលមានវត្តមានចូលរួមផងដែរ ពីសំណាក់ លោក តហើរ អ៊ូមើរ ប្រធានសមាគមប្រភពល្អកម្ពុជា និងថ្នាក់ដឹកនាំសមាគម, អភិបាលស្រុកកងមាស,សមាជិកក្រុមប្រឹក្សាស្រុក និងឃុំ, មន្ត្រីរាជការ, អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋជាច្រើន នាក់ផ្សរងទៀត ។

ស្ថិតក្នុងឱកាសនេះ លោក តហើរ អ៊ូមើរ ប្រធានសមាគមប្រភពល្អកម្ពុជា បានឲ្យដឹងថា សកម្មភាពកន្លងមករបស់សមាគមក្រោមការដឹកនាំរបស់លោក សុះ មូហាំម៉ាត់ ជាអតីតប្រធានសមាគមប្រភពល្អកម្ពុជា បានចាប់បដិសន្ធិឡើង តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ១៩៩៩ និងឆ្នាំ២០២០ដល់២០២១ បានសាងសង់មជ្ឈមណ្ឌលអប់រំ ឬសាលារៀនចាប់ ពី កម្រិតបឋមសិក្សារហូតដល់វិទ្យាល័យមានអន្តេវាសិកដ្ឋានកំពុងដំណើរការ បានចំនួន៣២កន្លែង ទូទាំងប្រទេស។

លោក តហើរ អ៊ូមើរ បានលើកថា ក្នុងនាមជាអ្នកបន្តវេនពីលោក សុះ មូហាំម៉ាត់, យើងនិងប្ដេជ្ញាចិត្តនិងកាយដើម្បីដើរតាមកន្លងមាគាគូរអាន និងសុណ្ណះដែលលោក សុះមូហាំម៉ាត់បានដើរកន្លងមក និងពាំនាំភាពអាម៉ាណះ (ស្មោះត្រង់) របស់ម្ចាស់ជំនួយមកជួនបងប្អូន ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ៥០០គ្រួសារ ។

សមាគមបានកំពុងរៀបចំកញ្ចប់អាហារស្រាយបួសផ្ទាល់ ជាមួយសប្បុរសជនគូវែតទូទាំងប្រទេសសម្រាប់ឆ្នាំ២០២២ មានចំនួន៧,៩៨៧កញ្ចប់ ស្មើនិងថវិកាចំនួន១៣,២៩១២ដុល្លារ សមាគមបានកំពុងរៀបចំកញ្ចប់អាហារស្រាយបួស ជាមួយស្ថានទូគូវែត៥៥០កញ្ចប់ ស្មើនិងថវិកា ចំនួន១,៣២០០ដុល្លារ ការរៀបចំអាហារស្រាយបួសជូនសាសនិកឥស្លាមទូទាំងប្រទេសស្មើនិងថវិកាចំនួន៣៥,៣៧១៤ដុល្លារ។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងថា ដោយសារប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបយើងទាំងអស់គ្នាមាន ការអភិវឌ្ឍន៍ទៅមុខ លើគ្រប់វិស័យ ដោយអង្គការនិងសមាគមនានា ជាដៃគូសហការគ្នា ក្នុងការអភិវឌ្ឍសហគមយើងអោយរួចផុតពីភាពក្រីក្រទៅកាន់ភាពរីកចម្រើនតទៅមុខ។

លោកក៏បានលើកឡើងថា សាសនិកឥស្លាម មានឱកាសច្រើន ក្នុងការបម្រើការងារក្នុងជួររាជរដ្ឋាភិបាលមាន ដូចជាទេសរដ្ឋមន្ដ្រីអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មានគ្រូបង្រៀន១៥០០នាក់ ក្នុងក្របខណ្ឌរដ្ឋគ្រួបង្រៀនរដ្ឋដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានឲ្យសាសនិកឥស្លាម ពិសេសនាពេលថ្មីៗនេះ សម្ដេចបានផ្ដល់ឲ្យសាសនិកឥស្លាមអាចជាអភិបាលរងខេត្ត អភិបាលរងក្រុងស្រុក បើសិនជាខេត្ត ឬស្រុកនោះមានសាសនិកឥស្លាមរស់នៅច្រើន ។

លោកបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យនៅតែបន្តអនុវត្តន៍ ៣កុំនិង៣ការពារ តាមវិធានការរបស់ក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ សូមបងប្អូនប្រជាពលរដ្ឋយើងនៅតែបន្តការគាំទ្ររាជរដ្ឋាភិបាលដែលមានការដឹកនាំពីសម្ដេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

លោកក៏បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅដល់ សមាគម និងលោក តហើរ អ៊ូមើរ ប្រធាន សមាគមប្រភពល្អកម្ពុជា ដែលបានគៀងគរសប្បុរសជន នានាអោយមកជួយដល់បងប្អូនប្រជាពលរដ្ឋយើងនិងសង្គមយើង ឲ្យបានរីកចម្រើនតទៅមុខទៀត នេះជាវប្បធម៌ចែករំលែកដល់បងប្អូនយើង លោកនៅតែបន្តគាំទ្រដល់សកម្មភាពសមាគមប្រភពល្អកម្ពុជាធ្វើមនុស្សធម៌ ក្នុងការ អភិវឌ្ឍប្រទេសជាតិយើង។

សូមជម្រាបថា អំណោយចែកជូនពលរដ្ឋចំនួន៣ភូមិរួមមាន៖ នៅភូមិពង្រ ឃុំរការគយចំនួន១០០គ្រួសារ ភូមិសាច់សូរ និងសំបូមាសខ ឃុំពាមជីកង ចំនួន៨០គ្រួសារ ភូមិអង្គរបានទី១ ឃុំអង្គរបានចំនួន១២០គ្រួសារភូមិអង្គរបាន២ និងអង្គរបាន៣ ចំនួន២០០គ្រួសារ ដែលស្ថិតនៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម ក្រោមការឧបត្ថម្ភទាំងអស់ពីសមាគមប្រភពល្អកម្ពុជា៕