(ព្រះសីហនុ)៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងក្រុមគ្រួសារសពមហាឧបាសិកា តាន់ រ៉ាយ បានប្រារព្ធពិធីបុណ្យបញ្ចុះសពមហាឧបាសិកា តាន់ រ៉ាយ ដែលបានមរណកាលក្នុងជន្មាយុ៩០ឆ្នាំ ដោយរោគាពាធ។

ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្រ្តីស្តីទីដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំពីស្ថាប័ននីតិបញ្ញត្តិ និតិប្រតិបត្តិ តុលាការ រដ្ឋបាលថ្នាក់ក្រោមជាតិ និងឧកញ៉ា អ្នកឧកញ៉ា។

តាមវិយោគកថា អានដោយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងថា មហាឧបាសិកា តាន់ រ៉ាយ គឺជាពុទ្ធសាសនុបត្ថម្ភមួយរូប គោរពប្រតិបត្តិ នូវពុទ្ធឱវាទព្រះបរមគ្រូជាម្ចាស់ និងបានចំណាយទ្រព្យធនផ្ទាល់ខ្លួន ដើម្បីធ្វើបុណ្យសន្សំកុសល តម្កល់ទុកជាស្រែបុណ្យ នៅតាមវត្តអារាមនានា និងទីកន្លែងសាធារណៈផ្សេងៗជាច្រើន។

លោក កៅ ខុនដារ៉ា តំណាងគ្រួសារសពមហាឧបាសិកាតាន់ រ៉ាយ បានថ្លែងអំណរគុណដល់សម្តេច ឯកឧត្ដម លោកជំទាវ ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ដែលបានចូលរួមពិធីបុណ្យបញ្ចុះសពមហាឧបាសិកាតាន់ រ៉ាយ ដែលបានមរណកាល ក្នុងជន្មាយុ៩០ឆ្នាំ ដោយរោគាពាធ និងសូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយស អ្នកចូលរួមទាំងអស់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕