(កណ្ដាល)៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកមុខកំពូល បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូល ដើម្បីត្រួតពិនិត្យលទ្ធផលការងារ ដែលសម្រេចបានក្នុងពេលកន្លងមក និងដើម្បីតាមដានការអនុវត្ត និងដាក់ចេញនូវផែនការសកម្មភាព និងកម្មវិធីការងារ ដែលត្រូវអនុវត្តបន្ត សម្រាប់ឈានឆ្ពោះទៅកាន់ជ័យជំនះ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
អង្គប្រជុំបានធ្វើការពិភាក្សាអំពីសភាពការណ៍រួម នៅក្នុងស្រុកមុខកំពូល ទាំងស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយ រួមទាំងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសសមិទ្ធផលអភិវឌ្ឍនានាដែលមូលដ្ឋាន ស្រុកមុខកំពូលសម្រេចបានលើគ្រប់វិស័យ។
អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ដែលសម្រចបាននូវលទ្ធផលល្អប្រសើរក្នុងការបម្រើប្រជាជន ជាពិសេសការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការធ្វើសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗ ដូចជាការផ្តល់ជំនួយឧបត្ថម្ភផ្សេងៗដល់បងប្អូនដែលមានការខ្វះខាតផ្នែកជីវភាព និងចាស់ជរាគ្មានទីពឹងជាដើម។
អង្គប្រជុំក៏បានធ្វើត្រួតពិនិត្យការអនុវត្តផែនការសកម្មភាព និងកម្មវិធីការងារអាទិភាពសំខាន់ៗ ដែលក្រុមការងារ និងគណបក្សស្រុក-ឃុំត្រូវអនុវត្ត ស្របតាមសេចក្តីសម្រេច និងសេចក្តីណែនាំរបស់គណៈកម្មាធិការកណ្តាល និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល។
ជាមួយគ្នានេះ លោក វង្សី វិស្សុត បានធ្វើការដាក់ចេញ និងជំរុញអនុវត្តបន្តនូវផែនការសកម្មភាព និងកម្មវិធីការងារសំខាន់ៗមួយចំនួន ចាប់ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត ដើម្បីបន្តដណ្តើមជ័យជំនះជូនគណបក្ស និងប្រជាជន ព្រមទាំងដើម្បីបន្តពង្រឹងភាពរឹងមុំា របស់គណបក្សក្នុងការដឹកនាំនៅមូលដ្ឋានតាមភូមិ-ឃុំនីមួយៗ។
ទន្ទឹមនេះ លោកបានណែនាំ ដល់ក្រុមការងារឲ្យបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៅមូលដ្ឋាន និងត្រូវពិនិត្យមើលកង្វល់ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានានៅក្នុងមូលដ្ឋាន។
នៅក្នុងកិច្ចប្រជុំនេះដែរ លោក វង្សី វិស្សុត បានណែនាំដល់មន្រ្តីគណបក្សគ្រប់លំដាប់ ត្រូវចូលរួមរក្សាការពារឲ្យបានដាច់ខាតនូវសន្តិភាព ដែល សម្តេចតេជោ ហ៊ុន សែន ជាប្រមុខនៃរាជរដ្ឋាភិបាល និងជាប្រធានគណបក្ស បានខិតខំស្វែករកយកមកជូនប្រទេសជាតិនិងប្រជាជន ដោយលំបាក។
លោកបានបន្តថា គុណតម្លៃនៃសន្តិភាព គឺគ្មានអ្វីអាចមកប្រៀបផ្ទឹមបានឡើយ ហើយឲ្យតែមានសន្តិភាព កម្ពុជានៅតែអាចទៅមុខ ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង និងភ្លឺស្វាង។ ពិតណាស់ថា ទោះបើយើងនៅមានចំណុចអវិជ្ជមានខ្លះក៏ដោយ តែនេះជារឿងធម្មតា និងទូទៅ នៅក្នុងដំណាក់កាលនៃកិច្ចដំណើរការនៃការអភិវឌ្ឍប្រទេស ហើយបញ្ហានេះកើតមានគ្រប់ប្រទេសទាំងអស់ មិនថាតែនៅកម្ពុជានោះទេ។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺការខិតខំដោះស្រាយចំណុចអវិជ្ជមានទាំងនេះ ឲ្យបានល្អ។
លោក វង្សី វិស្សុត បានណែនាំដល់មន្រ្តីគណបក្សឲ្យបន្តនៅកៀកជាប់ជិតស្និទ្ធនឹងប្រជាជន បន្តធ្វើអំពើល្អ និងខិតខំបម្រើប្រជាជន ជាពិសេសការផ្តល់សេវាសាធារណៈផ្សេងៗ ព្រមទាំងដោះស្រាយបញ្ហារបស់ប្រជាជន ដោយភាពស្មោះត្រង់ ជាពិសេសបញ្ហាទំនាស់ដីធ្លី។
លោកបានណែនាំដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តសកម្មភាពមនុស្សធម៌ និងកិច្ចការ សង្គមផ្សេងៗ ព្រមទាំងបន្តចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងត្រូវរក្សាការពារនូវទ្រព្យសម្បត្តិទាំងឡាយរបស់រដ្ឋ ដូចជាបឹងបួរជាដើម កុំឲ្យមានការរំលោភបំពាននិងកាន់់កាប់ដោយខុសច្បាប់៕