(កំពង់ស្ពឺ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បានដឹកនាំការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធាបបទ «រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗ ឈានទៅកាត់បន្ថយបន្ទុកជំងឹគ្រុនចាញ់សកល ដើម្បីលើកកម្ពស់សុខមាលភាព»។
ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ខាងលើនេះបានធ្វើឡើងនៅបរិវេណវត្តចំបក់ក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត លី អៃឡែន នាយកអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេសសុខាភិបាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋាន មកពីក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និងអន្តរក្រសួង-ស្ថាប័ន ព្រមទាំងលោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រធានមន្ទីរសុខាភិបាលខេត្ត មន្ទីរចំណុះសាលាខេត្ត កងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រមទាំងអង្គការដៃគូសុខាភិបាលពាក់ព័ន្ធ ដូចជា UNOPS CRS, CHAI, PSM/USAID, PMI/USAID បានចូលរួមសរុបជាង៥៨០នាក់។
ក្នុងពិធីនេះ លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកល ដើម្បីលើកកម្ពស់សុខុមាលភាព» ដែលមានខ្លឹមសារដើមសំខាន់ៗ៖
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរជាមួយពិភពលោកទាំងមូល ចំពោះការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ ក្នុងគោលបំណងរំលឹក និងបង្ហាញឱ្យឃើញនូវក្តីរំពឹងរបស់រាជរដ្ឋាភិបាល ព្រមទាំងសាធារណជនគ្រប់រូបដែលកំពុងខិតខំប្រឹងប្រែងរួមគ្នាឈានទៅសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់ក្នុងប្រទេស ក៏ដូចជាមហាអនុតំបន់ទន្លេមេគង្គ និងពិភពលោកទាំងមូល។
* សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ដែលបាននិងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងផ្លាស់ប្តូរផ្នត់គំនិតថ្មីៗ និងទម្លាប់ជាទូទៅឱ្យកាន់តែបានទូលំទូលាយ និងមានប្រសិទ្ធភាពបន្ថែមទៀតនៅទូទាំងប្រទេស ពិសេសក្នុងភូមិសាស្រ្តព្រៃភ្នំប្រឈមការចម្លងជំងឺគ្រុនចាញ់ខ្ពស់ ដើម្បីឈានទៅគ្មានការចម្លងជំងឺគ្រុនចាញ់ និងគ្មានករណីឈឺដោយសារជំងឺគ្រុនចាញ់ ព្រោះថាពេលនេះជាឱកាសដ៏អំណោយផលរបស់ប្រទេសកម្ពុជាក្នុងបទពិសោធន៍ និងមេរៀនដ៏មានសក្តានុពលដែលសាធារណជនទាំងមូលកំពុងសម្រេចបានជោគជ័យយ៉ាងធំធេងមួយថ្មីទៀតលើការងារគ្រប់គ្រងជំងឺកូវីដ-១៩ តាមរយៈសកម្មភាពសហគមន៍ចូលរួមរស់នៅបែបគន្លងថ្មីក្រោមទស្សនទានថ្មីៗ ដើម្បីធានាបាននូវអ្នកឆ្លងតិច គ្មានអ្នកស្លាប់ និងពុំមានការឆ្លងទ្រង់ទ្រាយធំក្នុងសហគមន៍ព្រមទាំងប្រសិទ្ធភាពនៃការគ្របដណ្តប់វ៉ាក់សាំងកូវីដ-១៩។ ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់ ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។
* សម្តេចតេជោនាយករដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថាភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងជួររាជរដ្ឋាភិបាល វិស័យឯកជន អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សប្បុរសជន ព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់នឹងបន្តរួមចំណែកចូលរួមសហការគ្នាជាប្រព័ន្ធតួអង្គតែមួយ គាំទ្រដល់ការសម្រេចនូវបេសកកម្មលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យមានប្រសិទ្ធភាព ក្នុងបុព្វហេតុរួមចំណែកជំរុញកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនឆ្ពោះទៅគោលដៅនៃចក្ខុវិស័យកម្ពុជា២០៣០ និង២០៥០។
លោក វី សំណាង ក៏បានបញ្ជាក់ហើយថា ស្ថានភាពគ្រុនចាញ់នាប៉ុន្មានឆ្នាំចុងក្រោយនេះបានថយចុះគួរឱ្យកត់សម្គាល់ក្នុងរង្វង់ ៥៥% រៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៩មក ក្នុងនោះត្រីមាសទី១ ឆ្នាំ២០២២នេះ និន្នាការគ្រុនចាញ់មានការថយចុះ ៤៦% ពីឆ្នាំ២០២១ ដល់ត្រីមាសទី១ ឆ្នាំ២០២២នេះ ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ស្ពឺពិនិត្យឃើញថា ស្ថានភាពជំងឺគ្រុនចាញ់នៅទូទាំងខេត្តមានអត្រាថយចុះជាលំដាប់គួរឱ្យកត់សម្គាល់ ហើយរដ្ឋបាលខេត្តសង្ឃឹមនិងប្តេជ្ញាចិត្តខិតខំលុបបំបាត់ករណីឈឺដោយសារជំងឺគ្រុនចាញ់ឱ្យឈានដល់កម្រិតសូន្យនាពេលដ៏ខ្លីខាងមុខ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍សហសវត្សរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនេះផងដែរ លោកស្រីវេជ្ជបណ្ឌិត លី អៃឡែន នាយកអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាការសម្រេចលទ្ធផលពិសេសមួយក្នុងរយៈពេល៣ឆ្នាំចុងក្រោយ គឺ១៨០អង្សា ដែលបន្ថយជំងឺគ្រុនចាញ់ពី៦៦,០០០នាក់ នៅឆ្នាំ២០១៨ មកនៅ៤,៣២៩នាក់ នាឆ្នាំ២០២១ អង្គការសុខភាពពិភពលោកបានពន្លឿនយ៉ាងខ្លាំងក្លាក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ដែលលទ្ធផលទាំងនេះគឺដោយសារប្រទេសកម្ពុជាបានអនុវត្តនូវយុទ្ធសាស្រ្តថ្មី ដូចជា កម្មវិធីជំហានចុងក្រោយចុងក្រោយ (Last mile) ដោយមានអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ជាអ្នកអនុវត្តការងារជួរមុខដ៏មានប្រសិទ្ធភាពក្នុងភូមិដែលមានការចម្លងនៅខ្ពស់ និងនៅក្នុងភូមិ។ ដើម្បីឈានទៅទទួលបាននូវវិញ្ញាបណ្ណបត្រគ្មានជំងឺគ្រុនចាញ់សម្រាប់ប្រទេស គួរតែចាប់ផ្តើមកត់ត្រានូវសកម្មភាពការងារវាយតម្លៃនូវខេត្ត-ស្រុកដែលគ្មានជំងឺគ្រុនចាញ់កន្លងមក ខេត្ត-ស្រុកដែលសម្រេចបានសូន្យករណីជំងឺគ្រុនចាញ់ ត្រូវរកវិធីបង្ការការវិលត្រឡប់នៃជំងឺគ្រុនចាញ់ និងចុងក្រោយសូមបង្កើត និងពង្រីកការតាមដានប្រសិទ្ធភាពថ្នាំនៃជំងឺគ្រុនចាញ់។
ក្នុងនោះដែរ លោកវេជ្ជបណ្ឌិត មុហាម៉ាត់ ហ្វារូក តំណាងអង្គការ UNOPS ប្រចាំប្រទេសកម្ពុជា បានកោតសរសើរចំពោះការដឹកនាំរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូ ក៏ដូចជាម្ចាស់ជំនួយ ទោះបីជាក្នុងបរិបទកូវីដ១៩ និងខិតខំស្វែងរកនូវយុទ្ធសាស្ត្រថ្មី ដើម្បីឆ្ពោះទៅរកការពន្លឿនវឌ្ឍនភាព ដែលនឹងឈានទៅដល់ការលុបបំបាត់ជំងឺគ្រុនចាញ់នាពេលខាងមុខ៕