(កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាអនុប្រធានទី១ ក្រុមការងារគណបក្ស ចុះជួយខេត្តកំពង់ស្ពឺ បានជួបសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ចំនួន៥២៤ នាក់ មកពី១៥ឃុំ នៃស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកតំណាងរាស្ត្រខេត្ត គណៈកម្មការបក្សឃុំ ស្រុក និងក្រុមការងារចុះជួយស្រុកឧដុង្គ ខេត្តកំពង់ស្ពឺច្រើនរូបទៀត។

ថ្លែងក្នុងអង្គពិធីលោក ហ៊ុន ម៉ានី បានលើកឡើងថា ភ្នាក់ងារគណបក្សប្រជាជនកម្ពុជា របស់យើងមានបទពិសោធន៍ជាច្រើនលើកច្រើនសាររួចមកហើយ តែលោកសូមយកឱកាសនេះ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ដល់គណៈកម្មការបក្ស សមាជិក សមាជិកា ក៏ដូចជាភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ចំពោះការត្រៀមស្មារតី ក៏ដូចជាការត្រៀមខ្លួនគ្រប់ទិដ្ឋភាព រួមទាំងការអង្កេតបរិយាកាសសង្គមនៅមូលដ្ឋានរបស់ខ្លួន ដើម្បីការពារភាពស្របច្បាប់ នៃដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោត។

លោកបន្ដថា មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីថ្ងៃនេះ ក៏បាននាំយកនូវទិដ្ឋភាពថ្មីៗនានាដែលជាវឌ្ឍនភាពនៃដំណើរវិវត្តន៍ស្ថានការណ៍សង្គម នយោបាយ និងជាពិសេសទិដ្ឋភាពបច្ចុប្បន្នភាពផ្នែកច្បាប់ដែលអង្គពិធីអាចទាញយកជាចំណេះដឹងបន្ថែមទៀត។ ឯកឧត្តមតំណាងរាស្ត្រ ក៏បានបន្ថែមផងដែរថា «គណបក្សប្រជាជនកម្ពុជាធ្វើជាមួយគ្នា ស្រុះដៃគ្នា ហត់នឿយជាមួយគ្នាដើម្បីដោះស្រាយបញ្ហាជូនប្រជាជន ទើបបានជាយើងបានឈ្នះទាំងអស់គ្នា»។

សូមបញ្ជាក់ផងដែរថា ក្រៅពីការធ្វើរបាយការណ៍ពីស្ថានភាពទូទៅនៃកិច្ចការងារគណបក្សសម្រាប់ស្រុកឧដុង្គ ពិធីសំណេះសំណាលនារសៀលនេះ ក៏មានការបញ្ចូលបន្ថែមនូវបទបង្ហាញអំពីចំណុចសំខាន់ៗនៃទិដ្ឋភាពច្បាប់ បទបញ្ជា និងនីតិវិធី មកចែករំលែកជូនដល់អ្នកចូលរួម ទាំងអស់ដើម្បីជាពុទ្ធិបន្ថែមសម្រាប់ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ ក្នុងពេលខាងមុខនេះផងដែរ៕