(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្ញើសារលិខិតរំលែកមរណទុក្ខ មន្រ្តីនគរបាលខេត្តកណ្តាល២រូប ដែលស្លាប់នៅក្នុងប្រតិបត្តិការ បង្ក្រាបមុខសញ្ញាគ្រឿងញៀន នៅស្រុកអង្គស្នូល។ នេះបើតាមសារលិខិតរំលែកមរណទុក្ខ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

ក្នុងសារលិខិតរំលែកមរណទុក្ខ ចំនួន២សន្លឹក បានសរសេរយ៉ាងដូច្នេះថា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ មានក្តីរន្ធត់ក្នុងចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា លោកវរសេនីយ៍ត្រី ជុច សុភា អាយុ៥០ឆ្នាំ ឋានៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេច នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងលោកអនុសេនីយ៍ទោ រឹម សុផាន់ណា អាយុ២៣ឆ្នាំ ឋានៈមន្ដ្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានពលីជីវិត កាលពីរសៀលថ្ងៃព្រហស្បតិ៍ ០៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន។

មរណភាពរបស់ លោកវរសេនីយ៍ត្រី ជុច សុភា និងលោកអនុសេនីយ៍ទោ រឹម សុផាន់ណា គឺជាការបាត់បង់នូវកូនស្វាមី និងឪពុកជាទីស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាការបាត់បង់នូវមន្ត្រីនគរបាលជាតិដ៏អង់អាចក្លាហាន ដែលជានិច្ចកាល បានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន រហូតលះបង់អាយុជីវិតប្រកបដោយកិត្តិយស ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ពលិកម្មរបស់លោកវរសេនីយ៍ត្រី ជុច សុភា និងលោកអនុសេនីយ៍ទោ រឹម សុផាន់ណា គឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងទទួលបាននូវការគោរពកោតសរសើរ ស្ញប់ស្ញែងពីថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរផងដែរ។

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមសម្តែងនូវសមានចិត្តក្រៀមក្រំ ចូលរួមរំលែកមរណទុក្ខដោយក្តីសោកស្តាយ សូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ត្រី ជុច សុភា និងលោកអនុសេនីយ៍ទោ រឹម សុផាន់ណា សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិ ក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕